ទ្រព្យសម្បត្តិជាតិ

ពេល​ដែល​អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​ម្នាក់ បាន​កែ​រូប​ថត​រូប​ចម្លាក់​ថ្ម​ម៉ាប​ដ៏​ល្បីល្បាញ របស់​លោក​មៃឃលអែនជែលឡូ(Michelangelo) ដែល​ជា​រូប​ចម្លាក់​ស្តេច​ដាវីឌ​ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ រដ្ឋា​ភិបាល​ប្រទេស​អ៊ីតាលី និង​មន្ត្រី​សារៈ​មន្ទីរ​បាន​ប្រឆាំង​នឹង​ការ​កែ​រូប​ថត​នេះ។ មន្ត្រី​ក្រសួង​វិចិត្រ​សីល្បៈ​ប្រទេស​អ៊ីតាលី​បាន​មាន​ប្រសាសន៍​ថា ការ​ដែល​អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​រូប​នោះ​ បាន​កាត់​ត​ដាក់​រូប​ស្តេច​ដាវីឌ ឲ្យ​ស្ពាយ​កាំ​ភ្លើង​នៅ​នឹង​ស្មា (ជា​ជាង​ដាក់​រូប​ដង្ហក់​របស់ទ្រង់) គឺ​ជា​ការ​បំពាន ដែល​មិន​ខុស​ពី​ការ​យក​ញញួរ​វាយ​​កំទេច​រូប​ចម្លាក់​នោះ ឬ​យ៉ាប់​ជាង​នេះ​ទៀត។

នៅ​ទី​ក្រុង​យេរូសាឡិម កាល​ពី​សតវត្សរ៍​ទី​១ គេ​បាន​នឹក​ចាំ​ថា ស្តេច​ដាវីឌ​ជា​អ្នក​គង្វាល ដែល​បាន​​និពន្ធ​បទ​ចម្រៀង ​និង​ជា​ស្តេច​ដែល​ធ្វើ​សឹក​សង្រ្គាម ដែល​ដឹត​ជាប់​ក្នុង​ការ​ចង​ចាំ របស់​ជន​ជាតិ​អ៊ីស្រា​អែល និង​បាន​នាំ​មក​នូវ​សេចក្តី​សង្ឃឹម​ដ៏​អស្ចារ្យ​បំផុត។ ពួក​ហោរា​បាន​ថ្លែង​ទំនាយ​ថា កូន​ចៅ​ជំនាន់​ក្រោយ​របស់​ស្តេច​ដាវីឌ នឹង​បាន​វាយ​ឈ្នះ​ពួក​ខ្មាំង​សត្រូវ​របស់​សាសន៍​អ៊ីស្រាអែល​នៅ​ទី​បញ្ចប់។ ហេតុ​នេះ​ហើយ​ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក ពេល​ដែល​ពួក​បណ្តាជន​បាន​ស្វាគមន៍​ព្រះ​យេស៊ូវ ដោយ​ចាត់​ទុក​ទ្រង់​ជា ព្រះរាជ​បុត្រា​នៃ​ស្តេច​ដាវីឌ (ម៉ាថាយ ២១:៦-៩) ពួក​គេ​បាន​រំពឹង​ថា​ ទ្រង់​នឹង​ដឹក​នាំ​ការ​បះ​បោរ  ដើម្បីរំដោះ​ប្រទេស​ខ្លួន​ឲ្យ​រួច​ពី​នឹម​ត្រួត​ត្រា​របស់​ចក្រ​ភព​រ៉ូម៉ាំង។ តែ​ផ្ទុយ​ទៅ​វិញ ​ព្រះ​យេស៊ូវ​បាន​ផ្តួល​តុ​របស់​អ្នក​រក​ស៊ី​ដូរ​លុយ នៅ​ព្រះ​វិហារ ដើម្បី​ស្អាង​ដំណាក់​ព្រះ​វរបិតា​របស់​ទ្រង់ ឲ្យ​ក្លាយ​​ជា​ដំណាក់​សម្រាប់​អធិ​ស្ឋាន​ សម្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍។ ពួក​អ្នក​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រា​អែល​ក៏​មាន​ការ​ខឹង​សម្បា​។ ទ្រង់មិនបាន​ធ្វើ​ខ្លួន​ជា​ព្រះ​មែស៊ី និង​ព្រះ​រា​ជ​បុត្រា​នៃ​ស្តេច​ដាវីឌ ដូច​ដែល​ពួក​គេបា​ន​រំពឹង​ទុក​នោះ​ឡើយ។ ដូច​នេះ ពួក​គេមិន​ដឹង​ថា​ខ្លួន​ឯង​កំពុង​ធ្វើ​អ្វី​ទេ បាន​ជា​ពួក​គេ​ឲ្យ​ពួក​ពេជ​ឃាត​រ៉ូម៉ាំង យក​ញញួរ​មក​ដំដែក​គោល​ពី​លើ​ព្រះ​ហស្ត និង​ព្រះ​បាទ​ទ្រង់​ជាប់​នឹង​ឈើ​ឆ្កាង ទាំង​ដែល​ទ្រង់​ជា​សិរីល្អ​ដ៏ពិត​នៃ​ជន​ជាតិ​អ៊ីស្រា​អែល។

ព្រះយេស៊ូវ​មិន​បាន​បញ្ឈប់​ពួក​គេ​ឡើយ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បណ្តោយ​ឲ្យ​គេ​ឆ្កាង​ទ្រង់​ នៅ​លើ​ឈើ​ឆ្កាង​នៃ​សេចក្តី​អាម៉ាស​។ មាន​តែ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ទេ ដែល​នឹង​ធ្វើ​ឲ្យ​គេដឹ​ងថា​ ព្រះ​យេស៊ូវ​ដែល​ជា​រាជ​បុត្រា​នៃ​ស្តេច​ដាវីឌ ​បាន​ឈ្នះ​ខ្មាំង​សត្រូ​វទ្រង់ ដោយ​សេចក្តី​ស្រឡាញ់ ហើយ​បាន​ជ្រើស​រើស​មនុស្ស​មក​ពី​គ្រប់​ជាតិ​សាសន៍ ឲ្យ​ផ្សាយ​ព្រះ​បន្ទូល​ទ្រង់។-MART DEHAAN

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles