អ្នកដឹកនាំក្រុមជំនុំម្នាក់ឈ្មោះ ទីម ខិលលឺរ(Tim Keller) ធ្វើការសង្កេត ទៅលើគ្រីស្ទសាសនាថា គ្រីស្ទសាសនា គឺជាសាសនាដែលមានតែមួយក្នុងចំណោមសាសនាទាំងអស់ ដែលបាននិយាយអំពីការតាមរករបស់ព្រះជាម្ចាស់ ដើម្បីនាំយើងមកឯទ្រង់វិញ។ ក្នុងប្រព័ន្ឋសាសនាដទៃផ្សេងៗទៀត គឺនិយាយអំពីមនុស្សតាមរកព្រះរបស់ពួកគេ ដោយជឿថា តាមរយៈឥរិយាបថល្អ ការរក្សានូវការបុណ្យច្រើន ការធ្វើល្អ ឬក៏ការសម្តែងទុក្ខកិរិយា ពួកគេនឹងត្រូវបានទទួលយកដោយព្រះដែលពួកគេតាមរកនោះ។
កវី ហ្វ្រេស៊ីស ថម្ពសុន (Francis Thompson) យល់ឃើញពីការពិតយ៉ាងជ្រាលជ្រៅ នៅពេលគាត់សរសេរពីការតាមរកឥតឈប់ឈរ របស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់គាត់។ ចំណងជើងនៃការនិពន្ឋរបស់គាត់គឺ “ឆ្កែប្រដេញសត្វរបស់ស្ថានសួគ៌” គាត់សរសេរថា តាំងពីពេលដែលគាត់បានរត់គេចចេញពីព្រះជាម្ចាស់មក គាត់មិនអាចរត់ឱ្យហួស “ពីជើងរឹងម៉ាំ ដែលបានដើរតាមទាំងនោះឡើយ…. មិនរុសរាន់ដេញតាមរក ហើយនិងមិនមានការខ្វាយខ្វល់ពីល្បឿនដែរ”។ សូម្បីយ៉ាងនេះក្តី ការតាមរកមិនចេះនឿយហត់របស់ព្រះជាម្ចាស់ មិនគ្រាន់តែមាននៅក្នុងរឿងរបស់លោកថម្ពសុន(Thompson)ទេ។ សារសំខាន់នៅថ្ងៃបុណ្យណូអែលនេះ គឺសេចក្តីពិតនៃការតាមរកយើងម្នាក់របស់ព្រះជាម្ចាស់យ៉ាងអស្ចារ្យ។ លោកប៉ូលបានអះអាងថា “ព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឱ្យមកចាប់កំណើតនឹងស្ត្រី គឺកើតនៅក្រោមអំណាចក្រិត្យវិន័យ ដើម្បីនឹងលោះពួកអ្នកដែលនៅក្រោមក្រិត្យវិន័យ ប្រយោជន៍ឱ្យយើងបានទទួលសគុណទុកជាកូនចិញ្ចឹម”(កាឡាទី 4:4-5)។
វាមិនគ្រាន់តែជារឿងបុណ្យណូអែលប៉ុណ្ណោះទេ។ វាជារឿងដែលនិយាយពីការតាមរកអាដាំ និងអេវ៉ារបស់ព្រះជាម្ចាស់ បន្ទាប់ពីការធ្លាក់ចុះផងដែរ។ ទ្រង់តាមរកខ្ញុំ! ទ្រង់តាមរកអ្នក! តើកន្លែងណាដែលយើងអាចនៅរស់សព្វថ្ងៃនេះបាន ប្រសិនបើព្រះជាម្ចាស់មិនមែនជាអ្នកប្រដេញរបស់ស្ថានសួគ៌? —Joe Stowell