ថ្មីៗនេះ មិត្តភ័ក្តរបស់ខ្ញុំម្នាក់បានសម្រេចកិច្ចការមួយ ក្នុងចំណោមកិច្ចការជាច្រើន ដែលគាត់ចង់ធ្វើមុនពេលគាត់ស្លាប់។ គឺគាត់បាននាំប្អូនស្រីរបស់គាត់ទៅដើរលេងនៅទ្វីបអឺរ៉ុប។ គាត់បានធ្វើដំណើរទៅទីនោះ ជាច្រើនដងហើយ តែប្អូនស្រីគាត់មិនដែលបានទៅទេ។ ខ្ញុំស្ញើចសរសើរគាត់ ចំពោះការដែលគាត់មិនមានចិត្តអាត្មានិយម ដោយបានរាប់បញ្ចូលការនេះ ជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើន ដែលគាត់ចង់សម្រចមុនពេលគាត់លាចាកលោក។ រឿងនេះ បាននាំឲ្យខ្ញុំសួរខ្លួនឯងថា តើខ្ញុំមានក្តីស្រមៃ និងគោលដៅណាខ្លះ ដែលបានផ្តោតទៅលើប្រយោជន៍របស់អ្នកដទៃ ជាជាងគិតតែប្រយោជន៍ខ្លួនឯង។
បទគម្ពីរ រ៉ូម ១២:៦-២១ បានចែងអំពីអំណោយទានដែលព្រះប្រទានមកយើង ដែលជាអវយវៈនៃរូបកាយព្រះគ្រីស្ទ និងអំពីរបៀបដែលយើងគួរប្រើអំណោយទាំងនោះ ក្នុងការរស់នៅប្រចាំថ្ងៃ។ អំណោយទានទាំងអស់នោះ សុទ្ធតែផ្តោតទៅខាងក្រៅ។ ឧទាហរណ៍ ការបង្រៀនមិនមែនសម្រាប់បំពេញចិត្តគ្រូបង្រៀនទេ តែសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។ ហើយអំណោយទានដទៃទៀត ដែលមានចែងក្នុងខ.៦ ដល់ ខ.៨ ក៏សម្រាប់ប្រយោជន៍អ្នកដទៃផងដែរ។ សាវ័កប៉ុលបាននិយាយសង្ខេប អំពីការគិតពីប្រយោជន៍អ្នកដទៃ ដោយជំរុញយើង ឲ្យស្រឡាញ់គ្នាជាបងជាប្អូន ទាំងមានចិត្តប្តូរផ្តាច់ចំពោះគ្នាទៅវិញទៅមក ហើយឲ្យគោរពអ្នកដទៃឲ្យលើសខ្លួនឯង(ខ.១០)។
សាវ័កប៉ុលបានអនុវត្តតាមការបង្រៀននេះ ធ្វើជាគំរូ ដោយរាប់បញ្ចូលអ្នកដទៃក្នុងការងាររបស់គាត់ ហើយបានប្រើជីវិតគាត់ជាទន់ សម្រាប់គ្រីស្ទបរិស័ទជំនាន់ក្រោយ។ គាត់បានប្រព្រឹត្ត ដោយចិត្តសប្បុរស ដោយភាពចៅរ៉ាវ ការអត់ទោស និងការអាណិត ដល់អ្នកដទៃ។
ដូចនេះ គោលដៅ ក្នុងការរស់នៅរបស់យើង គួរតែរាប់បញ្ចូលការប្រើអំណោយទានដែលព្រះប្រទាន សម្រាប់ជាប្រយោជន៍អ្នកដទៃ។-David McCasland