តើកិរិយ៉ារបស់មនុស្សមានការប្រែប្រួល ដោយរបៀបណា? នៅក្នុងសៀវភៅ ដែលមានចំណងជើងថា “សត្វដែលមានសង្គម” ដែលលោកដាវីឌ ប្រ៊ូក(David Brooks) បាននិពន្ធ គាត់បានកត់សំគាល់ឃើញថា អ្នកជំនាញមួយចំនួន បានមានប្រសាសន៍ថា មនុស្សយើងគ្រាន់តែត្រូវការការបង្រៀន អំពីគ្រោះថ្នាក់ក្នុងរយៈពេលវែង ដែលនឹងកើតឡើងពីអាកប្បកិរិយ៉ាអាក្រក់។ ឧទាហរណ៍ “ការជក់បារីអាចនាំឲ្យកើតជម្ងឺមហារីក។ ការផឹតក្បត់បំផ្លាញគ្រួសារ ហើយការកុហក់បំផ្លាញការទុកចិត្ត។ ដូចនេះ យើងអាចសន្និដ្ឋានបានថា ពេលដែលយើងរំឭកអ្នកដទៃ ឲ្យភ្ញាក់ដឹងខ្លួនពីភាពល្ងង់ខ្លៅ នៃអាកប្បកិរិយ៉ារបស់ពួកគេ នោះពួកគេអាចមានចិត្តចង់ឈប់ធ្វើការទាំងនោះ។ គេយល់ថា ហេតុផល និងបំណងចិត្តរបស់មនុស្ស គឺជាកត្តាដ៏សំខាន់ នៅក្នុងការធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងដើម្បីគ្រប់គ្រងខ្លួនឯង។ ប៉ុន្តែ ទ្រឹស្តីទាំងនេះ សុទ្ធតែមិនអាចបង្ហាញថា មានប្រសិទ្ធិភាព”។ និយាយរួម បើយើងគ្រាន់តែប្រាប់ពត៌មាន ដើម្បីឲ្យពួកគេភ្ញាក់ខ្លួន នោះមិនទាន់គ្រប់គ្រាន់ល្មមនឹងអាចកែប្រែអាកប្បកិរិយ៉ារបស់មនុស្សបានឡើយ។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងចង់មានការលូតលាស់ និងការផ្លាស់ប្រែខាងវិញ្ញាណ។ កាលពីជាង២ពាន់ឆ្នាំមុន ព្រះយេស៊ូវបានប្រាប់សិស្សទ្រង់ ពីរបៀបដែលយើងអាចមានការលូតលាស់ និងផ្លាស់ប្រែខាងវិញ្ញាណ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ”(យ៉ូហាន ១៥:៤)។ ព្រះយេស៊ូវជាដើមទំពាំងបាយជូរ ហើយយើងដែលជាអ្នកដើរតាមទ្រង់ ជាខ្នែង។ បើសិនជាយើងមានចិត្តស្មោះត្រង់មែន នោះយើងមុខជាទទួលស្គាល់ថា យើងមិនអាចជួយខ្លួនឯងបានឡើយ ហើយក៏គ្មានប្រសិទ្ធិភាពខាងវិញ្ញាណដែរ ពេលដែលយើងដាច់ចេញពីទ្រង់។
ព្រះយេស៊ូវបានធ្វើឲ្យយើងផ្លាស់ប្រែខាងវិញ្ញាណ ហើយជួយឲ្យយើងមានលក្ខណៈដូចទ្រង់ កាលណាយើងនៅជាប់នឹងទ្រង់។–Marvin Wiliams