ទង្វើរដែលមនុស្សម្នាក់បានធ្វើ អាចនាំឲ្យមានផលប៉ះពាល់ដល់ក្រុមរបស់គាត់ទាំងមូលបាន។ មានអ្នកកាសែតម្នាក់ ឈ្មោះ សេបាស្ទៀន ជុនហ្គ័រ(Sebastian Junger) បានដឹងច្បាស់ថា នេះជារឿងពិតមែន នៅពេលដែលគាត់ រួមដំណើរជាមួយទាហានមួយកងពលតូច ដើម្បីយកពត៌មានក្នុងសមរភូមិ។ កាលនោះ លោកជុនហ្គ័របានឃើញទាហានម្នាក់បានមកស្តីបន្ទោសឲ្យទាហានម្នាក់ទៀត ដែលខ្សែស្បែកជើងរបស់ខ្លួនបានរបូតរាយលើដី។ ការស្តីបន្ទោសនោះ មិនមែនដោយសារទាហានម្នាក់នោះ មានបញ្ហាស្លៀកពាក់នោះឡើយ ប៉ុន្តែ គឺដោយសារការរបូតខ្សែស្បែកជើងនោះ អាចធ្វើឲ្យកងពលតូចទាំងមូលមានគ្រោះថ្នាក់បាន ជាពិសេសនៅពេលដែលខ្សែស្បែកជើងនោះ ធ្វើឲ្យគាត់ទាក់ជើងដួល នៅពេលដ៏សំខាន់ណាមួយ។
លោកជុនហ្គ័ក៏បានដឹងថា ការអ្វីមួយដែលបានកើតឡើងចំពោះមនុស្សម្នាក់ អាចមានផលប៉ះពាល់ដល់មនុស្សរាល់គ្នានៅក្នុងក្រុមបាន។ ព្រះគម្ពីរក៏បានចែងផងដែរ អំពីការដែលលោកអេកាន ធ្វើឲ្យមានគ្រោះថ្នាក់ដល់ជនជាតិអ៊ីស្រាអែលទាំងមូល ដែលរឿងនេះបានបង្រៀនយើងថា អំពើបាបរបស់មនុស្សម្នាក់ មិនគ្រាន់តែមានផលប៉ះពាល់មកលើមនុស្សតែម្នាក់ប៉ុណ្ណោះឡើយ។ បន្ទាប់ពីពួកអ៊ីស្រាអែលទទួលបានជ័យជម្នះនៅក្រុងយេរីខូ ព្រះបានចេញសេចក្តីបង្គាប់ដ៏ជាក់លាក់ អំពីដំណោះស្រាយ សម្រាប់ទីក្រុង និងរបឹបដែលយកបានពីក្រុងនោះ(យ៉ូស្វេ ៦:១៨)។ ពួកបណ្តាជន “ត្រូវប្រយ័ត្នតែនឹងរបស់ដែលសម្រាប់បំផ្លាញ” ហើយត្រូវប្រមូលមាស និងប្រាក់ចូលទៅក្នុងឃ្លាំងនៃព្រះយេហូវ៉ា (ខ.១៨-១៩)។ តែពួកគេមិនបានស្តាប់បង្គាប់ តាមសេចក្តីបង្គាប់របស់ទ្រង់ទេ(៧:១)។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងរឿងនេះ គឺជនជាតិអ៊ីស្រាអែលមិនបានប្រព្រឹត្តអំពើបាបនោះទាំងអស់គ្នាឡើយ តែមានតែលោកអេកានទេដែលបានប្រព្រឹត្តនោះ។ តែដោយសារទង្វើរបស់គាត់ បណ្តាជនទាំងអស់គ្នាបានទទួលផលប៉ះពាល់ ហើយក៏បានបង្អាប់ដល់ព្រះនាមព្រះ។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងមានការរួបរួមជាក្រុមមួយ ហើយទង្វើរបស់បុគ្គលម្នាក់អាចជះផលអាក្រក់មកលើ រូបកាយទាំងមូល និងមកលើព្រះនាមព្រះ។ ដូចនេះ សូមយើង “ចងខ្សែស្បែកជើងយើង” ឲ្យបានល្អ ដើម្បីឲ្យយើងម្នាក់ៗ និងយើងទាំងអស់គ្នា បានថ្វាយព្រះកិត្តិនាម ដែលទ្រង់សក្តិសមនឹងទទួល។–Marvin Williams