ចូរនាំក្មេងនោះមកឯខ្ញុំ

មានពេលមួយ ម៉ាក(Mark) បាននិយាយទៅកាន់អ្នកស្រីអេមមី(Amy) ដែលជាម្តាយរបស់ខ្លួនថា “ខ្ញុំមិនជឿព្រះទេ ហើយខ្ញុំនឹងមិនទៅព្រះវិហារទៀតទេ”។ អ្នកស្រីអេមីមានការពិបាកចិត្តយ៉ាងខ្លាំង ពេលបានឮកូនប្រុសរបស់ខ្លួននិយាយដូចនេះ។ កូនប្រុសរបស់គាត់បានផ្លាស់ប្តូរ ពីក្មេងប្រុសដ៏រីករាយ ទៅជាយុវជនដែលច្រងេងច្រង៉ាង និងមិនស្តាប់បង្គាប់ឪពុកម្តាយ។  ការរស់នៅមានការពិបាកដូចសមរភូមិ  ពេលដែលថ្ងៃអាទិត្យក្លាយជាថ្ងៃនៃភាពថប់បារម្ភ ដោយសារម៉ាកមិនព្រមទៅព្រះវិហារជាមួយក្រុមគ្រួសារ។ ទីបំផុត ក្រុមគ្រួសារដែលកំពុងអស់សង្ឃឹមនេះ ក៏បានទៅជួបអ្នកប្រឹក្សាយោបលផ្លូវចិត្ត។ អ្នកប្រឹក្សាយោបលផ្លូវចិត្ត ក៏បានប្រាប់ពួកគេថា “អ្នកត្រូវឲ្យម៉ាកមានការធ្វើដំណើរខាងវិញ្ញាណ តាមសម្រួល ដោយខ្លួនឯង។ អ្នកមិនអាចបង្ខំឲ្យគាត់ចូលនគរព្រះបានទេ។ សូមអ្នកអនុញ្ញាតឲ្យព្រះទ្រង់ធ្វើការក្នុងចិត្តគាត់វិញ។ ចូរបន្តអធិស្ឋាន ហើយរង់ចាំទ្រង់ឆ្លើយតប”។

អ្នកស្រីអេមមីក៏បានរង់ចាំ ហើយអធិស្ឋាន។ នៅពេលព្រឹកថ្ងៃមួយ គាត់ក៏បាននឹកចាំព្រះបន្ទូលព្រះយេស៊ូវ ដែលគាត់បានអាន ក្នុងកណ្ឌដំណឹងល្អម៉ាកុស។ ក្នុងបទគម្ពីរនោះបានចែងថា ពួកសាវ័កមិនអាចបណ្តេញអារក្សចេញពីក្មេងប្រុសម្នាក់ តែព្រះយេស៊ូវទ្រង់មានដំណោះស្រាយ ដោយទ្រង់មានបន្ទូលថា “ចូរនាំក្មេងនោះមកឯខ្ញុំ”(ម៉ាកុស ៩:១៩)។ ពន្លឺថ្ងៃកំពុងតែចាំងតាមបង្អួចផ្ទះរបស់គាត់ ធ្វើឲ្យកម្រាលឥដ្ឋមានពន្លឺចិញ្ចាច។ គាត់គិតថា បើសិនជាព្រះយេស៊ូវអាចប្រោសជម្ងឺ ក្នុងស្ថានភាពដ៏ពិបាកខ្លាំងយ៉ាងនេះ នោះទ្រង់ក៏អាចជួយកូនប្រុសរបស់គាត់ផងដែរ។ គាត់ក៏បាននឹកស្រម៉ៃថា គាត់និងកូនប្រុសគាត់កំពុងឈរជាមួយព្រះយេស៊ូវ ក្នុងពន្លឺថ្ងៃដែលចាំងតាមបង្អួចនោះ ហើយគាត់ក៏បានថយក្រោយ ទុកឲ្យកូនប្រុសគាត់ ឈរជាមួយព្រះយេស៊ូវតែពីរនាក់។ ដូចនេះ គាត់បានថ្វាយកូនប្រុសគាត់ ដាច់ដល់ព្រះដែលបានស្រឡាញ់កូនប្រុសគាត់ លើសពីលទ្ធភាពដែលគាត់អាចស្រឡាញ់គេ។

ជារៀងរាល់ថ្ងៃ អ្នកស្រីអេមមីក៏បានថ្វាយម៉ាក ដល់ព្រះយ៉ាងស្ងាត់ស្ងៀម ដោយចិត្តជឿជាក់ថា ទ្រង់ជ្រាបអំពីតម្រូវការរបស់ម៉ាក ហើយទ្រង់កំពុងធ្វើការក្នុងជីវិតគាត់ តាមពេលវេលា និងវិធីសាស្ត្ររបស់ទ្រង់។-Marion Stroud

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles