ពេលដែលគេសួរព្រះយេស៊ូវថា មានក្រឹត្យវិន័យមួយណាដែលសំខាន់ជាងគេ ព្រះយេស៊ូវក៏បានមានបន្ទូលឆ្លើយថា បញ្ញត្តិដែលសំខាន់ជាងគេនោះគឺ “ឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង”(ម៉ាកុស ១២:៣០)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវបានបូកសរុប នូវការអ្វីដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើបំផុត។
ខ្ញុំឆ្ងល់ថា យើងអាចរៀនស្រឡាញ់ព្រះ អស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិត ដោយរបៀបណា? យ៉ាងណាមិញ លោកនៀល ផ្លានទីនហ្គា(Neal Plantinga) បានកត់សំគាល់ឃើញ ភាពខុសប្លែកដ៏សំខាន់ នៃក្រឹត្យវិន័យមួយនេះ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ បទគម្ពីរនិក្ខមនំ បានបង្គាប់យើង ឲ្យស្រឡាញ់ព្រះ ឲ្យអស់ពីចិត្ត អស់ពីវិញ្ញាណ និងអស់ពីកម្លាំងរបស់យើង(៦:៥)។ តែក្នុងគ្រាសញ្ញាថ្មី ព្រះយេស៊ូវបានមានបន្ទូលថា យើងក៏ត្រូវស្រឡាញ់ព្រះអង្គ អស់ពីគំនិតផងដែរ។ បានសេចក្តីថា “យើងត្រូវស្រឡាញ់ព្រះ ឲ្យអស់ពីអ្វីដែលយើងមាន ពោលគឺអស់ពីអ្វីៗទាំងអស់”។
កាលណាយើងយល់អំពីអត្ថន័យនៃក្រឹត្យវិន័យនេះ នោះទស្សនៈរបស់យើងក៏មានការផ្លាស់ប្តូរផងដែរ។ កាលណាយើងរៀនស្រឡាញ់ព្រះ ឲ្យអស់ពីអ្វីៗទាំងអស់ នោះយើងនឹងចាប់ផ្តើមដឹងថា ទុក្ខលំបាករបស់យើង គឺជា “ពន្លឺរបស់យើង និងជាបញ្ហាដែលយើងមានជាបណ្តោះអាសន្ន” គឺដូចដែលសាវ័កប៉ុលបានពិពណ៌នា អំពីទុក្ខលំបាករបស់គាត់ថា ពេលមានទុក្ខលំបាក់ គាត់តែងនឹកចាំអំពី “សិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ច”(២កូរិនថូស ៤:១៧)។
ក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះ ដែលក្នុងនោះយើងស្រឡាញ់ព្រះអង្គ អស់ពីព្រលឹងរបស់យើង ការសង្ស័យ និងទុក្ខលំបាកនៅតែមាន តែឥទ្ធិពលដែលវាមានមកលើយើង ក៏ថយចុះផងដែរ។ “យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន”(១យ៉ូហាន ៤:១៩) ហើយការសង្ស័យរបស់យើងក៏បានថមថយ ពេលដែលយើងរៀនទុកចិត្តសេចក្តីល្អរបស់ព្រះអង្គ។-Philip Yancey