ព្រះអង្គមិននឹកចាំពីអំពើបាបគេទៀតទេ

យេរេមា ៣១:២៧-៣៤

អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ​។ យេរេមា ៣១:៣៤

កាលពី​ក្មេង មាន​ពេល​មួយ ខ្ញុំ​បាន​បើក​ឡាន​ភីក​អាប់​របស់​ជីតា​ខ្ញុំ រេ​ចង្កូត​ចុះ​ឡើងៗ នៅ​លើ​ទំនប់​។ ខ្ញុំ​បាន​បាត់បង់​ម្ចាស់​ការ ឡាន​នោះ​ក៏បាន​ផ្លោង​ចេញពី​ទំនប់​នោះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ហោះ​ហើរ​។ ខ្ញុំ​ចាំ​ថា កាល​នោះ ខ្ញុំ​បាន​គិតថា វា​ជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ ដែល​ខ្ញុំ​មិន​បាត់បង់​ជីវិត​នៅ​ថ្ងៃនោះ​។ មួយ​សន្ទុះ​ក្រោយមក ឡាន​នោះ​ក៏បាន​ចុះ​តាម​ជម្រាល​ដែល​ចោទ​ខ្លាំង ហើយ​ក៏​បាន​រមៀល​ជា​ច្រើន​ត្រឡប់​ទៅដល់​ខាង​ក្រោម​។ ខ្ញុំ​ក៏​បាន​វា​ចេញ​ពី​ឡាន​ដែល​ខ្ទេចខ្ទី ដោយ​សុវត្ថិភាព​។

ឡាន​ភីក​អាប់​នោះ​បាន​ខូច​ខាត​ទាំងស្រុង នៅ​ព្រឹក​ខែ​ធ្នូ ឆ្នាំ១៩៩២​។ ព្រះ​ទ្រង់​បាន​ទុក​ជីវិត​ឲ្យ​ខ្ញុំ​។ ចុះ​ចំណែកឯ​ជីតា​ខ្ញុំ​វិញ? តើ​គាត់​នឹង​ស្តី​បន្ទោស​ខ្ញុំ​ដូច​ម្តេច​ខ្លះ? តាម​ពិត គាត់​មិន​ដែល​និយាយ​សូម្បី​មួយ​ម៉ាត់ អំពី​ឡាន​នោះ​។ គាត់​មិន​បាន​ស្តី​បន្ទោស មិន​បាន​ឲ្យ​ខ្ញុំ​សង​ឡាន​គាត់វិញ គឺ​មិន​បាន​ធ្វើ​អ្វី​សោះ​។ គាត់​មានតែ​ការ​អត់​ទោស​ឲ្យ​ខ្ញុំ​ប៉ុណ្ណោះ​។ ហើយ​គាត់​ក៏​មាន​ទឹក​មុខ​ញញឹម ពេល​ដែល​បាន​ដឹង​ថា ខ្ញុំ​មិន​មាន​របួស​។

ការ​អត់ឱន​របស់​ជីតា​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះគុណ​ព្រះ ក្នុង​បទ​គម្ពីរ យេរេមា ជំពូក៣១​។ ទោះ​រាស្រ្ត​របស់​ព្រះអង្គ​បាន​ធ្វើ​អំពើបាប​ទាស់​នឹង​ព្រះអង្គ​ម្តង​ហើយ​ម្តង​ទៀត ព្រះអង្គ​បាន​សន្យា​ថា នឹង​ស្អាង​ទំនាក់​ទំនងជា​មួយ​ពួកគេ​ឡើង​វិញ ដោយ​មាន​បន្ទូល​ថា “អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ” (ខ.៣៤)។

ខ្ញុំ​ដឹង​ច្បាស់​ថា ជីតា​របស់​ខ្ញុំ មិន​ដែល​ភ្លេច​រឿង​ដែល​ខ្ញុំ​បាន​បំផ្លាញ​ឡាន​របស់​គាត់​ទេ​។ តែ​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ តាម​គំរូ​ព្រះអម្ចាស់ ដោយ​មិន​រំឭក​អំពី​វា មិន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​អា​ម៉ាស ហើយក៏​មិន​បាន​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ការ​រក​លុយ​សង​គាត់​ដែរ។ គាត់​បាន​សម្រេច​ចិត្ត​មិន​នឹក​ចាំ​អំ​ពី​វា​ទៀត គឺ​ធ្វើ​មើលតែ​ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អ្វី​ខុស​​ចំពោះ​គាត់​។—Adam R. Holz

តើ​ការ​អត់​ទោស​របស់​ព្រះ បាន​បង្រៀន​អ្នក​យ៉ាងណា​ខ្លះ អំពី​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ? តើ​អ្នក​អាច​បង្ហាញ​ព្រះគុណ​ព្រះអង្គ ដល់​អ្នក​ដទៃ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​អត់​ទោស​បាប​ទូល​បង្គំ​។ ពេល​ណា​ទូល​បង្គំ​នៅតែ​ប្រកាន់​ខ្ជាប់​សេចក្តី​អា​ម៉ាស សូម​ព្រះ​អង្គ​ដាស់​តឿន​ទូល​បង្គំ ឲ្យ​នឹក​ចាំ​ថា ព្រះអង្គ​មិន​បាន​នឹក​ចាំ​អំពី​បាប​របស់​ទូល​បង្គំ​ទៀត​ទេ​។

To learn more about the importance of offering forgiveness to others, visit ODBU.org/SF107-01-lecture.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បរិ​ទេវ ៣-៥ និង ហេព្រើរ ១០:១៩-៣៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles