អ្នកស្រីជយស៍ ហូហ្គេត(Joyce Huggett) បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា ការស្តាប់អ្នកដទៃ។ ក្នុងសៀវភៅនេះ គាត់បានលើកឡើងអំពីសារៈសំខាន់នៃការរៀនស្តាប់ និងឆ្លើយតបយ៉ាងមានប្រសិទ្ធិភាព ទៅកាន់អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាក។ គាត់បានចែកចាយអំពីបទពិសោធន៍ដែលគាត់មាន នៅក្នុងការស្តាប់អ្នកដែលកំពុងតែមានទុក្ខលំបាក ហើយគាត់បានមានប្រសាសន៍ថា ពួកគេច្រើនតែអរគុណគាត់ សម្រាប់ការគ្រប់យ៉ាងដែលគាត់បានធ្វើសម្រាប់ពួកគេ។ ប៉ុន្តែ គាត់បានសរសេរក្នុងសៀវភៅនោះថា តាមពិត “មានពេលជាច្រើនដង ដែលខ្ញុំមិនបានធ្វើអ្វីទេ។ ខ្ញុំគ្រាន់តែស្តាប់ពួកគេនិយាយប៉ុណ្ណោះ។ ដូចនេះ គាត់ក៏បានសន្និដ្ឋានថា “ការស្តាប់អ្នកដទៃនិយាយ” ក៏អាចជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាព សម្រាប់ជួយអ្នកដែលមានទុក្ខ។
ពេលលោកយ៉ូបមានទុក្ខជាទម្ងន់ មិត្តសំឡាញ់របស់គាត់ក៏បានជួយគាត់ តាមរបៀបនេះផងដែរ។ ជាការពិតណាស់ ពួកគេបានអង្គុយនៅដី ជាមួយនឹងគាត់អស់៧យប់៧ថ្ងៃ ឥតមានអ្នកណានិយាយទៅគាត់១ម៉ាត់សោះ ដោយឃើញថា “គាត់មានសេចក្តីទុក្ខជាទម្ងន់ណាស់”(២:១៣)។ តែពេលដែលលោកយ៉ូបចាប់ផ្តើមនិយាយ ពួកគេមិនបានស្តាប់គាត់ទេ គឺគិតតែពីខំនិយាយហើយ និយាយទៀត តែនៅតែមិនបានកម្សាន្តចិត្តគាត់ទេ(១៦:២)។ បានជាគាត់ស្រែកឡើងថា “ឱបើមានអ្នកណាមួយស្តាប់ខ្ញុំទៅ!”(៣១:៣៥)
ដូចនេះ យើងត្រូវស្តាប់អ្នកដែលមានទុក្ខនិយាយ ដោយគិតក្នុងចិត្តថា “អ្វីដែលសំខាន់ចំពោះអ្នក ក៏សំខាន់ចំពោះខ្ញុំដែរ”។ ជួនកាល អ្នកដែលមានទុក្ខ ចង់បានការប្រឹក្សាយោបលពីអ្នកដទៃ។ ប៉ុន្តែ ជាញឹកញាប់ ពួកគេគ្រាន់តែចង់ឲ្យគេស្តាប់ខ្លួននិយាយ ដោយសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់។
ការស្តាប់អ្នកដទៃ មិនមែនជាការងាយស្រួលទេ ហើយក៏ត្រូវចំណាយពេលច្រើនផង។ យើងត្រូវចំណាយពេលច្រើន គឺច្រើនល្មមនឹងអាចស្តាប់អ្នកដទៃរៀបរាប់ អំពីអ្វីដែលមានក្នុងចិត្តពួកគេ ដើម្បីឲ្យយើងអាចនិយាយដោយប្រាជ្ញា និងចិត្តសុភាពទៅកាន់ពួកគេ នៅពេលដែលយើងត្រូវនិយាយ។ ឱព្រះអម្ចាស់ សូមប្រទានឲ្យទូលបង្គំមានចិត្តដែលមានក្តីស្រឡាញ់ និងមានត្រចៀកដែលស្តាប់អ្នកដទៃនិយាយ។-David Roper