នៅមានវគ្គបន្ត…
ដោយសារខ្ញុំបានចម្រើនវ័យធំឡើង ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ខ្ញុំច្រើនតែទៅមើលកុនថ្ងៃសៅរ៍ ក្នុងរោងភាពយន្តក្នុងតំបន់មួយកន្លែង។ ក្រៅពីខ្សែភាពយន្តគំនូរជីវចល និងខ្សែភាពយន្តល្បីៗ គេក៏មានចាក់បញ្ចាំងរឿងភាគបែបផ្សងព្រេង ដែលនៅចុងបញ្ចប់នៃភាគនីមួយៗ តួរអង្គវីរៈបុរស ឬវីរៈនារីបានប្រឈមមុននឹងស្ថានភាពដែលពិបាកបំផុត។ ពួកគេហាក់ដូចជាទាល់ច្រករកផ្លូវចេញមិនឃើញទេ តែភាគនីមួយៗបានបញ្ចប់ដោយពាក្យថា “សូមរង់ចាំទស្សនាវគ្គបន្ត…”។ យ៉ាងណាមិញ សាវ័កប៉ុលក៏ធ្លាប់ជួបស្ថានភាពដែលគំរាមកំហែងជីវិតគាត់ផងដែរ។ គាត់ត្រូវគេដាក់គុក វាយដំ ចោលនឹងថ្មសម្លាប់ ហើយក៏ធ្លាប់ឆ្លងកាត់គ្រោះថ្នាក់សំពៅលិចផង ដោយសារគាត់ព្យាយាមនាំដំណឹងល្អព្រះយេស៊ូវគ្រីស្ទ ទៅប្រាប់មនុស្សទាំងឡាយ។ គាត់ដឹងថា ថ្ងៃណាមួយ គាត់នឹងស្លាប់ តែគាត់មិនដែលគិតថា រឿងនៃជីវិតគាត់នឹងត្រូវចប់តែប៉ុណ្ណឹងឡើយ។ គឺដូចដែលគាត់បានសរសេរសំបុត្រទៅកាន់គ្រីស្ទបរិស័ទ នៅក្រុងកូរិនថូសថា “កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យ ដែលចែងទុកមកថា «សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ»”(១កូរិនថូស ១៥:៥៤)។ សាវ័កប៉ុលមានចិត្តឆេះឆួលចង់ប្រាប់អ្នកដទៃថា ព្រះយេស៊ូវដែលជាព្រះសង្រ្គោះនៃយើង បានលះបង់ព្រះជន្ម នៅលើឈើឆ្កាង ដើម្បីឲ្យយើងអាចទទួលការអត់ទោសបាប ហើយមានជីវិតអស់កល្បជានិច្ច ដោយទទួលជឿទ្រង់។ ជីវិតយើងមិនដូចតួឯកដែលជាវីរៈបុរសក្នុងខ្សែភាពយន្ត ដែលតែងតែអាចជៀសផុតសេចក្តីស្លាប់ម្តងហើយម្តងទៀតនោះឡើយ។ ថ្ងៃណាមួយ ជីវិតយើងនៅលើផែនដីនឹងត្រូវបញ្ចប់ ដោយសារសេចក្តីស្លាប់ ឬដោយសារព្រះយេស៊ូវយាងមកវិញជាលើកទីពីរ។ តែដោយសារព្រះគុណ និងសេចក្តីមេត្តារបស់ព្រះ នោះរឿងនៃជីវិតរបស់អ្នក ហើយនិងខ្ញុំ “នៅមានវគ្គបន្ត…”។-David McCasland
Read article