កាលមុនដែលទូលបង្គំកើតទុក្ខព្រួយ នោះទូលបង្គំបានវង្វេងទៅ តែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ។ ទំនុកដំកើង ១១៩:៦៧
ខគម្ពីរនេះបានបង្ហាញថា ព្រះទ្រង់ប្រទានទុក្ខលំបាកមក ដើម្បីជួយឲ្យយើងរៀនព្រះបន្ទូលព្រះអង្គ។ តើរឿងនេះអាចកើតឡើងបាន ដោយរបៀបណា? តើទុក្ខលំបាកជួយឲ្យយើងរៀន និងស្តាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គ ដោយរបៀបណា?
មានចម្លើយរាប់មិនអស់ សម្រាប់សំណួរនេះ ក៏ដូចជាមានបទពិសោធន៍ច្រើនរាប់មិនអស់ ជាមួយសេចក្តីមេត្តាដ៏អស្ចារ្យនេះ។ តែខ្ញុំសូមបង្ហាញចម្លើយ៥យ៉ាង ខាងក្រោមនេះដូចតទៅ ៖
ទុក្ខលំបាកនាំឲ្យយើងងាកចេញពីគំនិតរាក់កំផែល ហើយធ្វើឲ្យយើងមានគំនិតស៊ីជម្រៅ ដើម្បីឲ្យផ្នត់គំនិតយើង កាន់តែសមស្របនឹងភាពស៊ីជម្រៅនៃព្រះបន្ទូលព្រះ។ ហើយសូមកត់ចំណាំថា ៖ ក្នុងព្រះគម្ពីរដែលជាសៀវភៅរបស់ព្រះ គឺគ្មានទំព័រណា ដែលមានអត្ថន័យរាក់កំផែលទេ។
ទុក្ខលំបាករុញច្រានយើងឲ្យឈប់ពឹងផ្អែកលើលោកិយ ហើយជំរុញចិត្តយើង ឲ្យពឹងផ្អែកលើព្រះវិញ ដែលនាំឲ្យយើងកាន់តែមានភាពស៊ីគ្នានឹងគោលបំណងនៃព្រះបន្ទូលព្រះ។ ដ្បិតគោលបំណងនៃព្រះបន្ទូលព្រះ គឺដើម្បីឲ្យយើងមានសង្ឃឹម ក្នុងព្រះអង្គ ហើយទុកចិត្តព្រះអង្គ។ “ដ្បិតអស់ទាំងសេចក្តីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្តីសង្ឃឹម ដោយសេចក្តីអត់ធន់ និងសេចក្តីកំសាន្តចិត្ត ដោយសារគម្ពីរ” (រ៉ូម ១៥:៤)។ “ព្រះយេស៊ូវក៏ធ្វើទីសំគាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុកក្នុងសៀវភៅនេះទេ”(យ៉ូហាន ២០:៣១)។
ទុក្ខលំបាកធ្វើឲ្យយើងបើកមើលព្រះគម្ពីរ ដោយការស្រេកឃ្លានរកជំនួយ ជាជាងរាប់ទុក្ខលំបាកជាភាពបន្ទាប់បន្សំនៃជីវិត។ “ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត” (យេរេមា ២៩:១៣)។
ទុក្ខលំបាកនាំឲ្យយើងមានចំណែក នៅក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យយើងមានការប្រកបកាន់តែស្និទ្ធស្នាលជាមួយព្រះអង្គ ហើយមើលឃើញលោកិយ ដូចដែលព្រះអង្គទតឃើញវា។ សាវ័កប៉ុលមានចិត្តស្រេកឃ្លានចង់ “ស្គាល់ទ្រង់ និងព្រះចេស្ដានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្តីស្លាប់ផង”(ភីលីព ៣:១០)។
ទុក្ខលំបាកបង្អាប់សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលបោកបញ្ឆោត និងបង្វែរអារម្មណ៍យើងចេញពីព្រះ ហើយទុក្ខលំបាកនាំយើងចូលទៅក្នុងការរស់នៅដែលមានលក្ខណៈខាងវិញ្ញាណកាន់តែខ្លាំង ហើយធ្វើឲ្យយើងកាន់តែងាយស្រួលទទួលព្រះបន្ទូលខាងវិញ្ញាណរបស់ព្រះ។ “ដូច្នេះ ដែលព្រះគ្រីស្ទទ្រង់បានរងទុក្ខក្នុងសាច់ឈាមជំនួសយើងរួចហើយ នោះត្រូវឲ្យអ្នករាល់គ្នាមានគំនិតដូច្នោះដែរ ទុកជាគ្រឿងការពារខ្លួន ដ្បិតអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម នោះបានឈប់ខាងឯអំពើបាបហើយ”(១ពេត្រុស ៤:១)។ ទុក្ខលំបាកមានផលប៉ះពាល់ដ៏អស្ចារ្យ ដែលសម្លាប់អំពើបាប។ កាលណាយើងកាន់តែបរិសុទ្ធ នោះយើងឃើញព្រះកាន់តែច្បាស់ផងដែរ(ម៉ាថាយ ៥:៨)។
សូមព្រះវិញ្ញាណព្រះអង្គ ប្រទានព្រះគុណដល់យើងរាល់គ្នា ដើម្បីកុំឲ្យយើងលះចោលផ្លូវរបស់ព្រះ ដោយសារការឈឺចាប់នោះឡើយ។