June 15, 2023

You are here:
ជីវិតប្រៀបដូចជារូបដែលផ្គុំចូលគ្នា

ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់តាំង​ធ្វើការល្អ​ក្នុង​អ្នករាល់គ្នា ទ្រង់​នឹង​ធ្វើឲ្យ​កាន់តែ​ពេញខ្នាត​ឡើង ទាល់តែដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ។ ភីលីព ១:៦ កាល​ក្រុម​គ្រួសារ​ខ្ញុំ​កំពុង​ធ្វើ​ចត្តាឡីស័ក ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​ទូទាំង​ពិភពលោក យើង​ក៏បាន​នាំគ្នា​លេងល្បែង​កម្សាន្ត​ធំ​មួយ ដោយ​ផ្គុំ​រូប​ដែល​មាន​បំណែក​រូ​បតូចៗ១ម៉ឺន៨ពាន់​គ្រាប់។ យើង​បាន​ខិតខំ​ផ្គុំ​រូប​នោះ​ស្ទើរតែ​រាល់ថ្ងៃ តែ​ជា​ញឹកញាប់​យើង​មាន​អារម្មណ៍​ថា យើង​មិនបាន​ផ្គុំ​រូប​នោះ​បាន​ច្រើន​ប៉ុន្មាន​ទេ។ រយៈពេល៥ខែ​បន្ទាប់ពី​យើង​បាន​ចាប់ផ្តើម​លេងល្បែង​កម្សាន្ត​នេះ ទី​ផុត​យើង​ក៏បាន​ធ្វើការ​អបអរ នៅពេល​ដែល​យើង​បាន​គ្រាប់​ចុងក្រោយ ចូល​ទៅ​ក្នុង​រូប​ដែល​យើង​បាន​ផ្គុំ ដែល​មាន​បណ្តោយ​ជិត៣ម៉ែត្រ និង​ទទឹង​ជិត២ម៉ែត្រ ដែល​បាន​គ្រប​ដណ្តប់​កម្រាលឥដ្ឋ ក្នុង​ផ្ទះបាយ​របស់​យើង។ ជួនកាល ខ្ញុំ​មាន​អារម្មណ៍​ថា ជីវិត​ខ្ញុំ​ហាក់ដូចជា​រូប​មួយ​ផ្ទាំង​ធំ​ដែល​បាន​ផ្គុំ​ចូលគ្នា ដោយ​បំណែក​តូច​ៗ​ជាច្រើន តែ​នៅ​មាន​បំណែក​រូប​ជាច្រើន​ទៀត នៅ​លើ​កម្រាលឥដ្ឋ ដែល​មិនទាន់​បាន​ផ្គុំ​ចូលគ្នា។ ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​កំពុង​កែប្រែ​ជីវិត​ខ្ញុំ ឲ្យ​កាន់តែ​មាន​លក្ខណៈ​ដូច​ព្រះយេស៊ូវ​ តែ​ជួនកាល ខ្ញុំ​ហាក់ដូចជា​មិនសូវ​ឃើញ​មានការ​រីកចម្រើន​ប៉ុន្មាន​ទេ។ ខ្ញុំ​បាន​ទទួល​កម្សាន្ត​ចិត្ត ពី​ព្រះបន្ទូល​ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​ភីលីព ដែល​ក្នុង​នោះ សាវ័ក​ប៉ុល​បាន​អធិស្ឋាន​ឲ្យ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ដោយ​អំណរ ដោយសារ​ការ​ល្អ​ដែល​ពួក​គេ​កំពុងតែ​ធ្វើ(១:៣-៤)។ តែ​គាត់​មិនបាន​ទុកចិត្ត​លើ​សមត្ថភាព​របស់​ពួក​គេ​នោះ​ទេ តែ​បាន​ទុកចិត្ត​ព្រះ​វិញ ដោយ​ជឿ​ថា ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់តាំង​ធ្វើការល្អ​ក្នុង​ពួក​គេ ទ្រង់​នឹង​ធ្វើឲ្យ​កាន់តែ​ពេញខ្នាត​ឡើង(ខ.៦)។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ធ្វើការ​ក្នុង​ជីវិត​យើង​ទាល់តែ​ចប់​សព្វគ្រប់។ កិច្ចការ​នោះ​មាន​លក្ខណៈ​ដូចជា​រូប​ដែល​នៅ​មាន​បំណែក​តូច​ៗ​ជាច្រើន ដែល​ត្រូវ​ផ្គុំ​ចូលគ្នា ហើយ​នៅពេល​ខ្លះ យើង​ហាក់ដូចជា​មិនសូវ​មានការ​រីកចម្រើន​ប៉ុន្មាន​ទេ។ តែ​យើង​អាច​មានទំនុក​ចិត្ត​ថា ព្រះ​ដ៏​ស្មោះត្រង់​របស់​យើង នៅតែ​បន្ត​ផ្គុំ​បំណែក​រូប​ទាំងនោះ​ចូលគ្នា ទាល់តែ​រូ​ប​ទាំង​មូល​មាន​ភាព​ពេញលេញ។—LISA M. SAMRA…

Read article