បំពង់បង្ហូរឧស្ម័នត្រនអាឡាស្កា លាតសន្ធឹងប្រវែង៨០០ម៉ាយ កាត់តាមរដ្ឋអាឡាស្កា ហើយដោយសារតែគេសង់វា កាត់តាមតំបន់មានរញ្ជួយដី វិស្វករត្រូវតែប្រាកដថា បំពង់នេះអាចទប់ទល់នឹងការរញ្ជួយបាន។ ពួកគេត្រូវសង់បណ្តាញរំអិលថេឡុនដើម្បីកាត់បន្ថយរំញ័រ ពេលមានការរញ្ជួយនៅក្រោមបំពង់។ វិស្វករសប្បាយចិត្តណាស់ ពេលធ្វើការសាកល្បងលើកទីមួយបានជោគជ័យ។ កាលពីឆ្នាំ២០០២ មានការរញ្ជួយដីធំមួយកើតឡើង បណ្តាលអោយស្រទាប់ដីញែក១៨ហ្វ៊ីត។ ពេលនោះបណ្តាញរំអិលធ្វើចលនាយឺតៗ សម្របតាមការរញ្ជួយ ដោយមិនបណ្តាលអោយមានការខូចខាតដល់បំពង់ឡើយ។ ចំនុចពិសេសរបស់វា គឺការបត់បែន។
បំពង់បង្ហូរខាងវិញ្ញាណរបស់អ្នកជឿដែលនាំទៅរកស្ថានសួគ៌ បានសង់គ្រឹះយ៉ាងមាំនៅលើព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ បើយើងចេះបត់បែនតាមរបៀបដែលព្រះជាម្ចាស់ធ្វើការ យើងអាចឆ្លងកាត់បញ្ហាបាន។ នៅពេលមានវិបត្តិកើតឡើង យើងយល់ច្រឡំដោយផ្លាស់ប្តូរពីការទុកចិត្តលើព្រះជាម្ចាស់ មកមើលកាលៈទេសៈឈឺចាប់វិញ ។ យើងគួរតែអធិស្ឋានបែបនេះវិញ៖ «ព្រះអង្គអើយ ខ្ញុំមិនយល់សោះថាតើហេតុអ្វីបានជាមានការឈឺចាប់កើតឡើង ចំពោះរូបខ្ញុំ តែខ្ញុំទុកចិត្តថា ទ្រង់អាចរំដោះខ្ញុំចេញពីបញ្ហាបាន ទោះជាបញ្ហានៅជុំជិតខ្ញុំក៏ដោយ»។ អ្នកនិពន្ធគម្ពីរទំនុកដំកើងបានសរសេរថា៖ «ព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់…ដរាបដល់សេចក្តីអន្តរាយទាំងនេះបានបាត់ទៅ»(ទំនុកដំកើង ៥៧:១)។
ពេលផែនដីរំកិលនៅក្រោមយើង ចូរយើងចេះបត់បែនតាមកាលៈទេសៈ ប៉ុន្តែចូរទុកចិត្តលើសេចក្តីស្រឡាញ់ និងការថែទាំដែលគ្មានការប្រែប្រួលរបស់ព្រះជាម្ចាស់វិញ Dennis Fisher ។