ចាប់តាំងពីឆ្នាំ១៩៧៥មក ខ្ញុំមិនដែលបានធ្វើការប្តេជ្ញាចិត្តជាថ្មី សម្រាប់ឆ្នាំថ្មីឡើយ។ ខ្ញុំមិនត្រូវការការប្តេជ្ញាចិត្តជាថ្មីទេ ព្រោះខ្ញុំនៅតែបន្តធ្វើតាមការប្តេជ្ញាចិត្តចាស់ ដែលត្រូវសរសេរកំណត់ហេតុខ្លីៗ យ៉ាងហោចណាស់ឲ្យបានមួយ ជារៀងរាល់ថ្ងៃ ត្រូវខិតខំអានព្រះគម្ពីរ និងអធិស្ឋានឲ្យបានច្រើន ក្នុងថ្ងៃនីមួយៗ ត្រូវរៀបចំពេលវេលា ត្រូវធ្វើឲ្យបន្ទប់របស់ខ្ញុំស្អាតជានិច្ច(មុនពេលខ្ញុំសម្អាតផ្ទះទាំងមូល)។
ទោះជាយ៉ាងណាក៏ដោយ ឆ្នាំនេះ ខ្ញុំបានបន្ថែមការប្តេជ្ញាចិត្តថ្មីមួយទៀត ដែលខ្ញុំបានរកឃើញ ក្នុងសំបុត្រ ដែលសាវ័កប៉ុលបានសរសេរទៅកាន់ពួកជំនុំ នៅទីក្រុងរ៉ូមថា “កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ”(រ៉ូម ១៤:១៣)។ ទោះជាគេបានប្រើការប្តេជ្ញាចិត្តមួយនេះ តាំងពីយូរណាស់មកហើយក៏ដោយ(ប្រហែល២ពាន់ឆ្នាំមកហើយ)ក៏យើងគួរតែមានការប្តេជ្ញាចិត្តមួយនេះ ជាថ្មីឡើងវិញ ជារៀងរាល់ពេលដែលឆ្នាំថ្មីមកដល់។ សព្វថ្ងៃនេះ មានគ្រីស្ទបរិស័ទខ្លះបានបង្កើតក្បួនច្បាប់ សម្រាប់ឲ្យអ្នកដទៃអនុវត្តតាម ហើយជំរុញឲ្យគេមានការប្រព្រឹត្ត ឬជំនឿបែបណាមួយដែលមិនមានចែង ឬមានចែងតែបន្តិចបន្តួចក្នុងព្រះគម្ពីរ គឺមិនខុសពីអ្នកជឿព្រះខ្លះ ក្នុងពួកជំនុំ នៅទីក្រុងរ៉ូម កាលពីសម័យមុនឡើយ។ “ថ្មដែលធ្វើឲ្យជំពប់ដួល”នេះ បានបណ្តាលឲ្យអ្នកដើរតាមព្រះយេស៊ូវ មានការពិបាក នៅក្នុងការដើមតាមផ្លូវនៃសេចក្តីជំនឿ ដែលព្រះអង្គបានយាងមកប្រទានឲ្យយើងដឹងថា យើងបានទទួលសេចក្តីសង្រ្គោះ ដោយសារព្រះគុណព្រះ មិនមែនដោយសារការប្រព្រឹត្តល្អឡើយ(កាឡាទី ២:១៦)។ យើងត្រូវជឿថា ព្រះអង្គបានសុគត់ ហើយមានព្រះជន្មឡើងវិញ ដើម្បីលួសយើងឲ្យរួចពីបាប។
យើងអាចអបអរសារទរ ចំពោះដំណឹងល្អនៃព្រះគ្រីស្ទ ក្នុងឆ្នាំថ្មី ដោយប្តេជ្ញាចិត្តថា យើងនឹងមិនធ្វើជាថ្ម ដែលនាំឲ្យអ្នកដទៃជំពប់ដួលឡើយ។-Julie Ackerman Link