តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។ រ៉ូម ៨:២៨
បើអ្នករស់នៅ ក្នុងព្រះបន្ទូលសន្យាដ៏អស្ចារ្យនេះ ជីវិតអ្នកនឹងមានភាពរឹងមាំ និងនឹងនរ ជាងភ្នំអេរើរេសទៅទៀត។
គ្មានអ្វីអាចបក់ឲ្យអ្នកប៉ើងបានឡើយ ពេលណាអ្នកស្ថិតនៅក្នុងការហ៊ុមព័ទ្ធដោយកំផែងនៃបទគម្ពីរ រ៉ូម ៨:២៨។ នៅខាងក្រៅបទគម្ពីររ៉ូម ៨:២៨ អ្វីៗសុទ្ធតែមានភាពភាន់ភាំង ការថប់បារម្ភ ការភ័យខ្លាច និងភាពមិនច្បាស់លាស់។ នៅក្រៅព្រះបន្ទូលសន្យា អំពីព្រះគុណជាបរិបូរនៅពេលអនាគត គឺមានតែផ្ទះស្បូវ ដែលមានថ្នាំញៀន និងរូបអាសអាភាស និងការបង្វែរអារម្មណ៍ដែលគ្មានប្រយោជន៍រាប់សិបមុខ ឲ្យងាកចេញពីព្រះ។ មានជញ្ជាំងប្រហោង និងដំបូលស័ង្កសីនៃយុទ្ធសាស្ត្រវិនិយោគដ៏ផុយស្រួយ និងការធានារ៉ាប់រងរយៈពេលខ្លី និងគម្រោងចូលនិវត្តន៍មិនច្បាស់លាស់។ មានគន្លឹះទ្វារ ប្រព័ន្ធប្រកាសអាសន្ន ប្រព័ន្ធការពារអាកាសធ្វើពីក្រដាសឡាំង។ នៅខាងក្រៅនោះ មនុស្សព្យាយាមជំនួស បទគម្ពីរ រ៉ូម ៨:២៨ ដោយមធ្យោបាយរាប់ពាន់មុខ។
ពេលណាអ្នកដើរកាត់តាមទ្វារនៃសេចក្តីស្រឡាញ់ ចូលទៅក្នុងសំណង់ដ៏ធំសម្បើម និងមិនចេះរង្គោះរង្គើ នៃបទគម្ពីរ រ៉ូម ៨:២៨ អ្វីៗគ្រប់យ៉ាងមានការផ្លាស់ប្តូរ។ ភាពនឹងនរ ភាពស៊ីជម្រៅ និងសេរីភាពនឹងចូលទៅក្នុងជីវិតអ្នក។ គ្មានអ្វីអាចបក់ឲ្យអ្នកប៉ើងបានទៀតឡើយ។ យើងត្រូវមានទំនុកចិត្តថា ព្រះដែលមានអធិបតេយ្យភាព ទ្រង់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង គឺទាំងការឈឺចាប់ និងភាពសប្បាយរីករាយ ដើម្បីជាប្រយោជន៍យើង ព្រោះការមានទំនុកចិត្តដូចនេះ គឺជាទីជ្រកកោន សុវត្ថិភាព ក្តីសង្ឃឹម និងអំណាច ក្នុងជីវិតអ្នក ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។
ពេលណារាស្រ្តរបស់ព្រះ ពិតជារស់នៅ ដោយព្រះគុណនៃអនាគតកាល ដែលមានចែងក្នុងបទគម្ពីរ រ៉ូម ៨:២៨ រាប់ចាប់តាំងពីពេលមានជម្ងឺ រហូតដល់ពេលស្លាប់ក្តី ពួកគេជាមនុស្សដែលមានសេរីភាពបំផុត ខ្លាំងបំផុត និងសប្បុរសបំផុត ក្នុងពិភពលោក។
ពន្លឺរបស់ពួកគេបានចែងចាំង ជាហេតុនាំឲ្យគេសរសើរដំកើងព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ (ម៉ាថាយ ៥:១៦)។