ការឱបក្រសោបព្រះយេស៊ូវ

ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯបញ្ញត្ត​ទ្រង់ នោះ​មិនមែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ពីព្រោះ​គ្រប់​ទាំងអស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺជា​សេចក្តី​ជំនឿ​របស់​យើង។ ១យ៉ូហាន ៥:៣-៤

សូម​កត់សំគាល់​ថា ៖ ការ​ស្រឡាញ់​ព្រះ គឺ​មិនគ្រាន់​តែ​ធ្វើតាម​ព្រះរាជ​បញ្ជា​របស់​ព្រះអង្គ​ប៉ុណ្ណោះទេ។ ការ​ស្រឡាញ់​ព្រះ​ជា​ការ​មានចិត្ត​មួយ​ប្រភេទ សម្រាប់​ព្រះ​ដែល​មានន័យថា យើង​មិន​មាន​អារម្មណ៍​ថា ការ​កាន់​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះ មិនមែន​ជា​បន្ទុក​ធ្ងន់។ នេះ​បើ​យោង​តាម​កណ្ឌ​គម្ពីរ​យ៉ូហាន។ តែ​បន្ទាប់មក ព្រះអង្គ​ដាក់​សេចក្តី​ពិត​នោះ ក្នុង​ន័យ​ការ​កើតជា​ថ្មី និង​ជំនឿ ជាជាង​សេចក្តី​ស្រឡាញ់។ ព្រះអង្គ​មាន​បន្ទូល​ថា ហេតុនេះ​ហើយ ការ​កាន់​តាម​បញ្ញត្ត​របស់​ព្រះ មិនមែន​ជា​បន្ទុក​ធ្ងន់​នោះ​ទេ ៖ “ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិនមែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ពីព្រោះ​គ្រប់​ទាំងអស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺជា​សេចក្តី​ជំនឿ​របស់​យើង”។

ហើយ​នៅទីបញ្ចប់​ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា “តើ​អ្នកណា​ជា​អ្នកឈ្នះ​លោកីយ៍ បើ​មិនមែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ”។ ដូចនេះ ការ​កើតជា​ថ្មី​ជម្នះ​ឧបសគ្គ​របស់​លោកិយ ដែល​រារាំង​ការ​កាន់​តាម​បញ្ញត្តិ ដោយ​គ្មាន​បន្ទុក ព្រោះ​ការ​កើតជា​ថ្មី នាំឲ្យ​យើង​មាន​ជំនឿ។ ដូចនេះ ការ​អស្ចារ្យ​នៃ​ការ​កើតជា​ថ្មី​បង្កើត​ឲ្យ​មាន​ជំនឿ ដែល​ឱបក្រសោប​អ្វី​គ្រប់យ៉ាង ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​យើង ក្នុង​ព្រះគ្រីស្ទ ដែល​នាំឲ្យ​ស្កប់ចិត្ត​លើស​អ្វី​ទាំងអស់ ដែល​នាំឲ្យ​យើង​កាន់តែ​ចង់​ស្តាប់​បង្គាប់​ព្រះ ជាជាង​តាម​ការ​ល្បួង​របស់​លោកិយ។ នេះ​ហើយ​ជា​អត្ថន័យ​នៃ​ការ​ស្រឡាញ់​ព្រះ។

លោក​យ៉ូណាថាន អេដវើត(Jonathan Edwards) ជា​ទេវវិទូ និង​គ្រូគង្វាល​នៅ​សតវត្សរ៍​ទី១៨ មានការ​ពិបាក​ក្នុង​ការ​ស្វែងយល់​បទ​គម្ពីរ​នេះ ហើយក៏​បាន​សន្និដ្ឋាន​ថា “ជំនឿ​ដែល​នាំឲ្យ​បាន​សង្គ្រោះ​ ក៏បាន​និយាយបង្ហើប​អំពី … សេចក្តី​ស្រឡាញ់​… សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ ដែល​ជួយ​យើង​ឲ្យ​អាច​ឈ្នះ​ការ​លំបាក ក្នុង​ការ​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ ដែល​បង្ហាញថា សេចក្តី​ស្រឡាញ់​ជា​សេចក្តី​ដ៏​សំខាន់ ក្នុង​ជំនឿ​ដែល​នាំឲ្យ​បាន​សង្គ្រោះ​ ជា​ជីវិត និង​អំណាច​នៃ​ជំនឿ ដែល​ជួយ​ឲ្យ​ជំនឿ​បង្កើត​លទ្ធផល​ដ៏​អស្ចារ្យ”។

