ព្រះទ្រង់ប្រទានការបញ្ជាក់ តាមរយៈព្រះយេស៊ូវ

ដ្បិត​ទោះ​បើ​មាន​សេចក្តី​សន្យា​របស់​ព្រះ​យ៉ាងណាក៏ដោយ ក៏​នៅ​សុទ្ធតែ​ជា «បាទ»ក្នុង​ទ្រង់ ហើយ«អា​ម៉ែ​ន»ក្នុង​ទ្រង់​ដែរ សំរាប់​នឹង​ចំរើន​សិរីល្អ​ដល់​ព្រះ ដោយសារ​យើង​រាល់គ្នា។ ២កូរិនថូស ១:២០

ការអធិស្ឋាន ជា​កន្លែង​ដែល​អតីតកាល និង​ពេល​អនាគត​មានការ​តភ្ជាប់​គ្នា​ម្តង​ហើយ​ម្តង​ទៀត ក្នុង​ជីវិត​យើង។ ខ្ញុំ​សូម​លើកយក​រឿង​នេះ​មក​និយាយ នៅពេល​នេះ ព្រោះ​ក្នុង​ខ​នេះ សាវ័ក​ប៉ុល​បាន​តភ្ជាប់​ការអធិស្ឋាន ជាមួយនឹង​សេចក្តី​សន្យា​របស់​ព្រះ ដែល​សុទ្ធតែ “បាទ” តាមរបៀប​ដែល​គួរឲ្យ​ចាប់អារម្មណ៍។

ក្នុង​បទ​គម្ពីរ ២កូរិនថូស ១:២០ គាត់​ចង់​ប្រាប់​យើង​ថា ហេតុនេះ​ហើយ តាមរយៈ​ទ្រង់ នោះ​យើង​និយាយ​ថា អា​មែន ដល់​ព្រះ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ នេះ​បើ​យើង​និយាយ​ឲ្យ​ងាយ​ស្តាប់។

គឺ​ដូចដែល​គាត់​បាន​មានប្រសាសន៍​ថា “ដ្បិត​ទោះ​បើ​មាន​សេចក្តី​សន្យា​របស់​ព្រះ​យ៉ាងណាក៏ដោយ ក៏​នៅ​សុទ្ធតែ​ជា «បាទ»ក្នុង​ទ្រង់ ហើយ«អា​ម៉ែ​ន»ក្នុង​ទ្រង់​ដែរ សំរាប់​នឹង​ចំរើន​សិរីល្អ​ដល់​ព្រះ ដោយសារ​យើង​រាល់គ្នា”។

បើ​អ្នក​ឆ្ងល់​ថា ហេតុអ្វី​គ្រីស្ទបរិស័ទ​និយាយ​ថា អា​មែន នៅ​ចុងបញ្ចប់​នៃ​ការអធិស្ឋាន ហើយ​ឆ្ងល់​ថា ប្រពៃណី​នៃ​ការប្រើ​ពាក្យ​នេះ​មាន​ប្រភព​មក​ពីណា ខ្ញុំ​សូម​ឆ្លើយ​ដូចតទៅ។ ពាក្យ​អា​មែន គឺជា​ពាក្យ​ដែលគេ​យកចេញ​ពី​ភាសា​ហេព្រើរ មក​ប្រើ​ជា​ភាសា​ក្រិក​  ដោយ​គ្មាន​ការបកប្រែ គឺ​ដូចដែល​គេ​យក​មក​ប្រើ ជា​ភាសា​អង់គ្លេស និង​ភាសា​ភាគច្រើន ដោយ​គ្មាន​ការបកប្រែ។

ក្នុង​ភាសា​ហេព្រើរ ពាក្យ​នេះ​ជា​ការ​បញ្ជាក់​ដ៏​រឹងមាំ​ណាស់ (មើល​ជនគណនា ៥:២២ នេហេមា ៥:១៣ ៨:៦) ដែល​មាន​ន័យ​ថា “ខ្ញុំ​យល់ស្រប” ជា​ផ្លូវការ យ៉ាង​មធ្យ័ត ឬ​អស់​ពី​ចិត្ត​មែន ឬក៏ “ខ្ញុំ​សូម​បញ្ជាក់​នូវ​អ្វី​ដែល​ខ្ញុំ​ទើបតែ​និយាយ​ចេញ​មក” ឬ “នេះ​ជា​ការពិត​មែន”។ និយាយ​ឲ្យ​ងាយ​យល់ ពាក្យ “អា​មែន” គឺ​មានន័យថា “បាទ​ឬ​ចាស” ដោយ​អស់ពី​ចិត្ត ក្នុង​បរិបទ​នៃ​ការ​និយាយទៅ​កាន់​ព្រះ។

ឥឡូវនេះ សូម​កត់សំគាល់​ទំនាក់ទំនង រវាង​ផ្នែក​ទាំងពីរ​នៃ​បទ​គម្ពីរ ២កូរិនថូស ១:២០។ ផ្នែក​ទី១ចែងថា “ដ្បិត​ទោះ​បើ​មាន​សេចក្តី​សន្យា​របស់​ព្រះ​យ៉ាងណា​ក៏​ដោយ ក៏​នៅ​សុទ្ធតែ​ជា «បាទ»ក្នុង​ទ្រង់។ ផ្នែក​ទី២​ចែង​ថា “ហើយ«អា​ម៉ែ​ន»ក្នុង​ទ្រង់​ដែរ សំរាប់​នឹង​ចំរើន​សិរីល្អ​ដល់​ព្រះ ដោយសារ​យើង​រាល់គ្នា”។

ពេលណា​យើង​ដឹង​ថា ពាក្យ “អា​មែន” និង ពាក្យ “បាទ ឬ​ចាស” មាន​ន័យ​ដូចគ្នា នោះ​យើង​អាច​សម្រួល​បទ​គម្ពីរ​នេះ​ឲ្យ​ងាយ​យល់ថា ៖ ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ព្រះ​ទ្រង់​មាន​បន្ទូល​ថា “បាទ” មក​យើង តាមរយៈ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ ហើយ​ក្នុង​ព្រះគ្រីស្ទ យើង​និយាយ​ថា បាទ ឬ​ចាស នៅ​កាន់​ព្រះអង្គ តាមរយៈ​ការអធិស្ឋាន។

More articles