ការសរសើរដំកើងព្រះ ពេលមានបញ្ហា

មាន​ពេល​មួយ​ម្តាយ​របស់​ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្ញុំថា “ម៉ាក់​កើត​មហារីក​ហើយ”។ ពេល​នោះ ខ្ញុំ​បាន​ខំ​តាំង​អារម្មណ៍​ឲ្យ​រឹង​មាំ ប៉ុន្តែ ខ្ញុំ​នៅ​តែមិ​ន​អាច​ទប់​ទឹក​ភ្នែក​ជាប់។ ខ្ញុំ​គិត​ថា អ្នក​ក៏​មិន​ចង់​ឮ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ និយាយ​ពាក្យ​ដូច​នេះ​ដែរ។ ប៉ុន្តែ នេះ​ជា​លើក​ទីបី​ហើយ ដែល​ម្តាយ​ខ្ញុំ​បាន​តយុទ្ធ​នឹង​ជម្ងឺ​មហា​រីក។ បន្ទាប់​ពី​ការ​ថត និង​ពិនិត្យ​សាច់​ដែល​មាន​បញ្ហា​ជា​ទៀង​ទាត់ ម្តាយ​របស់​ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​មាន​ដុំ​សាច់​កាច​នៅ​ក្រោម​ដៃ​គាត់។

ទោះ​គាត់​បាន​ទទួល​ដំណឹង​អាក្រក់​ក៏​ដោយ ក៏​គាត់​នៅ​តែ​កម្សាន្ត​ចិត្ត​ខ្ញុំ។ គាត់​ប្រាប់​ខ្ញុំ​ថា “ម៉ាក់​ដឹង​ថា ព្រះ​តែង​តែ​ល្អ​ចំពោះម៉ាក់​ជា​និច្ច។ ទ្រង់​តែង​តែ​ស្មោះ​ត្រង់​ជា​និច្ច”។ ទោះ​គាត់​ត្រូវ​ឆ្លង​កាត់​ការ​វៈ​កាត់​ដ៏​ពិបាក ហើយ​បន្ទាប់​មក ត្រូវ​បាញ់​កាំរស្មី​ក៏​ដោយ ក៏​គាត់​នៅ​តែ​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​នៅ​តែ​គង់​នៅ​ជា​មួយ ហើយ​ស្មោះត្រ​ង់ចំពោះ​គាត់​ជា​និច្ច។

ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចំា អំពី​លោក​យ៉ូប។ លោក​យ៉ូប​បាន​បាត់​បង់​កូន ទ្រព្យ​សម្បត្តិ និង​សុខ​ភាព​គាត់។ ប៉ុន្តែ បទ​គម្ពីរ យ៉ូប ១:២០ បាន​ប្រាប់​យើង​ថា បន្ទាប់​ពី​គាត់​បាន​ទទួល​ដំណឹង​អាក្រក់​ទាំង​អ​ស់​នេះ​ហើយ “គាត់​បាន​ផ្តួល​​ខ្លួ​ន​ក្រាប​​​ចុះ​ដល់​​ដី​ថ្វាយ​បង្គំ”។ ពេល​ប្រពន្ធ​គាត់​ប្រាប់​ឲ្យគា​ត់ជេ​រ​ព្រះ គាត់​និយាយ​ថា “យើង​​ទទួល​សេចក្តី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្តី​អាក្រក់​ដែរ​ទេ​ឬ?”(២:១០)។ នេះ​ជា​ការ​ឆ្លើយ​តប ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ទោះ​ក្រោយ​មក លោកយ៉ូប​បាន​រអ៊ូរទាំក៏​ដោយ ក៏​ទី​បំផុត គាត់​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​មិន​ដែល​ប្រែ​ប្រួល​ឡើយ។ គាត់​ដឹង​ថា ព្រះ​ទ្រង់​នៅតែ​គង់​​ជាមួយ​គាត់ ហើយ​នៅ​តែខ្វ​ល់​ពី​គាត់។

សម្រាប់​មនុស្ស​ភាគ​ច្រើន ការ​សរសើរ​ដំកើង មិន​មែន​ជា​ការ​ឆ្លើយ​តប​ទីមួយ ចំពោះ​ទុក្ខ​លំបាក​ឡើយ។ ជួន​កាល ពេល​ទុក្ខ​លំបា​ករបស់​យើង ហាក់​ដូច​ជា​ហួស​សម​ត្ថ​ភាព​ដែល​យើង​អាច​ទ្រាំ​ទ្រ​​រួច យើង​​ច្រើន​តែ​ឆ្លើយ​តប ​ចំពោះបញ្ហា​នោះ ដោយការភ័យខ្លាច ឬ​កំហឹង​។ ប៉ុន្តែ ការ​ឆ្លើយ​តប​ដែល​ម្តាយ​ខ្ញុំ​មានចំពោះ​ជម្ងឺ​គាត់ បាន​រំឭក​ខ្ញុំ​ថា ព្រះ​ទ្រង់​តែង​តែគង់​នៅក្បែ​រ នៅ​តែ​ល្អជា​និច្ច។ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ឆ្លង​កាត់​ពេល​ដ៏​ពិបាក។-LINDA WASHINGTON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles