ហេតុផល​ទាំង៥យ៉ាង ដែល​យើង​មាន​សេចក្តី​ទុក្ខ

គ្រប់ការ​ទាំងអស់​ផ្សំគ្នា សំរាប់​សេចក្តីល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំ​រិះ​ទ្រង់។ រ៉ូម ៨:២៨

យើង​កម្រ​នឹង​បានដឹង អំពី​មូល​ហេ​តុ​តូចៗ ដែល​បណ្តាល​ឲ្យ​យើង​មាន​សេចក្តី​ទុក្ខ តែ​ព្រះគម្ពីរ​ពិតជា​បាន​ផ្តល់​ឲ្យ​យើង នូវ​ហេតុ​ផល​ធំៗ ដែល​ជួយ​ទ្រទ្រង់​សេចក្តី​ជំនឿ​យើង។

ការ​មាន​របៀប​នឹក​ចាំ​អំពី​ហេតុផល​ទាំងនោះ គឺជា​ការ​ល្អ ព្រោះ​ពេលណា​ទុក្ខ​លំបាក​ស្រាប់តែ​កើតឡើង​ចំពោះ​យើង ឬ​យើង​មានឱកាស​ជួយ​អ្នកដទៃ ដែល​ជួបទុក្ខ​លំបាក យើង​អាច​នឹក​ចាំ អំពី​សេចក្តី​ពិត​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​យើង ដើម្បី​ជួយ​យើង កុំ​ឲ្យអស់​សង្ឃឹម។

ខាងក្រោម​នេះ ជា​របៀប​ដែល​យើង​អាច​នឹក​ចាំ ដែលគេ​អាច​ហៅថា ហេតុផល ៥ (បើ​វិធី​សាស្ត្រ​នេះ​មានប្រយោជន៍ សូម​ជ្រើសរើស​យក​តែ៣ ហើយ​ព្យាយាម​ចងចាំ)។

ហេតុ​ផល​ធំៗ ដែល​ព្រះ​ទ្រង់​ឲ្យ​យើង​មាន​សេចក្តី​ទុក្ខ រួមមាន ៖

១) ការ​ប្រែចិត្ត (Repentance) ៖ ព្រះ​ទ្រង់​ប្រើ​សេចក្តី​ទុក្ខ ដើម្បី​ត្រាស់​ហៅ​យើង និង​អ្នកដទៃ ឲ្យ​ងាក​បែរចេញ​ពី​ការ​ឲ្យ​តម្លៃ​អ្វីៗនៅ​លើ​ផែនដី​នេះ ខ្លាំង​ជាង​ព្រះ។ លូកា ១៣:៤-៥ ៖

“ឬ​ស្មាន​ថា ពួក១៨នាក់​ដែល​ប៉ម​ស៊ី​ឡោម​បាន​រលំ​មក​លើ​កិន​ស្លាប់​នោះ គេ​មានទោស​លើស​ជាង​មនុស្ស​ទាំងប៉ុន្មាន ដែល​នៅ​ក្រុង​យេ​រូ​សា​ឡិម​ឬអី ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មិនមែនទេ ប៉ុន្តែ​បើ​អ្នករាល់គ្នា​មិន​ប្រែចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំងអស់គ្នា​ដូច្នោះ​ដែរ”។

២) ការពឹងផ្អែក​លើ​ព្រះ (Reliance) ៖ ព្រះ​ទ្រង់​ប្រើ​សេចក្តី​ទុក្ខ ដើម្បី​ត្រាស់​ហៅ​យើង ឲ្យ​ទុកចិត្ត​ព្រះ ជាជាង​ទុកចិត្ត​លើ​អ្វីៗក្នុង​លោកិយ​នេះ ក្នុង​ការរស់នៅ។ ២កូរិនថូស ១:៨-៩ ៖

យើងខ្ញុំ​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃលែង ហួសពី​កំឡាំង​នៃ​យើងខ្ញុំ​ទៅទៀត ដល់​ម៉្លេះ​បាន​ជា​យើងខ្ញុំ​អស់សង្ឃឹម​នឹង​នៅ​រស់​ផង យើងខ្ញុំ​ក៏​មាន​សាន្ត​ក្រម​នៃ​សេចក្តី​ស្លាប់ នៅក្នុង​ខ្លួន​យើងខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​យើងខ្ញុំ​ទុកចិត្ត​ដល់​ខ្លួន​ឡើយ គឺ​ឲ្យ​ទុកចិត្ត​ដល់​ព្រះ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់ បាន​រស់​ឡើង​នោះ​វិញ។

៣) សេចក្តី​សុចរិត(Righteousness) ៖ សេចក្តី​ទុក្ខ​ជា​ការ​លត់ដំ​មក​ពី​ព្រះវរបិតា​នៃ​សេចក្តី​ស្រឡាញ់ ដែល​គង់នៅ​ស្ថានសួគ៌ ដើម្បីឲ្យ​យើង​មាន​សេចក្តី​សុចរិត និង​សេចក្តី​បរិសុទ្ធ​ជាមួយ​ព្រះអង្គ។ ហេព្រើរ ១២:៦,១០-១១:

