អំណាចនៃការអត់ទោសបាប រំដោះយើងឲ្យមានសេរីភាព

“បាប​នាង​បាន​អត់ទោស​ឲ្យ​នាង​ហើយ”។ លូកា ៧:៤៨

មាន​ស្រ្តី​ម្នាក់​បាន​ចូល​មករ​ក​ព្រះយេស៊ូវ​ ដោយ​ការ​ទួញ​យំ ហើយក៏​បាន​លាង​ព្រះបាទ​ព្រះអង្គ។ យើង​អាច​ដឹង​ច្បាស់​ថា នាង​មាន​អារម្មណ៍​អៀន​ខ្មាស ព្រោះ​កែវភ្នែក​របស់​លោក​ស៊ីម៉ូន​ចង់​បង្ហាញ​ដល់​មនុស្ស​ម្នាក់​ៗ ដែល​មាន​វត្តមាន​នៅ​ទីនោះ​ថា ស្រ្តី​នេះ​ជា​មនុស្ស​មាន​បាប ហើយ​ចង់​បង្ហាញថា ព្រះយេស៊ូវ​គ្មាន​មូលហេតុ​អ្វី ដែល​ត្រូវឲ្យ​នាង​ប៉ះ​ព្រះបាទ​ព្រះអង្គ​នោះ​ឡើយ។

ជា​ការពិត​ណាស់ នាង​ជា​មនុស្ស​មាន​បាប។ មាន​ពេល​ដែល​យើង​មាន​ភាព​អា​ម៉ាស​ពិតប្រាកដ តែ​មិន​អា​ម៉ាស​ជា​រៀង​រហូត​នោះ​ទេ។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា ព្រះអង្គ​បាន​អត់ទោស​បាប​ឲ្យ​នាង​ហើយ (លូកា ៧:៤៨)។ ពេល​ដែល​ភ្ញៀវ​ទាំងឡាយ​កំពុង​រអ៊ូ​អំពី​រឿង​នេះ ព្រះអង្គ​ក៏បាន​ពង្រឹង​ជំនឿ​នាង​ថា “សេចក្តី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ ឲ្យបាន​ប្រកបដោយ​សេចក្តី​សុខ​ចុះ”(លូកា ៧:៥០)។

តើ​ព្រះយេស៊ូវ​បាន​ជួយ​នាង​ជម្នះ​ផលវិបាក​នៃ​ក្តី​អាម៉ាស់ ដោយ​របៀបណា? គឺ​ព្រះអង្គ​បាន​មាន​បន្ទូល​សន្យា​នាង​ថា “សេចក្តី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ ឲ្យបាន​ប្រកបដោយ​សេចក្តី​សុខ​ចុះ”។ ត្រង់​ចំណុច​នេះ ព្រះអង្គ​បាន​ប្រកាស​ថា ឥឡូវនេះ ការ​អត់ទោស ចំពោះ​អំពើបាប​ពី​អតីតកាល​បាន​នាំមក​នូវ​សេចក្តី​សុខសាន្ត ឬ​សន្តិភាព ក្នុង​ពេល​អនាគត​ហើយ។

ដូចនេះ បញ្ហា​របស់​នាង​នៅពេល​នេះ គឺ​ត្រូវ​មាន​ជំនឿ​លើ​ព្រះគុណ​របស់​ព្រះ សម្រាប់​ពេល​អនាគត ដែល​បាន​ចាក់ឫស​ចូល​ទៅ​ក្នុង​ព្រះរាជកិច្ច​នៃ​ការ​អត់ទោស​បាប​របស់​ព្រះយេស៊ូវ​ និង​ព្រះបន្ទូល​ដែល​រំដោះ​ឲ្យ​មាន​សេរីភាព។ នេះ​ជា​របៀប ដែល​យើង​ម្នាក់​ៗ​ត្រូវ​តយុទ្ធ​នឹង​ភាព​អា​ម៉ាស​ដ៏​ត្រឹមត្រូវ មិនមែន​ក្តី​អា​ម៉ាស​ក្លែងក្លាយ តែ​ក្តី​អា​ម៉ាស​ដែល​យើង​ពិតជា​មាន​មែន ក្តី​អា​ម៉ាស​ដែល​គំរាម​ថា នឹង​នៅ​បន្ត​មាន​យូរ​ពេក ធ្វើឲ្យ​យើង​រក​ធ្វើអ្វី​មិនកើត។

