តែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្តីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ។ ហេព្រើរ ១០:៣៩
ចូរយើងកុំមើលទៅការខាតបង់បណ្ដោះអាសន្ន ដែលកើតមាន ពេលយើងបង្ហាញចេញនូវសេចក្តីស្រឡាញ់ ហើយរាថយចេញពីការទុកចិត្តព្រះបន្ទូលសន្យាដ៏អស់កល្បរបស់ព្រះនោះឡើយ។ បើអ្នករាថយ នោះអ្នកមិនគ្រាន់តែខកខានមិនបានទទួលអ្វីដែលព្រះបានសន្យាប៉ុណ្ណោះទេ តែអ្នកថែមទាំងត្រូវវិនាសទៀតផង។ ¬
ស្ថាននរកកំពុងតែរង់ចាំមើលថា យើងនឹងរាថយ ឬអត់ទ្រាំក្នុងជំនឿ។ វាមិនគ្រាន់តែជាការបាត់បង់រង្វាន់បន្ថែមបន្តិចបន្តួចនោះទេ។ បទគម្ពីរហេព្រើរ ១០:៣៩ បានចែងថា “តែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ”។ នោះជាការជំនុំជម្រះដ៏អស់កល្ប។
ដូចនេះ យើងត្រូវដាស់តឿនគ្នាទៅវិញទៅមកថា ៖ ចូរកុំរសាត់អណ្ដែតចេញពីព្រះឡើយ។ ចូរកុំស្រឡាញ់លោកិយ។ ចូរកុំគិតថា គ្មានរឿងអ្វីធំដុំនោះឡើយ។ ចូរខ្លាចផលវិបាកនៃការមិនស្រឡាញ់ព្រះបន្ទូលសន្យារបស់ព្រះ ឲ្យលើសការសន្យានៃអំពើបាប។ គឺដូចបទគម្ពីរ ហេព្រើរ ៣:១៣-១៤ បានចែងថា “ចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ”។
ប៉ុន្តែ យើងត្រូវផ្ដោតទៅលើតម្លៃនៃព្រះបន្ទូលសន្យា ហើយជួយគ្នាទៅវិញទៅមក ចេះឲ្យតម្លៃមកលើរង្វាន់ដែលព្រះគ្រីស្ទបានបង់ថ្លៃទិញ គឺឲ្យតម្លៃលើសអ្វីៗទាំងអស់។ យើងត្រូវនិយាយទៅកាន់គ្នាទៅវិញទៅមក តាមបទគម្ពីរហេព្រើរ ១០:៣៥ ដែលបានចែងថា “កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ”។ ហើយបន្ទាប់មក យើងត្រូវតែជួយគ្នាទៅវិញទៅមក ឲ្យមើលឃើញភាពអស្ចារ្យនៃរង្វាន់នោះផងដែរ។
ភារកិច្ចចម្បងនៃការចែកចាយព្រះបន្ទូល និងគោលបំណងចម្បង នៃក្រុមតូច និងការងារទាំងអស់របស់ពួកជំនុំ គឺ ៖ ដើម្បីជួយគេ ឲ្យមើលស្គាល់ភាពធំប្រសើរនៃការអ្វីដែលព្រះគ្រីស្ទបានបង់ថ្លៃទិញ សម្រាប់មនុស្សម្នាក់ៗ ដែលឲ្យតម្លៃមកលើភាពធំប្រសើរនោះ លើសលោកិយទៀត។ ចូរយើងជួយគេឲ្យមើលឃើញ និងស្រឡាញ់ភាពធំប្រសើរនោះ ដើម្បីឲ្យភាពសក្តិសមដ៏ខ្ពស់បំផុតរបស់ព្រះបញ្ចេញពន្លឺ នៅក្នុងភាពស្កប់ចិត្ត និងក្នុងការលះបង់ដែលចេញពីចិត្តប្រភេទនោះឯង។