“ដ្បិត​ព្រះអម្ចាស់​ទ្រង់​ផ្ចាញ់ផ្ចាល​ចំពោះ​អស់អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ ហើយ​ទ្រង់​វាយប្រដៅ​ដល់​អស់ទាំង​កូន​ដែល​ទ្រង់​ទទួល”… ព្រះអង្គ​លត់ដំ​យើង ដើម្បី​ប្រយោជន៍​យើង ដើម្បីឲ្យ​យើង​មាន​សេចក្តី​បរិសុទ្ធ​ជាមួយ​ព្រះអង្គ។ ពី​ដំបូង ការ​លត់ដំ​ហាក់ដូចជា​ធ្វើឲ្យ​យើង​ឈឺចាប់ ជាជាង​អរ​សប្បាយ តែ​ក្រោយមក ការ​លត់ដំ​ក៏បាន​បង្កើត​ផល​ផ្លែ​ដ៏​សុខសាន្ត នៃ​សេចក្តី​សុចរិត សម្រាប់​អ្នក​ដែល​បាន​ទទួលការ​បណ្តុះបណ្តាល​ពី​វា។

៤) រង្វាន់ (Reward) ៖ សេចក្តី​ទុក្ខ​កើតមានឡើង ដើម្បីឲ្យ​យើង​មាន​រង្វាន់​ដ៏​ធំ​ប្រសើរ នៅ​ស្ថានសួគ៌ ដែល​នឹង​សង​ឲ្យ​ការខាតបង់​នី​មួយៗ នៅ​លើ​ផែនដី​នេះ១ពាន់​ដង។ ២កូរិនថូស ៤:១៧ ៖

ទុក្ខ​លំបាក​ដ៏​ស្រាល ដែល​មានតែ​មួយរយៈពេល កំពុង​រៀបចំខ្លួន​យើង ដើម្បី​ទទួល​សិរីល្អ​ដ៏​អស់​កល្ប ដែល​គ្មានអ្វី​អាច​ប្រៀបផ្ទឹម​បាន។

៥) ចំណុច​ចុងក្រោយ​គឺ ការ​រំឭក (Reminder) ៖ សេចក្តី​ទុក្ខ គឺជា​ការ​រំឭក​យើង​ថា ព្រះ​ទ្រង់​បាន​ចាត់​ព្រះរាជបុត្រា ចូល​មក​ក្នុង​ផែនដី ឲ្យ​រងទុក្ខ ដើម្បីកុំឲ្យ​សេចក្តី​ទុក្ខ​យើង ក្លាយជា​ការ​ថ្កោលទោស​របស់​ព្រះ តែ​ជា​ការ​ញែក​យើង​ជា​បរិសុទ្ធ។ ភីលីព ៣:១០ ៖

ដើម្បីឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់ និង​ព្រះ​ចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើងវិញ ហើយនិង​សេចក្តី​ប្រកប​ក្នុង​ការ​រងទុក្ខ​របស់​ទ្រង់​… ។

ដូចនេះ វា​ជា​រឿង​ដែល​យើង​អាច​យល់​បាន ពេល​ដែល​គ្រីស្ទបរិស័ទ​មានទុក្ខ​លំបាក ពួក​គេ​ស្រែកយំ​ក្នុងចិត្ត​ថា “ហេតុអ្វី?” ព្រោះ​យើង​មិនបាន​ដឹង​អំពី​មូល​ហេ​តុ​តូចៗ ដែល​បណ្តាល​ឲ្យ​យើង​មាន​សេចក្តី​ទុក្ខ គឺ​មិនដឹង​ថា ហេតុអ្វី​យើង​មានទុក្ខ​នៅពេល​នេះ ហេតុអ្វី​យើង​មានទុក្ខ​យ៉ាងដូច​នេះ ហេតុអ្វី​យើង​មានទុក្ខ​យូរ​យ៉ាងនេះ? តែ​ចូរ​យើង​កុំ​បណ្តោយ​ឲ្យ​ការ​មិនដឹង​អំពី​មូល​ហេ​តុ​តូចៗ បណ្តាល​ឲ្យ​យើង​មើល​រំលង​ជំនួយ​ដ៏​ធំ​សម្បើម ដែល​ព្រះ​ប្រទាន ក្នុង​ព្រះបន្ទូល​ព្រះអង្គ ដោយ​ប្រាប់​យើង អំពី​ហេតុ​ផល​ធំៗ​ដែល​ព្រះអង្គ​មាន​សម្រាប់​យើង​នោះ​ឡើយ។

“ចុះ​អ្នករាល់គ្នា​បានឮ​និយាយ ពី​សេចក្តី​អត់ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏បាន​ឃើញថា​ដល់​ចុងបំផុត នោះ​ព្រះអម្ចាស់​ទ្រង់​មានព្រះហឫទ័យ​មេត្តាករុណា និង​សេចក្តី​អាណិតអាសូរ​ពោរពេញ​ដែរ” (យ៉ាកុប ៥:១១)។

More articles