គ្រប់ជំហានទៅកាន់កាល់វ៉ារី សុទ្ធតែមានក្តីស្រឡាញ់

ដោយសារ​សេចក្តី​នេះ យើង​រាល់គ្នា​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះជន្ម​ទ្រង់​ជំនួស​យើង។ ១យ៉ូហាន ៣:១៦

សេចក្តី​ស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​សម្រាប់​យើង ក្នុង​ការ​សុគត គឺ​មានការ​តាំង​ព្រះទ័យ ដូចដែល​ការ​រងទុក្ខ​របស់​ព្រះអង្គ​ក៏បាន​ធ្វើឡើង​ដោយចេតនា​របស់​ព្រះអង្គ​ផង​ដែរ។ បើ​ព្រះអង្គ​មាន​ចេតនា ក្នុង​ការ​លះបង់​ព្រះជន្ម នោះ​គឺ​ដើម្បី​យើង​រាល់គ្នា។ នោះ​ជា​សេចក្តី​ស្រឡាញ់។

“កាលមុន​បុណ្យ​រំលង នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពេលកំណត់ ដែល​ទ្រង់​ត្រូវ​ចេញពី​លោកីយ៍​នេះ ទៅ​ឯព្រះវរបិតា​វិញ បាន​មកដល់​ហើយ ដូច្នេះ ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅក្នុង​លោកីយ៍​នេះ នោះ​ទ្រង់​ក៏​ចេះតែ​ស្រឡាញ់​គេ ដរាបដល់​ចុងបំផុត”(យ៉ូហាន ១៣:១)។

គ្រប់​ជំហាន ដែល​ព្រះអង្គ​យាង​ទៅ​កាល់​វ៉ា​រី គឺ​សុទ្ធតែ​បង្កប់​អត្ថន័យ “ខ្ញុំ​ស្រឡាញ់​អ្នក”។

ដូចនេះ ការពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ក្នុង​ការ​លះបង់​ព្រះជន្ម គឺ​បាន​ជួយ​យើង​ឲ្យដឹង​ថា ព្រះអង្គ​មានការ​តាំង​ព្រះទ័យ​ខ្លាំង​ប៉ុណ្ណា នៅក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។

ចូរ​យើង​មើល​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​បាន​បន្លឺ​ឡើង បន្ទាប់ពី​អំពើ​ហិង្សា​កើតឡើង នៅពេល​ដែល​សាវ័ក​ពេត្រុស​បាន​ប៉ុនប៉ង​កាប់​ក្បាល​​បាវរបស់​សម្តេច​សង្ឃ ត្រូវ​ស្លឹកត្រចៀក​ដាច់។

តែ​ព្រះយេស៊ូវ​មា​ន​ព្រះ​បន្ទូល​ទៅ​ថា “ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ តើ​អ្នក​ស្មានថា ខ្ញុំ​មិន​អាច​នឹង​សូម​ដល់​ព្រះវរបិតា​ខ្ញុំ​ឥឡូវ ដែល​ទ្រង់​នឹង​ចាត់​ពួក​ទេវតា១២កង មក​ខ្ញុំ​ជា១រំពេច​ទេ​ឬអី បើ​យ៉ាងនោះ ធ្វើ​ដូចម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថាត្រូវ​តែ​កើតមាន​ដូច្នេះ? (ម៉ាថាយ ២៦:៥២-៥៤)។

យើង​ត្រូវ​ដឹង​ថា ការ​សុគត​របស់​ព្រះយេស៊ូវ​ ត្រូវ​បាន​ថ្លែង​ទំនាយ​ទុក​ជា​លម្អិត ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់។ តែ​យើង​ត្រូវ​ដឹង​កាន់តែ​ច្បាស់​ថែមទៀត​ថា ព្រះយេស៊ូវ​បាន​ធ្វើការ​សម្រេច​ព្រះទ័យ​យ៉ាង​ជាក់លាក់ ឲ្យ​បទ​គម្ពីរ​ទាំងនោះ​បានសម្រេច។

ក្នុង​បទ​គម្ពីរ​ម៉ាថាយ ២៦:៥៤ ព្រះយេស៊ូវ​កំ​ពុង​តែ​ប្រាប់​យើង​ថា ព្រះអង្គ​អាច​គេច​ចេញពី​ទុក្ខវេទនា​នេះ តែ​បើ​ព្រះ​អង្គ​គេច ធ្វើ​ដូចម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថាត្រូវ​តែ​កើតមាន​ដូច្នេះ?

អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា ព្រះអង្គ​មិនបាន​ជ្រើសរើស​យក​ការ​គេច​ចេញពី​ការ​សុគត ដែល​ព្រះអង្គ​អាច​ធ្វើ​បាន ព្រោះ​ព្រះអង្គ​ជ្រាប​ថា​បទ​គម្ពីរ​ត្រូវ​សម្រេច។ ព្រះអង្គ​ជ្រាប​ថា មានការអ្វី​ខ្លះ​ដែល​ត្រូវតែ​កើតឡើង ដើម្បីឲ្យ​រាស្រ្ត​ព្រះអង្គ​បាន​សង្គ្រោះ។ ព្រះអង្គ​បាន​ជ្រើសរើស​យក​ការសម្រេច​បទ​ទំនាយ​ទាំងអស់​ដែល​បាន​ថ្លែង​ទុកជាមុន អំពី​ព្រះអង្គ ក្នុង​ព្រះបន្ទូល​ព្រះ។ ព្រះអង្គ​បានសម្រេច​ព្រះទ័យ​ស្រឡាញ់​រាស្រ្ត​ព្រះអង្គ​លើស​អ្វីៗ​ទាំងអស់ គ្រប់ពេលវេលា។ ហើយ​ព្រះអង្គ​ចង់​ឲ្យ​ពួក​គេ​ពិសោធន៍​នឹង​ក្តី​ស្រឡាញ់​ព្រះអង្គ។ ហើយ​ជាប់​នៅក្នុង​ព្រះអង្គ និង​មាន​សេរីភាព ហើយ​មានការ​ផ្លាស់​ប្រែ​ខុសប្លែក​ពី​លោកិយ។

More articles