បើនិយាយពីសត្វពីងពាង ខ្ញុំមិនដឹងថា មានក្មេងណា ដែលចូលចិត្តពួកវាឡើយ។ យ៉ាងហោចណាស់ ពួកគេមិនចង់ឲ្យបន្ទប់ ឬការចូលដំណេករបស់ពួកគេ មានសត្វពីងពាងនោះទេ។ ប៉ុន្តែ ពេលដែលកូនស្រីខ្ញុំកំពុងត្រៀមខ្លួនចូលគេង នាងក៏បានឃើញសត្វពីងពាងមួយក្បាល នៅជិតគ្រែគេងរបស់នាងពេក។ នាងក៏ស្រែកឡើងថា “ប៉ា!!! ពីងពាង!!!”។ ទោះខ្ញុំព្យាយាមរកមើលសត្វពីងពាងនោះ យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចរកឃើញសត្វជើង៨នោះ។ ខ្ញុំក៏បាននិយាយធានាថា “វានឹងមិនធ្វើអីកូនទេ”។ នាងមិនជឿខ្ញុំឡើយ។ គឺទាល់តែខ្ញុំប្រាប់នាងថា ខ្ញុំនឹងនៅក្បាលដំណេករបស់នាង ហើយការពារនាង ទើបនាងព្រមចូលគេង។
ពេលកូនស្រីខ្ញុំចូលគេង ខ្ញុំក៏បានកាន់ដៃនាង។ ខ្ញុំប្រាប់នាងថា “ប៉ាស្រឡាញ់កូនណាស់។ ប៉ានៅក្បែរកូនទេ។ តែកូនដឹងទេថា ព្រះស្រឡាញ់កូន ខ្លាំងជាងប៉ា និងម៉ាក់ស្រឡាញ់កូនទៅទៀត។ ហើយព្រះអង្គគង់នៅក្បែរកូនជានិច្ច។ កូនអាចអធិស្ឋានទៅកាន់ទ្រង់ ពេលណាកូនមានការភ័យខ្លាច”។ ការនេះហាក់ដូចជាកម្សាន្តចិត្តនាង ហើយនាងក៏ឆាប់គេងលក់។
ព្រះគម្ពីរបានធ្វើការធានាម្តងហើយម្តងទៀតថា ព្រះទ្រង់តែងតែគង់នៅក្បែរយើងជានិច្ច(ទំនុកដំកើង ១៤៥:១៨ រ៉ូម ៨:៣៨-៣៩ យ៉ាកុប ៤:៧-៨) ប៉ុន្តែ ជួនកាល យើងពិបាកនឹងជឿថា ទ្រង់គង់នៅក្បែរយើង។ ប្រហែលមកពីហេតុនេះហើយ បានជាសាវ័កប៉ុលបានអធិស្ឋានឲ្យគ្រីស្ទបរិស័ទ នៅក្រុងអេភេសូរ ឲ្យមានកម្លាំង និងព្រះចេស្តា ដើម្បីឲ្យអាចយល់សេចក្តីពិត(អេភេសូរ ៣:១៦)។ គាត់ដឹងថា ពេលយើងមានការភ័យខ្លាច យើងអាចភ្លេចថា ទ្រង់កំពុងនៅក្បែរយើង។ ប៉ុន្តែ ដូចដែលខ្ញុំបានឱបកូនស្រីខ្ញុំ ដោយសេចក្តីស្រឡាញ់ជាយ៉ាងណា ពេលនាងចូលគេងពេលយប់ នោះព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ក៏តែងតែគង់នៅក្បែរយើងជានិច្ច ពេលដែលយើងអធិស្ឋាន។—ADAM HOLZ