ខ្ញុំ​ជឿ​ថា លោក​អេដវើត មានប្រសាសន៍​ត្រូវ ហើយ​ស្របតាម​បទ​គម្ពីរ​ជាច្រើន។

អាច​និយាយ​ម្យ៉ាងទៀត​ថា ជំនឿ​លើ​ព្រះគ្រីស្ទ គឺ​មិនគ្រាន់​តែ​ទទួលស្គាល់​អ្វី​ដែល​ព្រះ​ទ្រង់​មាន សម្រាប់​យើង​ប៉ុណ្ណោះទេ តែ​ក៏បាន​ឱបក្រសោប​អ្វី​គ្រប់យ៉ាង​ដែល​ព្រះ​ទ្រង់​មាន សម្រាប់​យើង​ក្នុង​ព្រះគ្រីស្ទ។ លោក​អេដវើត​ក៏​មានប្រសាសន៍​ផង​ដែរ​ថា “ជំនឿ​ពិត​ឱបក្រសោប​ព្រះគ្រីស្ទ តាម​សេចក្តី​ណាក៏ដោយ ដែល​ព្រះគម្ពីរ​បាន​ចែង អំពី​ការដែល​ព្រះអង្គ​យាង​មក​រក​មនុស្ស​មាន​បាប​ដ៏​កំសត់”។ “ការ​ឱបក្រសោប” នេះ​ជា​សេចក្តី​ស្រឡាញ់​មួយ​ប្រភេទ ដែល​យើង​មាន​ចំពោះ​ព្រះគ្រីស្ទ ដែល​ចាត់ទុក​ព្រះអង្គ​ជា​កំណប់ទ្រព្យ​មានតម្លៃ​លើស​អ្វីៗ​ទាំងអស់។

ដូចនេះ ខ.៣ និង​ខ.៤ ក្នុង​បទ​គម្ពីរ ១យ៉ូហាន ជំពូក៥ មិនបាន​និយាយ​ផ្ទុយគ្នា​នោះ​ទេ គឺ​ដូច​ដែល ខ.៣ បាន​ចែង​ថា សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ ជួយ​ឲ្យ​យើង​អាច​កាន់​តាម​បញ្ញត្តិ​របស់​ព្រះអង្គ ហើយ ខ.៤ ចែងថា ជំនឿ​យើង​ជម្នះ​ឧបសគ្គ​របស់​លោកិយ ដែល​រារាំង​យើង​មិន​ឲ្យ​ស្តាប់​តាម​បញ្ញត្តិ​របស់​ព្រះ។ សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និង​ព្រះគ្រីស្ទ គឺ​បាន​បង្ហាញ​ចេញ​មក ដោយ​មិន​ផ្ទាល់ ក្នុង​សេចក្តី​ជំនឿ។

បន្ទាប់មក កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​បកស្រាយ​ថា ជំនឿ​ដែល​ស្តាប់​បង្គាប់​គឺ​ជា “អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ”(១យ៉ូហាន ៥:៥)។ ជំនឿ​នេះ “ឱបក្រសោប” ព្រះយេស៊ូវ​ក្នុង​ពេល​បច្ចុប្បន្ន ដោយ​ទទួលស្គាល់​ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះ​ពេញដោយ​សិរីល្អ។ គឺ​មិនគ្រាន់​តែ​ទទួលស្គាល់​សេចក្តី​ពិត​ដែល​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ព្រោះ​អារក្ស​ក៏​ជឿ​ថា​ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ផង​ដែរ។ “នោះ​វា​ស្រែក​ឡើង​ថា ឱ​ព្រះយេស៊ូវ​ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​អើយ តើ​យើង​ហើយ និង​ទ្រង់​មានការអ្វី​នឹងគ្នា តើ​ទ្រង់​បាន​យាង​មក​ទីនេះ ដើម្បីនឹង​ធ្វើទុក្ខ​ដល់​យើង​មុន​កំណត់​ឬអី”(ម៉ាថាយ ៨:២៩)។ ការ​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ គឺជា “ការ​ឱបក្រសោប” អត្ថន័យ​នៃ​សេចក្តី​ពិត​នោះ ដែល​ជា​តម្លៃ​នៃ​ការពិត​នោះ។ បាន​សេចក្តី​ថា យើង​មានការ​ស្កប់ចិត្ត ចំពោះ​ព្រះគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ចំពោះ​អ្វី​គ្រប់យ៉ាង​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​យើង ក្នុង​ព្រះអង្គ។

More articles