ទ្រព្យ​សម្បត្តិ​នៅ​នគរស្ថាន​សួគ៌

ពេល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ខ្ញុំ​និង​បង​ប្អូន​ស្រី​ៗ​ទាំង​ពីរ​នាក់​របស់​ខ្ញុំ ចូល​ចិត្ត​អង្គុយ​ទន្ទឹម​គ្នា នៅ​លើ​ហិប​ធំ​មួយ របស់​ម្តាយ​ខ្ញុំ ដែល​ធ្វើ​ពី​ឈើ​សេដា។ ម្តាយ​ខ្ញុំ​បាន​ទុក​អាវ​រងា​ធ្វើ​ពីរោម​ចៀម នៅ​ក្នុង​ហិប​នោះ ជា​មួយ​នឹង​គ្រឿង​ក្រណាត់ ដែល​ជី​ដូន​ខ្ញុំ​បាន​ប៉ាក់ ឬ​ចាក់​នឹង​អំបោះ។ គាត់​បាន​ឲ្យ​តម្លៃ​វត្ថុ​អ្វី​ដែល​មាន​នៅ​ក្នុង​ហិប​នោះ ហើយ​បាន​ពឹង​ផ្អែក​ទៅ​លើ​ក្លិន​ឈួល​របស់​ឈើសេដា ដើម្បី​ការពារ​មិន​ឲ្យ​សត្វ​ល្អិត​កាត់​ខោអាវ​ដែល​នៅ​ខាង​ក្នុង​ហិប។

របស់​ទ្រព្យ​ភាគ​ច្រើន នៅ​លើ​ផែន​ដី​នេះ ងាយ​នឹង​ទទួល​រង​ការ​បំផ្លាញ ដោយ​សារ​សត្វ​ល្អិត ឬ​ច្រេះ​ចាប់ ឬ​អាច​ត្រូវ​គេលួច។ បទ​គម្ពីរ​ម៉ាថាយ ជំពូក​៦ បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តោត​ចិត្ត​ជា​ពិសេស មិន​មែន​ទៅ​លើ​របស់​អ្វី ដែល​មិន​ស្ថិត​ស្ថេរ​នោះ​ឡើយ តែ​ឲ្យ​ផ្តោត​ទៅ​លើ​អ្វី​ដែល​មាន​តម្លៃ​ដ៏អស់​កល្ប​ជា​និច្ច ។ ពេល​ម្តាយ​ខ្ញុំ​លាចាក​លោក នៅ​អាយុ​៥៧​ឆ្នាំ គាត់​មិន​បាន​បង្គរ​ទុក​ទ្រព្យ​សម្បត្តិ​នៅ​ផែន​ដី​ច្រើន​ឡើយ ប៉ុន្តែ ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​ទ្រព្យ​សម្បត្តិ ដែល​គាត់​បាន​សន្សំ​នៅ​នគរស្ថាន​សួគ៌(ខ.១៩-២០)។

ខ្ញុំ​នឹក​ចាំ​ថា គាត់​បាន​ស្រឡាញ់​ព្រះ​ខ្លាំង​ប៉ុណ្ណា ហើយ​បាន​បម្រើ​ទ្រង់ តាម​របៀប​ដ៏​ស្ងាត់​ស្ងៀម ដោយ​មើល​ការ​ខុស​ត្រូវ​ក្រុម​គ្រួសារ​របស់​គាត់ ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​បង្រៀន​ក្មេង​ៗ នៅ​សាលា​រៀន​ថ្ងៃ​អាទិត្យ ហើយ​រាប់​អាន​ស្រ្តី​ម្នាក់ ដែល​ប្តី​របស់​នាង​បាន​បោះ​បង់​ចោល ព្រម​ទាំង​កម្សាន្ត​ចិត្ត​ម្តាយ​ដែល​មាន​វ័យ​ក្មេង ដែល​បាន​បាត់​បង់​កូន​តូច​របស់​ខ្លួន។ ហើយ​គាត់​បានអធិ​ស្ឋាន សូម្បី​តែ​នៅ​ពេល​ដែល​ភ្នែក​គាត់​មើល​លែង​ឃើញ ហើយ​ត្រូវ​អង្គុយ​នៅ​លើ​រទេះ​រុញ​ក៏​ដោយ ក៏​គាត់​នៅ​តែ​បន្ត​ស្រឡាញ់ និង​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ។

ទ្រព្យ​សម្បត្តិ​ដ៏​ពិត​របស់​យើង មិន​ត្រូវ​បាន​វាស់ នៅ​ក្នុង​អ្វី​ដែល​យើង​បាន​បង្គរ​ទុក​នោះ​ឡើយ តែ​នៅ​ក្នុង​ការ​អ្វី ឬ​នៅ​ក្នុង​អ្នក ដែល​យើង​បាន​ចំណាយ​ពេល​វេលា និង​កម្លាំង​កាយ​ចិត្ត​។ តើ​យើង​បាន​សន្សំ “ទ្រព្យ​សម្បត្តិ” អ្វី​ខ្លះ​ នៅ​នគរ​ស្ថាន​សួគ៌ ដោយ​បម្រើ និង​ដើរ​តាម​ព្រះ​យេស៊ូវ? —CINDY HESS KASPER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles