ចង់បានអ្នកជួយសង្រ្គោះ

ពេលដែលខ្សែភាពយន្តរឿងស៊ូពើរមែន ត្រូវបានគេចាប់ផ្តើមចាក់ផ្សាយនៅតាមរោងកុន ក្នុងឆ្នាំ២០១៣ ភាពរំជើបរំជួលបានកើតមាន ក្នុងពិភពខ្សែភាពយន្ត។ ខ្សែភាពយន្តវិទ្យាសាស្រ្តបែបប្រឌិតមួយនេះ បានប្រើបច្ចេកទេសកាត់ត និងមានឆាកប្រយុទ្ធដែលធ្វើឲ្យគេមើលមិនព្រិចភ្នែក ហើយបានទាក់ទាញទស្សនិកជនរាប់លាននាក់ ចូលទស្សនាតាមរោងកុន នៅទូទាំងពិភពលោក។ អ្នកខ្លះនិយាយថា ខ្សែភាពយន្តនេះមានភាពទាក់ទាញខ្លាំង ដោយសារបច្ចេកវិទ្យាដ៏អស្ចារ្យ តែអ្នកខ្លះទៀតបានយល់ថា សាច់រឿងបែបទេវកថារបស់ស៊ូពើមែន ជាកក្តាទាក់ទាញ ដែលបានបណ្តាលចិត្តមនុស្សរាប់លាននាក់ឲ្យចង់ទស្សនា។ ប៉ុន្តែ កញ្ញាអែមមី អ័ដាំមស៍(Amy Adams) ដែលជាតួឯកស្រីក្នុងរឿងនោះមានទស្សនៈផ្សេងពីនេះ។ គាត់បានមានប្រសាសន៍ថា បានជាមនុស្សជាច្រើនឲ្យចង់ទស្សនារឿងនេះ គឺដោយសារមនុស្សជាទូទៅមានចិត្តស្រេកឃ្លាន ចង់ឲ្យមានអ្នកមកជួយសង្រ្គោះខ្លួន ឲ្យរួចពីគ្រោះភ័យទាំងឡាយដែលបង្ករដោយមនុស្ស។

ជាការពិតណាស់ មនុស្សយើងពិតជាចង់ឲ្យមានអ្នកជួយសង្រ្គោះខ្លួនមែន ពេលដែលខ្លួនមានគ្រោះភ័យ។ ហើយអ្នកដែលមកជួយសង្រ្គោះមនុស្សនោះ គឺបានមកចាប់កំណើតក្នុងលោកិយនេះហើយ ទ្រង់មានព្រះនាមយេស៊ូវ។ មុនពេលព្រះយេស៊ូវប្រសូត្រជាមនុស្ស មានការប្រកាសជាច្រើន អំពីការប្រសូត្ររបស់ទ្រង់។ គឺដូចដែលទេវតាបានមានបន្ទូលទៅកាន់លោកយ៉ូសែបថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។

ព្រះយេស៊ូវបានយាងមក ដើម្បីសង្រ្គោះយើងឲ្យរួចពីបាប និងរួចពីអាត្មាខ្លួនឯង។ ព្រះនាមទ្រង់មានន័យថា “ព្រះសង្រ្គោះ” ហើយបេសកកម្មរបស់ទ្រង់ គឺដើម្បីប្រទានសេចក្តីសង្រ្គោះដល់យើង។ មានតែព្រះយេស៊ូវទេ ដែលអាចបំពេញចិត្តមនុស្ស ដែលស្រេកឃ្លានចង់បានអ្នកជួយសង្រ្គោះខ្លួន។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles