ខ្ញុំច្រើនតែងជួបបញ្ហាជាប់គាំង ក្នុងដំណើរនៃការងាររបស់ខ្ញុំ ដូចនេះ ការអ្វីដែលបង្វែរអារម្មណ៍របស់ខ្ញុំ ឲ្យឃ្លាតឆ្ងាយពីការងារប្រចាំថ្ងៃ និងផែនការរបស់ខ្ញុំ អាចជាការរំខានខ្លាំងណាស់។ ដែលកាន់តែអាក្រក់ជាងនេះទៀតនោះ គឺជួនកាល ការបង្វែរអារម្មណ៍ក្នុងជីវិតយើង ធ្វើឲ្យយើងមានការថប់បារម្ភ និងឈឺចាប់ណាស់។ ប៉ុន្តែ ព្រះទ្រង់មានបន្ទូលថា “គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ”(អេសាយ ៥៥:៨)។ បានសេចក្តីថា ព្រះទ្រង់ជ្រាបថា ជាញឹកញាប់ ទ្រង់ចាំបាច់ត្រូវបង្វែរអារម្មណ៍របស់យើង ដើម្បីឲ្យជីវិតយើងកាន់តែមានន័យ ជាងពេលដែលយើងជាប់គាំង នៅក្នុងផែនការដំបូងរបស់យើង។
សូមយើងគិតអំពីលោកយ៉ូសែបចុះ។ ព្រះបានបង្វែរគាត់ ឲ្យទៅនគរអេស៊ីព្ទ ដើម្បីរៀបចំគាត់ សម្រាប់ការជួយសង្រ្គោះរាស្រ្តជ្រើសតាំងរបស់ព្រះ ឲ្យរួចពីការស្លាប់ដោយគ្រោះទុរភិក្ស។ ចំណែកឯលោកម៉ូសេវិញ ព្រះទ្រង់បានបង្វែរអារម្មណ៍គាត់ ឲ្យចេញពីការរស់នៅដ៏ហ៊ឺហារ ក្នុងរាជវាំងស្តេចផារ៉ោន ឲ្យទៅវាលរហោស្ថាន ដើម្បីត្រៀមខ្លួនដឹកនាំរាស្រ្តរបស់ព្រះ ទៅកាន់ទឹកដីសន្យា។ ទន្ទឹមនឹងនោះ យើងក៏អាចពិចារណាអំពីលោកយ៉ូសែប និងនាងម៉ារា ដែលត្រូវបានទេវតាប្រកាស់ប្រាប់ អំពីព្រះរាជសារដែលជាការបង្វែរអារម្មណ៍ដ៏សំខាន់បំផុតថា នាងម៉ារានឹងប្រសូតបុត្រា១ ដែលត្រូវថ្វាយព្រះនាមថា “យេស៊ូវ” ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។ លោកយ៉ូសែបបានជឿជាក់លើគោលបំណងដែលធំជាង ដែលព្រះមានចំពោះគាត់ បានជាគាត់ចុះចូលនឹងការបង្វែរអារម្មណ៍នោះ ហើយក៏បានស្តាប់បង្គាប់ព្រះ ដោយថ្វាយព្រះនាមថា “យេស៊ូវ”(ខ.២៥)។ ការនេះបានធ្វើឲ្យរឿងដែលកើតឡើងជាបន្តបន្ទាប់ទៀត ក្លាយជាប្រវត្តិសាស្រ្តដ៏អស្ចារ្យ!
យើងអាចទុកចិត្តលើផែនការរបស់ព្រះ ដែលអស្ចារ្យជាងផែនការយើង ខណៈពេលដែលទ្រង់ធ្វើការ ដែលកាន់តែប្រសើរជាង ក្នុងទំព័រប្រវត្តិសាស្រ្តនៃជីវិតយើង។–Joe Stowell