ការគិតអំពីទឹកភ្លៀង
ពេលភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យខូចផ្ការកណ្តឹង ដែលខ្ញុំទើបនឹងដាំថ្មីៗ ខ្ញុំមានការសោកស្តាយចំពោះផ្ការទាំងនោះណាស់។ ខ្ញុំចង់យកវាមកទុកនៅខាងក្នុង កុំឲ្យត្រូវភ្លៀងខ្យល់។ ពេលភ្លៀងរាំង ខ្ញុំឃើញផ្ការទាំងនោះឱនក្បាលទៅរកដី ដោយសារទឹកភ្លៀងសង្កត់លើវា។ មើលទៅពួកវា ហាក់ដូចជាមានការពិបាកចិត្ត ហើយទន់ខ្សោយផង។ ប៉ុន្តែ ពីរបីម៉ោងក្រោយមក ពួកវាក៏ងើបឡើងលើវិញ។ នៅថ្ងៃបន្ទាប់ ពួកវាឈរត្រង់ខ្លួន យ៉ាងមាំមួន ដូចដើម។ នេះពិតជាការប្រែប្រួលដ៏អស្ចារ្យមែន។ បន្ទាប់ពីទឹកភ្លៀងធ្លាក់ មកត្រូវចំក្បាលវាយ៉ាងដំណំ ហើយក៏ធ្វើឲ្យស្លឹករបស់វាទទឹកកប់ដីទៀត ទងរបស់វា នៅតែជួយឲ្យវាមានកម្លាំងឡើង ហើយឈរត្រង់វិញ។ ដោយសារតែខ្ញុំចូលចិត្តពន្លឺព្រះអាទិត្យ ហេតុដូច្នេះហើយ បានជាខ្ញុំមិនសប្បាយចិត្តទេ ពេលណាមានភ្លៀងមកបំផ្លាញដើមផ្ការ ដែលខ្ញុំដាំខាងក្រៅ។ ប៉ុន្តែ ទឹកភ្លៀងគឺជាព្រះពរ សម្រាប់អ្នកដែលកំពុងជួបភាពរាំងស្ងួត។ ទឹកភ្លៀងស្រោចស្រប់ផែនដី សម្រាប់ជាប្រយោជន៍ដល់មនុស្សសុចរិត និងទុច្ចរិតផងដែរ (ម៉ាថាយ ៥:៤៥)។ ទោះបីជាព្យុះជីវិតបក់បោកយ៉ាងខ្លាំង ធ្វើឲ្យយើងស្ទើរដួលក៏ដោយ ក៏ “ទឹកភ្លៀង” មិនមែនជាសត្រូវរបស់យើងទេ។ ព្រះនៃយើងដែលពេញដោយក្តីស្រឡាញ់ ទ្រង់អនុញ្ញាតឲ្យភ្លៀង ជួយឲ្យយើងកាន់តែមានភាពរឹងមាំ។ ទ្រង់ប្រើទឹកស្រោចលើយើងពីខាងក្រៅ ដើម្បីស្អាងផ្នែកខាងក្នុងរបស់យើង ដើម្បីឲ្យយើងអាចឈរយ៉ាងមាំមួន។–Julie Ackerman Link
Read article