រូបកាយរបស់យើងមានប្រតិកម្ម តាមអារម្មណ៍ភ័យខ្លាចរបស់យើង។ ការបុកពោះ ទន្ទឹមនឹងបេះដូងដែលលោតញាប់ ខណៈពេលដែលយើងដកដង្ហើមដង្ហក់ សុទ្ធតែជាសញ្ញាបង្ហាញថា យើងកំពុងមានការភ័យខ្លាច ឬថប់បារម្មណ៍ហើយ។ លក្ខណៈនៃរូបកាយរបស់យើង បានរារាំងមិនឲ្យយើងព្រងើយកន្តើយ ចំពោះអារម្មណ៍ដ៏ពិបាកនេះ។
ពួកសាវ័កបានជួបការភ័យខ្លាច នៅពេលយប់មួយ បន្ទាប់ពីព្រះយេស៊ូវបានធ្វើការអស្ចារ្យ ដោយប្រទានអាហារដល់មនុស្ស៥ពាន់នាក់ កាលពីពេលថ្ងៃ។ ព្រះអម្ចាស់ទ្រង់បានចាត់ពួកគេ ឲ្យទៅក្រុងបេតសៃដា ដើម្បីឲ្យទ្រង់មានពេលអធិស្ឋានម្នាក់ឯង។ ក្នុងអំឡុងពេលយប់នោះ ពួកគេបានអុំទូកបញ្ច្រាស់ខ្យល់ ហើយភ្លាមនោះ ពួកគេក៏បានឃើញទ្រង់ដើរនៅលើទឹក។ ពួកគេស្មានថា ខ្មោចលង បានជាពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង(ម៉ាកុស ៦:៤៩-៥០)។
ប៉ុន្តែ ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលធានាដល់ពួកគេ ដោយប្រាប់ពួកគេកុំឲ្យមានការភ័យខ្លាច ហើយឲ្យមានចិត្តក្លាហានឡើង។ ខណៈពេលដែលទ្រង់យាងចូលក្នុងទូក ខ្យល់ក៏បានស្ងប់ ហើយពួកគេក៏បានធ្វើដំណើរទៅដល់ច្រាំង។ ខ្ញុំយល់ថា ពេលនោះ ពួកគេក៏លែងមានអារម្មណ៍ភ័យខ្លាចទៀត ខណៈពេលដែលពួកគេបានឱបក្រសោបយកសន្តិភាព ដែលទ្រង់ប្រទាន។
ពេលដែលយើងមានអារម្មណ៍ថា យើងមានដង្ហើមដង្ហក់ ដោយសារការថប់បារម្មណ៍ ឬការភ័យខ្លាច យើងអាចសម្រាក ដោយទុកចិត្តព្រះចេស្តារបស់ព្រះយេស៊ូវ។ ទ្រង់អាចធ្វើឲ្យរលកនៃការភ័យខ្លាចរបស់យើងស្ងប់ ឬចម្រើនកម្លាំងយើង ឲ្យអាចប្រឈមមុខនឹងការភ័យខ្លាច ហើយជាងនេះទៅទៀត ទ្រង់នឹងប្រទានដល់យើង នូវអំណោយនៃសេចក្តីសុខសាន្ត ឬសន្តិភាពរបស់ទ្រង់ “ដែលហួសលើសពីអស់ទាំងគំនិត”(ភីលីព ៤:៧)។ ហើយពេលដែលទ្រង់រំដោះយើង ឲ្យរួចពីការភ័យខ្លាចរបស់យើង វិញ្ញាណ និងរូបកាយរបស់យើងអាចវិលត្រឡប់ទៅរកការសម្រាកវិញ។—AMY BOUCHER PYE