ខ្ញុំយល់ថា អាហារមិនគ្រាន់តែសម្រាប់បំពេញសេចក្តីត្រូវការរបស់យើងប៉ុណ្ណោះឡើយ តែក៏ជាផ្នែកមួយនៃជីវិត ដែលអាចឲ្យយើងអរសប្បាយ យ៉ាងអស្ចារ្យ! ខ្ញុំចូលចិត្តអង្គុយ នៅកន្លែងដែលគេបានរៀបអាហារយ៉ាងរៀបរយ ជាពិសេស នៅពេលដែលខ្ញុំឃ្លាន។ ពេលនោះខ្ញុំស្រមៃឃើញថា ពួកសាវ័កកំពុងឃ្លានអាហារថ្ងៃត្រង់ ពេលដែលពួកគេត្រឡប់មករកព្រះយេស៊ូវ នៅកន្លែងអណ្តូងទឹក ដែលពេលនោះ ទ្រង់កំពុងមានបន្ទូលជាមួយស្រ្តីសាសន៍សាម៉ារីម្នាក់។ ពួកគេទូលទ្រង់ថា “លោកគ្រូ អញ្ជើញពិសា”(យ៉ូហាន ៤:៣១)។ ទ្រង់បានមានបន្ទូលតបថា “ខ្ញុំមានអាហារសំរាប់ទទួលទានហើយ គឺជាអាហារដែលអ្នករាល់គ្នាមិនស្គាល់”(ខ.៣២) ដូច្នេះ ពួកសិស្សសួរគ្នាទៅវិញទៅមកថា មានអ្នកណាយកអ្វីមកជូនលោកពិសាដែរឬអី (ខ.៣៣)។
ត្រង់ចំណុចនេះ ខ្ញុំឆ្ងល់ ថាតើពួកសិស្សរវល់តែគិតអំពីអាហារពេកឬ បានជាពួកគេមិនអាចមើលឃើញអ្វីក្រៅពីការញាំអាហារ ។ ពួកគេមិនបានយល់អំពីសារសំខាន់ នៃការអ្វីដែលកំពុងកើតឡើង នៅពេលនោះឡើយ។ អ្វីដែលសំខាន់បំផុតសម្រាប់ព្រះយេស៊ូវ “គឺត្រង់ការធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យទ្រង់មក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង”(ខ.៣៤)។ ទ្រង់បានផ្តោតទៅលើសេចក្តីត្រូវការខាងវិញ្ញាណរបស់ស្រ្តីម្នាក់នេះ ព្រោះមានតែទ្រង់ទេដែលអាចបំពេញសេចក្តីត្រូវការនោះបាន។
យើងងាយនឹងរវល់តែគិតពីសេចក្តីត្រូវការ ក្នុងពេលបច្ចុប្បន្ន។ តែព្រះយេស៊ូវអញ្ជើញឲ្យយើងចេះគិត តែមិនមែនគិតតែពីប្រយោជន៍របស់យើង ដែលគ្រាន់តែដូចជាអាហារថ្ងៃត្រង់ដ៏តូចតាចនោះឡើយ តែឲ្យបើកភ្នែក មើលទៅវិញ្ញាណដែលកំពុងស្វែងរកចម្លើយ សម្រាប់សេចក្តីត្រូវការដ៏ខ្លាំងបំផុតរបស់ខ្លួន។ ដូចនេះ សូមយើងចូលរួមជាមួយព្រះយេស៊ូវ នៅកន្លែងអណ្តូងទឹកនោះ ហើយអនុញ្ញាតឲ្យទ្រង់ប្រើអ្នក ដើម្បីប្រាប់អ្នកដទៃ អំពីអាហារខាងវិញ្ញាណ ដែលមានតែទ្រង់ប៉ុណ្ណោះ ដែលអាចប្រទានអាហារនោះបាន។–Joe Stowell