ខ្ញុំមានមិត្តភ័ក្រម្នាក់ ដែលបានរាប់អានគ្នា ជាយូរមកហើយ ។ ក្នុងអំឡុងពេលនៃពិធីបុណ្យខួបកំណើតគម្រប់អាយុ៩០ឆ្នាំរបស់គាត់ គាត់បានពិពណ៌នាថា “ថ្ងៃបុណ្យខួបកំណើតរបស់ខ្ញុំ គឺជាពេល…ដែលខ្ញុំត្រូវធ្វើការឆ្លុះបញ្ចាំងបន្តិច ដោយក្រឡេចមកមើលកញ្ចក់ ដើម្បីបញ្ចាំងមើលជីវិតរបស់ខ្ញុំ ហើយដោយចំណា-យពេលជាច្រើនម៉ោង ក្នុង“ការនឹកចាំពីព្រះគុណព្រះ”។ យើងងាយនឹងលែងនឹកចាំអំពីផ្លូវទាំងអស់ ដែលព្រះអម្ចាស់ទ្រង់បាននាំយើង! ដូចដែលមានសេចក្តីចែងថា “កុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ”(ទំនុកតម្កើង ១០៣:២)។
គាត់គឺជាប្រភេទមនុស្សដែលខ្ញុំបានស្គាល់ និងបានកោតសរសើរអស់ជាង៥០ឆ្នាំមកហើយ ។ ក្នុងសំបុត្ររបស់គាត់ គាត់មិនបាននិយាយអំពីការខកចិត្តទេ ផ្ទុយទៅវិញ ពាក្យពេចន៍របស់គាត់ គឺមានពេញទៅដោយការអរព្រះគុណ និងសរសើរតម្កើងព្រះ ។
ជាបឋម គាត់បានរំឭកអំពីសេចក្តីមេត្តារបស់ព្រះអម្ចាស់ ដែលបានប្រទានឲ្យគាត់មានសុខភាពល្អ ឲ្យភរិយានិងកូនៗរបស់គាត់មានអំណរ ឲ្យការងាររបស់គាត់មានជោគជ័យ និងអំណរ ឲ្យមិត្តភាពរបស់គាត់កាន់តែល្អប្រសើរឡើង ហើយឲ្យគាត់មានឱកាសបម្រើទ្រង់ ។ គាត់បានចាត់ទុកការទាំងអស់នោះ ជាអំណោយពីព្រះ ដែលគាត់មិនសមនឹងទទួល តែគាត់បានទទួល ដោយសារព្រះគុណទ្រង់ ។
បន្ទាប់មក គាត់រំឭកអំពីសេចក្តីមេត្តាខាងវិញ្ញាណរបស់ព្រះ ដែលគាត់បានទទួលតាមរយៈឥទ្ធិពលនៃឪពុកម្តាយរបស់គាត់ដែលជាគ្រីស្ទបរិស័ទ្ទ និងការបានពិសោធនឹងការអត់ទោសបាបរបស់ព្រះ ពេលគាត់បានទទួលជឿទ្រង់ ក្នុងវ័យជំទង់ ។ គាត់បានសរសេរសេចក្តីបញ្ចប់នៃសំបុត្ររបស់គាត់ ដោយលើកឡើងអំពីការលើកទឹកចិត្ត ដែលគាត់បានទទួលពីពួកជំនុំ សាលារៀន និងក្រុមបុរសគ្រីស្ទបរិស័ទ្ទ ដែលបានអធិស្ឋានឲ្យគ្នាទៅវិញទៅមក ។
សរុបមក គាត់បានបង្ហាញនូវសេចក្តីអំណរដែលទទួលបានពីការនឹកចាំ ដែលជាគំរូដែលយើងគួរយកតាម ។ “ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញ ចូរសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ដែរ”(ខ.១)។ – David McCasland