ការសង្ស័យ និងសេចក្តីជំនឿ
តើគ្រីស្ទបរិស័ទដែលមានការសង្ស័យអំពីសេចក្តីជំនឿរបស់ខ្លួនម្តងម្កាង អាចមានប្រសិទ្ធិភាព នៅក្នុងការងារបម្រើព្រះឬទេ។ អ្នកខ្លះគិតថា គ្រីស្ទបរិស័ទដែលពេញវ័យ ហើយមានការលូតលាស់ មិនដែលមានការសង្ស័យ អំពីសេចក្តីជំនឿរបស់ខ្លួនទេ។ ប៉ុន្តែ យើងត្រូវដឹងថា មានបទពិសោធន៍ខ្លះជួយស្អាងជំនឿរបស់យើង ហើយក៏ មានបទពិសោធន៍ដែលអាចនាំឲ្យយើងមានការសង្ស័យម្តងម្កាលផងដែរ។ ពេលសាវ័កថូម៉ាសមានការសង្ស័យ អំពីការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ បានជាគាត់និយាយថា “បើខ្ញុំមិនឃើញស្នាមដែកគោល នៅព្រះហស្តទ្រង់ ទាំងលូកម្រាមដៃទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់ នោះខ្ញុំមិនព្រមជឿទេ”(យ៉ូហាន ២០:២៥)។ ព្រះគ្រីស្ទមិនបានស្តីបន្ទោសលោកថូម៉ាសទេ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញភស្តុតាង ដែលគាត់បានសួររកនោះទៀតផង។ សាវ័កថូម៉ាសក៏បានទូលទ្រង់ ទាំងចិត្តភ្ញាក់ផ្អើលថា “ឱព្រះអម្ចាស់នៃទូលបង្គំ ឱព្រះនៃទូលបង្គំអើយ”(២០:២៨)។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ព្រះគម្ពីរសញ្ញាថ្មីមិនបាននិយាយអ្វីទៀត អំពីលោកថូម៉ាសទេ។ ទោះជាយ៉ាងណាក៏ដោយ មានឯកសារមួយចំនួនរបស់ពួកជំនុំដំបូង បានអះអាងថា លោកថូម៉ាសបានទៅបំពេញបេសកកម្ម នៅប្រទេសឥណ្ឌា។ គាត់បានផ្សាយដំណឹងល្អ ធ្វើការអស្ចារ្យ និងបង្កើតពួកជំនុំនៅទីនោះ។ ក្នុងចំណោមពួកជំនុំទាំងនោះ មានពួកជំនុំខ្លះ នៅតែមានដំណើរការជាធម្មតា ហើយបានអះអាងថា លោកថូម៉ាសជាស្ថាបនិករបស់ខ្លួនទៀតផង។ យើងមិនត្រូវបណ្តោយឲ្យការសង្ស័យ ក្លាយជាទម្លាប់របស់យើងឡើយ។ ចូរអនុញ្ញាតឲ្យព្រះដឹកនាំអ្នក ដើម្បីឲ្យអ្នកមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីសេចក្តីពិតរបស់ទ្រង់។ ចូរធ្វើឲ្យជំនឿរបស់អ្នកថ្មីឡើង។ អ្នកនៅតែអាចសម្រេចកិច្ចការធំថ្វាយទ្រង់។–Dennis Fisher
Read article