មានបុរសអនាថាម្នាក់ បានចូលមកចំណាយពេល នៅក្នុងបណ្ណាល័យប្រចាំតំបន់របស់យើង។ នៅពេលរសៀលថ្ងៃមួយ ខ្ញុំក៏បានទៅអង្គុយនិពន្ធសៀវភៅ ក្នុងបណ្ណាល័យនោះដែរ។ ដល់ពេលសម្រាកញាំអាហារថ្ងៃត្រង់ ខ្ញុំក៏បានយកនំប៉័ងសាំងវិច ដាក់សាច់មាន់ទ័រគី លាងនឹងប្រូម៉ាស្វីសមកញាំ។ បន្ទាប់ពីញាំអស់កំណាត់ទីមួយហើយ ខ្ញុំក៏បានស្រម៉ៃឃើញទឹកមុខរបស់បុរសកំសត់នោះ។ ពីរបីនាទីក្រោយមក ខ្ញុំក៏បានយកចំណែកមួយកំណាត់ទៀត នៃអាហារថ្ងៃត្រង់របស់ខ្ញុំ ដែលខ្ញុំមិនទាន់បានប៉ះពាល់ ទៅចែកឲ្យគាត់។ គាត់ក៏បានទទួលយក ដោយអំណរ។
ការជួបគ្នាដ៏ខ្លីនេះ បានធ្វើឲ្យខ្ញុំដឹងថា យើងចាំបាច់ត្រូវធ្វើកិច្ចការបន្ថែមទៀត ដើម្បីជួយអ្នកដែលមានការលំបាកជាងយើង ដោយប្រើអ្វីៗដែលព្រះទ្រង់បានប្រទានយើង។ ក្រោយមក ពេលខ្ញុំកំពុងគិតអំពីការនេះ ខ្ញុំក៏បានអានសេចក្តីបង្រៀនរបស់លោកម៉ូសេ អំពីការជួយផ្គត់ផ្គង់ដល់អ្នកក្រ។ គាត់បានប្រាប់ពួកអ៊ីស្រាអែលថា “មិនត្រូវឲ្យឯងតាំងចិត្តរបឹង ឬក្តាប់ដៃនឹងបងប្អូនជាអ្នកក្រនោះឡើយ គឺត្រូវឲ្យលាដៃដល់គេវិញជាកុំខាន”(ចោទិយកថា ១៥:៧-៨)។ ការលាដៃ ជានិមិត្តរូបតំណាងឲ្យការផ្គត់ផ្គង់ការខ្វះខាតរបស់អ្នកក្រ ដោយស្ម័គ្រពីចិត្ត និងដោយចិត្តជ្រះថ្លា តាមបំណងព្រះទ័យព្រះ។ ត្រង់ចំណុចនេះ យើងមិនត្រូវយកលេស ឬមានការស្ទាក់ស្ទើរឡើយ(ខ.៩)។ ព្រះទ្រង់បានប្រទានដល់ពួកគេ ហើយទ្រង់សព្វព្រះទ័យឲ្យពួកគេមានចិត្តសប្បុរស ល្មមនឹងអាចផ្គត់ផ្គង់ឲ្យ “ល្មម” ដល់គ្រាទាល់ក្រ(ខ.៨)។
ពេលយើងលាដៃជួយអ្នកក្រ ព្រះទ្រង់នឹងប្រទានពរយើង សម្រាប់សេចក្តីសប្បុរសរបស់យើង(ទំនុកដំកើង ៤១:១-៣ សុភាសិត ១៩:១៧)។ ចូរយើងពិចារណាអំពីរបៀបដែលយើងគួរ “ចម្អែតចិត្តនៃអ្នកដែលមានទុក្ខវេទនា”(អេសាយ ៥៨:១០) ហើយផ្គត់ផ្គង់អ្នកដទៃ ដោយចិត្តជ្រះថ្លា ដើម្បីជួយពួកគេក្នុងព្រះនាមព្រះយេស៊ូវ។—Jennifer Benson Schuldt