យើង​ត្រូវតែ​ជម្នះ​ការ​មិន​ជឿ ដោយសារ​ភាព​អា​ម៉ាស​ដែល​បណ្តាល​ឲ្យ​យើង​ធ្វើអ្វី​មិនកើត ដោយ​ប្រកាន់​ខ្ជាប់​នូវ​ព្រះបន្ទូល​សន្យា អំពី​ព្រះគុណ និង​សន្តិភាព​ក្នុង​ពេល​អនាគត ដែល​បាន​ប្រទាន​មក តាមរយៈ​ការ​អត់ទោស​របស់​ព្រះ ចំពោះ​ការប្រព្រឹត្ត​ដ៏​អា​ម៉ាស​របស់​យើង។

  • “ទ្រង់​មាន​ព្រះហឫទ័យ​អត់ទោស​វិញ ដើម្បីឲ្យ​គេ​បាន​កោតខ្លាច​ដល់​ទ្រង់”(ទំនុកដំកើង ១៣០:៤)។
  • “ចូរ​ស្វែងរក​ព្រះយេហូវ៉ា ក្នុង​កាលដែល​អាច​នឹង​រក​ទ្រង់​ឃើញ ហើយ​អំពាវនាវ​ដល់​ទ្រង់ ក្នុង​កាលដែល​ទ្រង់​គង់នៅ​ជិត​ចុះ ត្រូវឲ្យ​មនុស្ស​អាក្រក់​បោះបង់ចោល​ផ្លូវ​របស់​ខ្លួន ហើយ​ឲ្យ​មនុស្ស​ទុច្ចរិត​ចោល​គំនិតអាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះយេហូវ៉ា​វិញ នោះ​ទ្រង់​នឹង​អាណិត​មេត្តា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់គ្នា ដ្បិត​ទ្រង់​នឹង​អត់ទោស​ឲ្យ​ជា​បរិបូរ”(អេសាយ ៥៥:៦-៧)។
  • “បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មានព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍នឹង​អត់ទោស​បាប​ឲ្យ​យើង ហើយនិង​សំអាត​យើង ពី​គ្រប់​អំពើទុច្ចរិត​ទាំងអស់​ផង”(១យ៉ូហាន ១:៩)។
  • “ពួក​ហោរា​សុទ្ធតែ​ធ្វើ​បន្ទាល់​ពី​ទ្រង់​ថា អស់អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​បាន​រួចពី​បាប ដោយសារ​ព្រះនាម​ទ្រង់”(កិច្ចការ ១០:៤៣)។

យើង​រាល់គ្នា​សុទ្ធតែ​ត្រូវការ​ការ​អត់ទោស​បាប។ ហើយ​យើង​ក៏​ត្រូវការ​វា​នៅ​ថ្ងៃស្អែក​ផង​ដែរ។ ព្រះយេស៊ូវ​សុគត ដើម្បី​ប្រទាន​ការ​អត់ទោស​បាប​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ នៅ​ថ្ងៃនេះ និង​ថ្ងៃស្អែក ការពិត​នោះ​គឺ ៖ ការ​អត់ទោស​បាប​របស់​ព្រះ​រំដោះ​យើង​ឲ្យ​មាន​សេរីភាព សម្រាប់​ពេល​អនាគត​របស់​យើង។ ពោល​គឺ​រំដោះ​យើង​ឲ្យ​រួចផុត​ពី​ក្តី​អា​ម៉ាស​ដែល​បណ្តាល​ឲ្យ​យើង​រក​ធ្វើអ្វី​មិនកើត។ ការ​អត់ទោស​បាប គឺ​មាន​ពេញដោយ​ព្រះគុណ​សម្រាប់​ពេល​អនាគត។

ពេលណា​យើង​រស់នៅ ដោយ​ជំនឿ​ទៅលើ​ព្រះគុណ​នៃអនាគតកាល ដែល​បាន​ចាក់ឫស​ក្នុង​ការ​អត់ទោស​បាប​របស់​ព្រះ យើង​មាន​សេរីភាព​រួចផុត​ពី​ផលវិបាក​ដ៏​រាំ​រ៉ៃ នៃ​ក្តី​អា​ម៉ាស ដែល​បណ្តាល​ឲ្យ​យើង​រក​ធ្វើអ្វី​មិនកើត ដែល​យើង​សមនឹង​មាន។ នោះ​ហើយ​ជា​អត្ថន័យ​នៃ​ការ​អត់ទោស​បាប។

 

More articles