“ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដល់ពួកឈ្លើយទាំងប៉ុន្មាន ដែលទ្រង់បានឲ្យគេដឹកជាឈ្លើយ ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនថា ចូរឲ្យឯងរាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ … ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះ បានសេចក្តីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្តីសុខរបស់ក្រុងនោះ ឯងរាល់គ្នានឹងបានសេចក្តីសុខដែរ”។ យេរេមា ២៩:៤-៥,៧
ក្នុងបទគម្ពីរខាងលើនេះ បើពាក្យពេចន៍ដែលព្រះអម្ចាស់បានមានបន្ទូលមកកាន់ពួកដែលបាននិរទេស ចូលចក្រភពបាប៊ីឡូន ជាសេចក្តីពិត នោះព្រះបន្ទូលនេះក៏ជាសេចក្តីពិតសម្រាប់គ្រីស្ទបរិស័ទជាងអម្បាលម៉ានទៀត ខណៈពេលដែលពួកគេកំពុងរស់នៅ ក្នុងការនិរទេស ក្នុងលោកិយ ដែលមានលក្ខណៈដូចចក្រភពបាប៊ីឡូន។ ដូចនេះ តើយើងត្រូវធ្វើដូចម្តេច?
យើងគួរតែធ្វើកិច្ចការដ៏សាមញ្ញ ដែលចាំបាច់ត្រូវធ្វើ ដូចជាការសង់ផ្ទះ រស់នៅក្នុងផ្ទះនោះ និងបង្កើតសួនច្បារជាដើម។ ការនេះមិននាំឲ្យអ្នកខុសឆ្គងឡើយ បើអ្នកធ្វើវា ថ្វាយព្រះដែលជាក្សត្រដ៏ពិត តែមិនមែនដើម្បីផ្គាប់ចិត្តមនុស្ស។
ចូរស្វែងរកសេចក្តីសុខ សម្រាប់ទីកន្លែង ដែលព្រះបានចាត់ឲ្យអ្នកទៅ។ ចូរគិតថា ព្រះទ្រង់បានចាត់អ្នកឲ្យទៅទីនោះ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ ព្រោះនេះជាការពិតមែន។
ចូរអធិស្ឋានឲ្យទីក្រុងដែលអ្នកកំពុងរស់នៅ។ ចូរទូលសូមព្រះអម្ចាស់ ប្រទានការអស្ចារ្យ និងការល្អ ឲ្យកើតឡើង សម្រាប់ទីក្រុងនោះ។ ចូរសូមឲ្យការទាំងនោះកើតឡើង ដោយអំណាចព្រះអង្គ និងដើម្បីសិរីល្អព្រះអង្គ។ ចូរកុំភ្លេចតម្រូវការធំបំផុត ដែលទីក្រុងនោះត្រូវការ ខ្លាំងជាងភាពចម្រុងចម្រើនផ្នែកសម្ភារៈរាប់ពាន់ដង។ គ្រីស្ទបរិស័ទយកចិត្តទុកដាក់ ចំពោះទុក្ខវេទនាគ្រប់យ៉ាង ជាពិសេសទុក្ខវេទនាអស់កល្បជានិច្ច។ វាជាគ្រោះថ្នាក់ធំបំផុត ដែលទីក្រុងនីមួយៗជួបប្រទះ។
តែព្រះ និងរាស្រ្តរបស់ព្រះអង្គ តែងតែយកព្រះទ័យទុកដាក់ ចំពោះសុខភាព សុវត្ថិភាព ភាពសម្បូរសប្បាយ និងសេរីភាពនៃទីក្រុងជានិច្ច។ យើងរាល់គ្នាសុទ្ធតែចង់បានសេចក្តីទាំងនេះ ហើយព្រះយេស៊ូវមានបន្ទូលថា “ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង”(ម៉ាថាយ ២២:៣៩)។ តាមពិត ព្រះអម្ចាស់មានបន្ទូលក្នុងកណ្ឌគម្ពីរយេរេមាថា ការស្រឡាញ់ទីក្រុងរបស់អ្នក គឺជារបៀបដែលយើងស្រឡាញ់ខ្លួនឯង ហេតុនេះហើយព្រះអង្គបានបង្គាប់ថា “ក្នុងសេចក្តីសុខរបស់ក្រុងនោះ ឯងរាល់គ្នានឹងបានសេចក្តីសុខដែរ”។
ការនេះមិនមានន័យថា យើងបោះបង់ចោលភាពជាជននិរទេសនោះទេ។ សាវ័កពេត្រុសបានមានប្រសាសន៍ថា គ្រីស្ទបរិស័ទជា “ពួកប្រទេសក្រៅ និងពួកអ្នកដែលគ្រាន់តែសំណាក់នៅ”(១ពេត្រុស ២:១១) ហើយសាវ័កប៉ុលក៏មានប្រសាសន៍ផងដែរថា “យើងជាសាសន៍ស្ថានសួគ៌”(ភីលីព ៣:២០)។ តាមពិត យើងអាចធ្វើការល្អបានច្រើនបំផុត សម្រាប់លោកិយនេះ ដោយបន្តប្រកាន់ខ្ជាប់នូវសេរីភាព រួចផុតពីការទាក់ទាញរបស់វា។ យើងនឹងបម្រើទីក្រុងរបស់យើងបានល្អបំផុត ដោយនាំមនុស្សក្នុងទីក្រុងនោះឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ឲ្យពួកគេក្លាយជាពលរដ្ឋនៃ “ទីក្រុងយេរូសាឡិម” របស់ព្រះនៅស្ថានលើ(កាឡាទី ៤:២៦)។
ដូចនេះ ចូរយើងរស់នៅ ចូរយើងធ្វើការល្អឲ្យបានច្រើន(១ពេត្រុស ២:១២) ដើម្បីឲ្យគេអាចជួបជាមួយព្រះដ៏ជាស្តេចនៃយើង។