ការកាត់ផ្តាច់ច្រវ៉ាក់
មានពេលមួយ ខ្ញុំបានទៅទស្សនាព្រះវិហារធំមួយ ដែលមានឈ្មោះថា ព្រះវិហារព្រះគ្រីស្ទ នៅក្រុងស្តូនថោន ក្នុងតំបន់ហ្សានហ្ស៊ីបា ហើយខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំដឹងថា ព្រះវិហារនេះមានទីតាំងនៅលើកន្លែង ដែលជាអតីតផ្សាទាសករដ៏ធំបំផុត នៅតំបន់អាហ្រ្វិកខាងកើត។ អ្នកគូរប្លង់រចនាព្រះវិហារធំនេះបានប្រើនិមិត្តសញ្ញាមួយ ដើម្បីបង្ហាញអំពីរបៀបដែលដំណឹងល្អ បានវាយបំបាក់ច្រវ៉ាក់នៃរបបទាសភាព។ កន្លែងនោះមិនមែនជាកន្លែងនៃការអាក្រក់ និងភាពសាហាវព្រៃផ្សៃទៀតឡើយ ប៉ុន្តែ ជាកន្លែងដែលគ្របដណ្តប់ទៅដោយព្រះគុណព្រះ។ អ្នកសាងសង់ព្រះវិហារធំនោះ ចង់បង្ហាញអំពីដំណើរនៃការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង ដែលបានរំដោះយើងឲ្យរួចពីបាប គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ នៅក្នុងសំបុត្រ ដែលគាត់បានសរសេរផ្ញើទៅពួកជំនុំក្រុងអេភេសូរថា “យើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់”(អេភេសូរ ១:៧)។ ត្រង់ចំណុចនេះ គាត់បានប្រើពាក្យ ប្រោសលោះ ដែលគេនិយមប្រើ នៅក្នុងផ្សា នៅគ្រាសញ្ញាចាស់ ដែលមានការបង់ប្រាក់លោះមនុស្ស ឬវត្ថុណាមួយ។ ព្រះយេស៊ូវបានបង់ថ្លៃលោះ យើងម្នាក់ៗ ឲ្យរួចពីជីវិតជាទាសករ នៃអំពើបាប និងការប្រព្រឹត្តខុស។ ក្នុងដើមដំបូងនៃសំបុត្ររបស់សាវ័កប៉ុល(ខ.៣-១៤) គាត់បង្ហាញពីក្តីអំណរដ៏ពោរពេញ ដែលបានមកពីការគិត អំពីសេរីភាព ក្នុងព្រះគ្រីស្ទ។ គាត់បានចង្អុលបង្ហាញ អំពីព្រះរាជកិច្ចនៃព្រះគុណព្រះ ដែលបានប្រទានមកយើង តាមរយៈការសុគតរបស់ព្រះយេស៊ូវ ដែលបានរំដោះយើងឲ្យរួចពីចំណងនៃអំពើបាប។ យើងមិនចាំបាច់ត្រូវធ្វើជាទាសករនៃអំពើបាបទៀតទេ ដ្បិតទ្រង់បានរំដោះយើងឲ្យមានសេរីភាព ដើម្បីរស់នៅថ្វាយព្រះ និងថ្វាយសិរីល្អទ្រង់។—AMY…
Read article