ក្នុងអក្សរសាស្រ្ត មានរឿងជាច្រើន ដែលនិយាយអំពីបរាជ័យរបស់វីរបុរស ដោយសារតែភាពខ្វះចន្លោះដ៏គ្រោះថ្នាក់ នៃបុគ្គលិកលក្ខណៈរបស់គាត់។ នេះក៏ជារឿងពិត ដែលបានកើតឡើងចំពោះស្តេចអ័ម៉ាស៊ីយ៉ា ដែលជាស្តេចនៃនគរយូដា ដែលមានព្រះជន្ម១៦ឆ្នាំ។ ទ្រង់បានស្វែងរកព្រះអម្ចាស់អស់ជាច្រើនឆ្នាំ ហើយពេលនោះ ព្រះទ្រង់ក៏បានប្រទានពរ ឲ្យទ្រង់មានជ័យជម្នះ (១របាក្សត្រ ២៦:៤-៥)។ តែអ្វីៗមានការប្រែប្រួល ពេលដែល“ព្រះនាមទ្រង់លាន់ឮទួទៅឆ្ងាយ ពីព្រោះទ្រង់មានសេចក្តីជំនួយយ៉ាងអស្ចារ្យ ដរាបដល់ទ្រង់មានកំឡាំងខ្លាំង។ កាលទ្រង់មានកំឡាំងឡើងហើយ នោះព្រះទ័យទ្រង់ក៏ប៉ោងធំឡើង ត្រឡប់ជាខូចអស់ទៅ”(ខ.១៥-១៦)។
ស្តេចអាម៉ាស៊ីយ៉ា ក៏បានយាងចូលព្រះវិហារនៃព្រះអម្ចាស់ ដើម្បីដុតគ្រឿងក្រអូបនៅលើអាសនា(ខ.១៦) ដែលទង្វើនេះជាការបំពាន ដោយបើកចំហរ មកលើក្រឹត្យវិន័យនៃព្រះអម្ចាស់។ ត្រង់ចំណុចនេះ ប្រហែលមកពីសេចក្តីអំណួតបានធ្វើឲ្យទ្រង់យល់ថា ទ្រង់មិនបាច់ត្រូវកាន់តាមក្រឹត្យវិន័យរបស់ព្រះ ដូចគេរាល់គ្នាឡើយ។ ពេលដែលស្តេចអាម៉ាស៊ីយ៉ាមានព្រះទ័យក្រេវក្រោធទាស់នឹងពួកសង្ឃ ដែលបានទូលទ្រង់ថា ទង្វើរនេះមិនត្រឹមត្រូវ នោះព្រះអម្ចាស់ទ្រង់ក៏បានដាក់ទោសទ្រង់ ឲ្យកើតរោគឃ្លង់(ខ.១៨-២០)។
ពេលយើងអានរឿង ក្នុងអក្សរសាស្រ្ត និងក្នុងជីវិតពិត ជាញឹកញាប់ យើងឃើញមនុស្សដែលមានកេរ្តិ៍ឈ្មោះល្អ បែជាធ្លាក់ចេញពីការមានកិត្តយស ទៅជាមានក្តីអាម៉ាស និងទុក្ខវេទា។ គឺដូចដែលមានសេចក្តីចែងថា “ស្តេចអូសៀសទ្រង់មានរោគឃ្លង់ ដរាបដល់ថ្ងៃសុគត…ទ្រង់បានត្រូវកាត់កាល់ចេញពីព្រះវិហារព្រះយេហូវ៉ា”(ខ.២១)។
វិធីតែមួយ ដើម្បីឲ្យយើងអាចការពារកុំឲ្យទឹកដមដ៏ផ្អែមនៃការសរសើរ ក្លាយជាថ្នាំពលនៃសេចក្តីអំណួតគឺយើងត្រូវដើរតាមព្រះអម្ចាស់ ដោយចិត្តដែលបន្ទាបខ្លួន។–David McCasland