មានពេលមួយ ឪពុករបស់ខ្ញុំបានហុចចបកាប់មួយឲ្យខ្ញុំ ហើយប្រាប់ខ្ញុំថា “ដើមឥតប្រយោជន៍ ជារុក្ខជាតិដែលដុះ នៅកន្លែងដែលកូនមិនចង់ឲ្យវាដុះ”។ ខ្ញុំចង់ឲ្យដើមពោតបន្តលូតលាស់ នៅកន្លែង ដែលវាបាន “ស្ម័គ្រចិត្ត” ដុះ ក្នុងចំណោមដើមសណ្តែក។ ប៉ុន្តែ ឪពុកខ្ញុំបានចម្រើនវ័យធំឡើយ ក្នុងកសិដ្ឋានមួយ បានជាគាត់មានចំណេះដឹងផ្នែកដាំដុះច្រើន។ គាត់បានប្រាប់ខ្ញុំឲ្យដកដើមពោតនោះចោល។ ពោតមួយដើមនោះ គ្មានប្រយោជន៍អ្វី ក្រៅពីដណ្តើមជីវជាតិ ពីដើមសណ្តែកនោះឡើយ។
មនុស្សមិនមែនជារុក្ខជាតិទេ ហើយមានគំនិតផ្ទាល់ខ្លួន ហើយមានសេរីភាពនៅក្នុងការជ្រើសរើស ដែលព្រះបានប្រទាន។ ប៉ុន្តែ ជួនកាល យើងព្យាយាមរីកដូចផ្កា នៅកន្លែងដែលព្រះមិនបានសព្វព្រះទ័យឲ្យយើងរីក។
ព្រះអង្គម្ចាស់យ៉ូណាថាន ជាបុត្រារបស់ស្តេច និងជាអ្នកប្រយុទ្ធដ៏អង់អាច។ ទ្រង់ក៏អាចព្យាយាមរីកដូចផ្កា នៅកន្លែងដែលព្រះមិនសព្វព្រះទ័យ។ ទ្រង់មានហេតុផលគ្រប់គ្រាន់ ដើម្បីរំពឹងថា ខ្លួននឹងបានក្លាយជាស្តេច។ ប៉ុន្តែ ទ្រង់បានឃើញព្រះអម្ចាស់ ប្រទានពរដល់ដាវីឌ ហើយក៏បានដឹងអំពីការច្រណែន និងក្តីអំណួតរបស់បីតាទ្រង់(១សាំយ៉ូអែល ១៨:១២-១៥)។ ដូចនេះ យ៉ូណាថានមិនបានព្យាយាមដណ្តើមរាជបល្ល័ង្ក ដែលមិនអាចក្លាយជារបស់ទ្រង់នោះឡើយ ផ្ទុយទៅវិញ ទ្រង់បានក្លាយជាមិត្តជិតស្និទ្ធបំផុតរបស់ដាវីឌ ហើយថែមទាំងបានសង្រ្គោះជីវិតគាត់ទៀត(១៩:១-៦ ២០:១-៤)។
អ្នកខ្លះអាចគិតថា យ៉ូណាថានបានលះបង់ច្រើនពេកហើយ។ ប៉ុន្តែ បើសិនយើងជាទ្រង់វិញ តើយើងចង់ឲ្យគេនឹកចាំដូចម្តេចខ្លះ អំពីយើង? តើយើងចង់ឲ្យគេនឹកចាំ ដូចស្តេចសូល ដែលព្យាយាមការពារអំណាចរបស់ខ្លួន ហើយក៏បានបាត់បង់រាជបល្ល័ង្កនោះឬ? ឬយើងចង់ឲ្យគេនឹកចាំ ដូចយ៉ូណាថាន ដែលបានការពារជីវិតរបស់បុរសម្នាក់ ដែលនឹងក្លាយជាបុព្វបុរសដ៏មានកិត្តិយស របស់ព្រះយេស៊ូវ?
ផែនការរបស់ព្រះ តែងតែល្អជាងផែនការរបស់យើងជានិច្ច។ តើយើងចង់ប្រឆាំងនឹងផែនការទ្រង់ ហើយធ្វើខ្លួនដូចជារុក្ខជាតិគ្មានប្រយោជន៍ដែលលូតលាស់ខុសកន្លែង ឬយើងចង់ទទួលការដឹកនាំរបស់ទ្រង់ ហើយក្លាយជាដើមឈើដែលមានផលផ្លែជាបរិបូរ ក្នុងច្បារដំណាំរបស់ទ្រង់? ត្រង់ចំណុចនេះ ទ្រង់បានប្រទានឲ្យយើងមានសេរីភាព ក្នុងការសម្រេចចិត្ត។ —TIM GUSTAFSON