ហាដាសាហ៍(Hadassah) មានការភ័យខ្លាចជាប្រចាំ។ ហាដាសាហ៍ ជាក្មេងស្រីជនជាតិយូដា នៅសតវត្សរ៍ទី១ គឺជាតួរអង្គ ក្នុងរឿងប្រឌិតរបស់លោកហ្វ្រ៊ែនស៊ីន រីវើស៍(Francine Rivers) មានចំណងជើងថា សម្លេង នៅក្នុងខ្យល់ ។ បន្ទាប់ពីហាដាសាហ៍ក្លាយជាទាសករម្នាក់ នៅក្នុងគ្រួសាររបស់ជនជាតិរ៉ូម៉ាំង នាងមានការភ័យខ្លាចការបៀតបៀន មកលើជំនឿដែលនាងមានចំពោះព្រះគ្រីស្ទ។ នាងដឹងថា គ្រីស្ទបរិស័ទត្រូវគេស្អប់ ហើយគ្រីស្ទបរិស័ទជាច្រើនត្រូវគេយកទៅប្រហារជីវិត ឬយកទៅឲ្យសត្វតោស៊ីនៅក្នុងទីលានប្រកួត។ តើនាងហ៊ានក្រោកឈរ ដើម្បីជំនឿរបស់នាងឬទេ ពេលដែលនាងជួបការល្បងលរនោះ?
ពេលដែលការភ័យខ្លាចរបស់នាង បានក្លាយជាការពិត ចៅហ្វាយស្រីរបស់នាង និងពួកមន្រ្តីរាជការរ៉ូម៉ាំង ដែលស្អប់ជំនឿលើព្រះគ្រីស្ទ ក៏បានប្រឈមមុខដាក់នាង។ នាងមានជម្រើសតែពីរទេ។ បើនាងមិនព្រមលះបង់ជំនឿរបស់នាងទេ គេនឹងយកនាងទៅទីលានប្រកួត ឲ្យសត្វតោស៊ី។ បន្ទាប់មក ពេលដែលនាងប្រកាសថា ព្រះយេស៊ូវជាព្រះគ្រីស្ទដ៏ប្រោសលោះ ការភ័យខ្លាចរបស់នាងក៏បានរលាយបាត់ទៅ ហើយនាងក៏មានចិត្តក្លាហាន សូម្បីតែនៅពេលដែលនាងប្រឈមមុខដាក់សេចក្តីស្លាប់ក៏ដោយ។
ព្រះគម្ពីរបានរំឭកយើងថា ជួនកាល យើងនឹងរងទុក្ខ ដោយសារយើងធ្វើការអ្វីដែលត្រឹមត្រូវ ទោះនោះជាការផ្សាយដំណឹងល្អ ឬការរស់នៅដោយកោតខ្លាចព្រះ ដែលប្រាសចាកពីចរន្តនៃសង្គមបច្ចុប្បន្នក៏ដោយ។ ព្រះគម្ពីរបានលើកទឹកចិត្តយើង កុំឲ្យមានការភ័យខ្លាច(១ពេត្រុស ៣:១៤) តែត្រូវ “កោតខ្លាចព្រះអម្ចាស់” នៅក្នុងចិត្តយើងវិញ(ខ.១៥)។ ពេលនោះ ចម្បាំងធំបំផុតរបស់ហាដាសាហ៍ បានកើតមានក្នុងចិត្តរបស់នាង។ ពេលដែលនាងតាំងចិត្តថា នាងជ្រើសរើសព្រះយេស៊ូវ នាងក៏មានចិត្តក្លាហាន ដោយហ៊ានបង្ហាញភាពស្មោះត្រង់ចំពោះព្រះយេស៊ូវ។
ពេលដែលយើងធ្វើការសម្រេចចិត្ត ថ្វាយព្រះកិត្តិនាមដល់ព្រះគ្រីស្ទ ទ្រង់នឹងជួយឲ្យយើងមានចិត្តក្លាហាន ហើយឈ្នះការភ័យខ្លាចរបស់យើង នៅក្នុងពេលដែលយើងជួបការប្រឆាំង។-KEILA OCHOA