ខ្ញុំមានការលើកទឹកចិត្តយ៉ាងខ្លាំង ពេលបានស្តាប់អ្នកស្រីយូនិស មែកហ្ការ៉ាហាន(Eunice McGarranhan) មានប្រសាសន៍អំពីភាពជាអ្នកដឹកនាំនៃគ្រីស្ទបរិស័ទ យ៉ាងដូចនេះថា “សំលៀកបំពាក់សម្រាប់ពាក់សម្តែងរឿង គឺសម្រាប់ឲ្យយើងពាក់ដើរតួរសម្តែងជាតួរអង្គណាមួយ ដែលមិនមែនជាធាតុពិតរបស់យើង តែចំណែកឯឯកសណ្ឋានវិញ គឺរំឭកយើងថា យើងកំពុងមានតួនាទីអ្វី”។ ប្រសាសន៍របស់គាត់ ត្រង់ចំណុចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីថ្ងៃទីមួយ ដែលខ្ញុំចូលហ្វឹកហាត់ ក្នុងថ្នាក់មូលដ្ឋាន ក្នុងជួរទ័ពសហរដ្ឋអាមេរិក ដែលពេលនោះ គេបានឲ្យប្រអប់យើងម្នាក់មួយៗ ហើយបានបញ្ជាយើង ឲ្យដាក់ខោអាវស៊ីវិលចូលក្នុងប្រអប់នោះ។ បន្ទាប់មក គេក៏បានផ្ញើប្រអប់នោះ ទៅផ្ទះយើង។ ចាប់តាំងពីថ្ងៃនោះមក យើងបានពាក់ឯកសណ្ឋានយោធារាល់ថ្ងៃ ដែលឯកសណ្ឋាននោះបានរំឭកយើងថា យើងកំពុងស្ថិតនៅក្នុងវគ្គហ្វឹកហាត់កងទ័ព ដែលគេបានរៀបចំមកដើម្បីកែប្រែអាកប្បកិរិយ៉ា និងសកម្មភាពរបស់យើង ។
យ៉ាងណាមិញ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅក្រុងរ៉ូមថា “យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ” (រ៉ូម ១៣:១២)។ ហើយគាត់មានប្រសាសន៍ទៀតថា “គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ”(ខ.១៤)។ គោលដៅនៃការ “ដោះចោលសេចក្តីងងឹត” ហើយ “ពាក់គ្រឿងសឹករបស់ពន្លឺ” គឺដើម្បីឲ្យយើងមានអត្តសញ្ញាណថ្មី ដោយរស់នៅដោយមានការផ្លាស់ប្រែ(ខ.១៣)។
កាលណាយើងសម្រេចចិត្តដើរតាមព្រះគ្រីស្ទ ជាព្រះអម្ចាស់ នោះព្រះអង្គក៏ចាប់ផ្តើមធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះអង្គ ជារៀងរាល់ថ្ងៃ។ ដូចនេះ យើងមិនចាំបាច់ត្រូវធ្វើខ្លួន ឲ្យដូចអ្នកដទៃឡើយ តែដែលសំខាន់នោះ គឺយើងត្រូវផ្លាស់ប្រែឲ្យកាន់តែដូចព្រះយេស៊ូវ។—David McCasland