ខ្ញុំស្រឡាញ់ធម្មជាតិ និងចូលចិត្តសរសើរដំកើងព្រះអាទិករដែលបានបង្កើតធម្មជាតិមក ប៉ុន្តែ មានពេលខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងបានធ្វើខុស ដោយបានស្ងើចសរសើរធម្មជាតិខ្លាំងពេក។ ពេលនោះ ខ្ញុំក៏បាននឹកចាំថា ព្រះយេស៊ូវបានប្រើធម្មជាតិ ជាឧបករណ៍សម្រាប់ការបង្រៀនរបស់ព្រះអង្គ។ ព្រះអង្គបានបង្រៀនមនុស្សកុំឲ្យមានការព្រួយបារម្ភ ដោយប្រើផ្កាជាឧទាហរណ៍។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ចូររំពឹងគិតអំពីផ្កាឈូកនៅក្នុងបឹង” ហើយព្រះអង្គបានរំឭកបណ្តាលជនថា ទោះបីជាផ្កាមិនបានធ្វើការត្បាញរវៃទាល់តែសោះ តែព្រះបានដណ្តប់កាយពួកវា ដោយសម្រស់ដ៏គួរឲ្យគយគន់។ ដូចនេះ បើព្រះអង្គបានតុបតែងរុក្ខជាតិយ៉ាងប្រសើរយ៉ាងនេះហើយ តើព្រះអង្គនឹងយកព្រះទ័យទុកដាក់ចំពោះយើងខ្លាំងជាងអម្បាលម៉ាន(ម៉ាថាយ ៦:២៨-៣៤)។
ម្យ៉ាងទៀត បទគម្ពីរដទៃទៀត ក៏បានបង្ហាញផងដែរថា ព្រះបានប្រើស្នាព្រះហស្តរបស់ព្រះអង្គ ដើម្បីបង្ហាញព្រះអង្គទ្រង់ដល់យើងរាល់គ្នា គឺដូចដែលមានសេចក្តីចែងថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ”(ទំនុកដំកើង ១៩:១-២)។ ម្យ៉ាងទៀត លោកអេសាភបានមានប្រសាសន៍ផងដែរថា “នោះផ្ទៃមេឃនឹងសំដែងពីសេចក្តីសុចរិតរបស់ទ្រង់ ដ្បិតគឺព្រះហើយ ដែលជាចៅក្រម”(ទំនុកដំកើង ៥០:៦)។
ហើយសាវ័កប៉ុលក៏បានមានប្រសាសន៍ផងដែរថា “ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក”(រ៉ូម ១:២០)។
ព្រះអង្គស្រឡាញ់យើងណាស់ ហើយសព្វព្រះទ័យនឹងឲ្យយើងស្គាល់ព្រះអង្គ ដោយព្រះអង្គបានដាក់ភស្តុតាងនៅគ្រប់ទីកន្លែង ឲ្យយើងឃើញ។-Julie Ackerman Link