កូនសោ​នៃ​បទពិសោធន៍

ហើយ​ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចំរើន​ដល់​អ្នករាល់គ្នា ប្រយោជន៍ឲ្យ​មាន​ទាំងអស់​គ្រប់គ្រាន់​ជានិច្ច ដើម្បីឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់ជំពូក។ ២កូរិនថូស ៩:៨

យើង​ដឹង​ថា ការ​មាន​ជំនឿ​ចំពោះ​ព្រះគុណ​របស់​ព្រះ​ដែល​មាន​ក្នុង​ពេល​អនាគត គឺជា​កូនសោ​នៃ​បទពិសោធន៍​របស់​យើង ដែល​នាំឲ្យ​យើង​មានចិត្ត​សប្បុរស ព្រោះ​ក្នុង​បទ​គម្ពីរ ២កូរិនថូស សាវ័ក​ប៉ុល​បាន​បង្ហាញ​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ​យ៉ាងដូច​នេះ​ថា ៖ « ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចំរើន​ដល់​អ្នករាល់គ្នា ប្រយោជន៍ឲ្យ​មាន​ទាំងអស់​គ្រប់គ្រាន់​ជានិច្ច ដើម្បីឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់ជំពូក»(២កូរិនថូស ៩:៨)។

អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា បើ​អ្នក​ចង់​មាន​សេរីភាព​រួចផុត​ពី​ការ​ត្រូវការ​ប្រមូល​ទ្រព្យ​ទុក បើ​អ្នក​ចង់បាន​ព្រះគុណ​ហៀរហូរ សម្រាប់​ធ្វើការល្អ​គ្រប់ជំពូក នោះ​ចូរ​ដាក់​ជំនឿ​របស់​អ្នក មក​លើ​ព្រះគុណ​ដែលនៅតែមានសម្រាប់យើង​ចុះ។ ចូរ​ទុកចិត្ត​ព្រះបន្ទូល​ដែល​បាន​សន្យា​ថា “ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចម្រើន​ដល់​អ្នករាល់គ្នា” ក្នុង​កាលៈទេសៈ​នី​មួយៗ នៅពេលអនាគត ដើម្បី​សម្រេច​គោលបំណង​មួយ​នេះ។

មុន​នេះ ខ្ញុំ​ទើបតែ​បាន​និយាយ​ថា ការ​មាន​ជំនឿ​លើ​ព្រះគុណដែលនៅតែមានសម្រាប់យើង “ជា​កូនសោ​នៃ​បទពិសោធន៍” នាំទៅរក​សេចក្តី​សប្បុរស តែ​ខ្ញុំ​មិនបាន​បដិសេធន៍​ថា យើង​ក៏​មានកូន​សោ​នៃ​ប្រវត្តិ​សាស្រ្ត​ផង​ដែរ។ យើង​មានកូន​សោ​នៃ​បទពិសោធន៍ និង​កូនសោ​នៃ​ប្រវត្តិ​សាស្រ្ត។ កាល​សាវ័ក​ប៉ុល​និយាយ​អំពី​ព្រះគុណ​ដែល​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​ទទួល គាត់​បាន​រំឭក​ពួក​គេ អំពី​កូនសោ​នៃ​ប្រវត្តិ​សាស្រ្ត នៃ​ព្រះគុណ​យ៉ាងដូច​នេះ​ថា “ដ្បិត​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏ដោយ គង់តែ​ទ្រង់​បាន​ត្រឡប់ជា​ក្រ ដោយ​ព្រោះ​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​មាន​ឡើង ដោយសារ​សេចក្តី​កម្រ​របស់​ទ្រង់” (២កូរិនថូស ៨:៩)។

បើ​គ្មាន​ព្រះរាជកិច្ច​នៃ​ព្រះគុណ​ជា​ប្រវត្តិ​សាស្រ្ត​នេះ​ទេ ទ្វារ​នៃ​សេចក្តី​សប្បុរស​ដែល​លើក​ដំកើង​ព្រះគ្រីស្ទ នឹង​នៅតែ​បិទ​ដដែល។ ព្រះគុណ​នៃ​ពេល​អតីតកាល ជា​កូនសោ​មិន​អាច​អត់​បាន ដែល​នាំទៅរក​សេចក្តី​ស្រឡាញ់។

ប៉ុន្តែ ចូរ​យើង​កត់សំគាល់ អំពី​របៀប​ដែល​ព្រះគុណ​នៃ​អតីតកាល​មានដំណើរ​ការ ក្នុង​ខនេះ។ ព្រះ​ទ្រង់​ធ្វើឲ្យ​ព្រះគុណ​នៃ​អតីតកាល ក្លាយជា​គ្រឹះ(ព្រះគ្រីស្ទ​ត្រឡប់ជា​ក្រ) របស់​ព្រះគុណ​ដែលនៅតែមានសម្រាប់យើង(ដើម្បីឲ្យ​យើង​មាន​ឡើង)។ ដូចនេះ កូនសោ​នៃ​ប្រវត្តិ​សាស្រ្ត ដែល​នាំទៅរក​សេចក្តី​សប្បុរស​របស់​យើង មានដំណើរ​ការ ដោយ​ដាក់​គ្រឹះ នៅ​ពីក្រោម កូនសោ​នៃ​បទពិសោធន៍ នៃ​ជំនឿ​ចំពោះ​ព្រះគុណ​ដែលនៅតែមានសម្រាប់យើង។

ដូចនេះ កូនសោ​នៃ​បទពិសោធន៍ បើក​ទៅ​រក​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស គឺ​ន័យ​ថា យើង​ត្រូវ​ដាក់​ជំនឿ​យ៉ាង​មំាំ​មួន ទៅលើ​ព្រះគុណដែលនៅតែមានសម្រាប់យើង ដែល​មានន័យថា “ព្រះ​ទ្រង់​អាច (នៅពេលអនាគត) ធ្វើឲ្យ​ព្រះគុណ(ដែលនៅតែមានសម្រាប់យើង) មាន​ភាព​បរិបូរ សម្រាប់​អ្នក” ដើម្បីឲ្យ​ព្រះ​ទ្រង់​បំពេញ​តម្រូវការ​របស់​អ្នក ហើយ​អ្នក​នឹងអាច​មាន​សេចក្តី​ស្រឡាញ់ នៃ​សេចក្តី​សប្បុរស​យ៉ាង​ហូរហៀរ។

សេរីភាព​រួចផុត​ពី​ភាព​លោភលន់ កើត​ចេញពី​ការ​មាន​ជំនឿ​ដោយចិត្ត​ស្កប់ស្កល់​យ៉ាង​ខ្លាំង មក​លើ​ព្រះគុណ ដែល​ព្រះ​ទ្រង់​នឹង​ប្រទាន​នៅពេលអនាគត។

More articles