ពេលដែលកម្មករអណ្តូងរ៉ែ៣៣នាក់ បានជាប់ខ្លួន ក្នុងអណ្តូងរ៉ែដ៏ជ្រៅមួយ នៅប្រទេសឈីលី ខ្ញុំចង់ដឹង ថាតើពួកគេកំពុងមានអារម្មណ៍ថាអស់ផ្លូវ និងអស់សង្ឃឹមទាំងស្រុង ចំពោះសេចក្តីស្លាប់ដ៏ឈឺចាប់ ដែលកំពុងខិតមកជិតបន្តិចម្តងៗឬទេ។ ក្រោមមក ខ្ញុំក៏អាចស្រម៉ៃឃើញថា ពួកគេមានអំណរខ្លាំងប៉ុណ្ណា ពេលពួកគេបានទទួលសារពីអ្នកនៅផ្ទៃដីខាងលើថា ក្រុមសង្គ្រោះបានដឹងច្បាស់អំពីទីតាំង ដែលពួកគេកំពុងជាប់គាំងនោះហើយ ហើយដំណើរការនៃការនាំពួកគេចេញមកខាងលើ ក៏បានចាប់ផ្តើមហើយដែរ!
នៅក្នុងជីវិតយើង មានពេលដែលយើងមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងជាប់គាំង នៅក្នុងកន្លែងដ៏អាក្រក់មួយ។ យើងមានអារម្មណ៍ថប់បារម្ភ និងឯកកោ ហើយយើងអស់សង្ឃឹម ដោយសារយើងគ្មានជម្រើស និងគ្មាននរណា ដឹងច្បាស់ អំពីស្ថានភាពដែលយើងកំពុងជួបប្រទះ ក្នុងជីវិតទេ។ តែស្ថិតក្នុងស្ថានភាពដូចនេះ យើងចាំបាច់ត្រូវនឹកចាំអំពីព្រះបន្ទូលកម្សាន្តចិត្ត ដែលព្រះ បានមានមកកាន់គ្រីស្ទបរិស័ទសម័យដើម ដែលកំពុងជាប់គាំងនៅក្នុងលោកិយ ដែលវត្តមាននៃសាតំាងបានគ្រប់គ្រងលើអ្វីគ្រប់យ៉ាង ដែលនៅជំវិញខ្លួនពួកគេ គឺដូចដែលទ្រង់មានបន្ទូលថា “អញស្គាល់ទីលំនៅរបស់ឯងហើយ”(វិវរណៈ ២:១៣)។ ព្រះវរបិតាទ្រង់ជ្រាប អំពីស្ថានភាពទាំងអស់ដែលពួកគេជួបប្រទះ។ ហើយដោយសារពួកគេមានចិត្តស្មោះត្រង់ចំពោះទ្រង់ ទ្រង់ក៏បានផ្គត់ផ្គង់ពួកគេ រហូតដល់ពេលទ្រង់ត្រូវសង្រ្គោះ និងនាំពួកគេទៅផ្ទះ ដោយសុវត្ថិភាព(ខ.១៧)។
ពេលយើងបានដឹងថា តាមពិត ព្រះទ្រង់ជ្រាបអំពីទីតាំងរបស់អ្នក ហើយទ្រង់ក៏បានជ្រាប ច្បាស់អំពីស្ថានភាពដែលអ្នកកំពុងជួបប្រទះ នោះយើងក៏មានការជឿជាក់ និងមានកម្លាំង ដែលចាំបាច់ សម្រាប់ការរស់នៅថ្វាយសិរីល្អដល់ទ្រង់។ ដូចនេះ សូមយើងមានចិត្តក្លាហានឡើង។ ចូរយើងចាំព្រះបន្ទូលកម្សាន្តចិត្ត។ ទ្រង់កំពុងជួយយើងហើយ!-Joe Stowell