ជញ្ជាំង និងព្រះពរ

តើព្រះ​យេស៊ូវ​បាន​ទត​ឃើញ​អ្វី ពេល​ទ្រង់​ទត​មើល​ទៅ​ស្ត្រី​ដែ​ល​នៅមា​ត់អ​ណ្តូង ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក៤? កាល​នោះ ​ទ្រង់​បាន​ឃើញ​មនុ​ស្ស​ម្នាក់ ដែល​ចង់​បាន​ការ​​ទទួល​ស្គាល់​ពី​អ្នក​ដទៃ និង​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ទទួល​សេច​ក្តីស្រឡាញ់​ពី​អ្នក​ដទៃ។ ជាង​នេះ​ទៅទៀ​ត ទ្រង់​បាន​ទត​ឃើ​ញ​មនុស្ស​ម្នាក់ ដែលកំពុង​ត្រូវ​ការរបស់​ម្យ៉ាង ដែល​មាន​តែ​ទ្រង់​ទេ​ ដែល​អាចបំពេញ​ឲ្យបា​ន គឺការ​​ត្រូវការ​ចិត្ត​ថ្មី។

ពេ​ល​នោះពួ​ក​សិស្ស​របស់​ទ្រង់ បាន​ទៅ​ទិញ​អាហារ នៅ​ឯ​ក្រុង​ទាំង​អស់​គ្នា តែ​នោះមិ​នមែ​ន​ជា​រឿង​ចៃដន្យ​ទេ។ បើ​ពួក​គេបា​ន​នៅ​ទីនោះ​ជា​មួយ​ទ្រង់​ដែរ ពួក​គេ​មុខ​ជា​ព្យា​យាម​ទូលសូម​​ព្រះយេ​ស៊ូវ មិ​ន​ឲ្យ​ទៅ​មាន​បន្ទូល​ជា​មួយ​នឹង​មនុស្ស​ម្នា​ក់​នោះ ដែល​ជា​ស្រ្តី​សាសន៍​សាម៉ារី ហើយ​ជា​មនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះ​​អាក្រក់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូវ​មិន​មែ​ន​ជា​អ្នក​ធ្វើតាម​ទំនៀ​ម​របស់​មនុស្ស​ទេ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ប្រើ​ពេល​នោះ​ជា​ឱ​កាស ដើម្បី​ប្រទានព​រ​​ឲ្យ​នា​ង​មាន​​“ទឹ​ក​ដ៏រ​ស់”​(យ៉ូហាន ៤:១០)។ ក្នុង​ការ​​សន្ទ​​នា​មួយលើ​កនោះ​ ទ្រង់បា​ន​​ផ្តួល​រំលំ​ជញ្ជាំង​នៃ​ជម្លោះ​ដែល​មា​នតាំ​ង​​ពីរ​ដើ​ម ជញ្ជាំង​នៃ​ភាព​លម្អៀង​នៃ​សិទ្ធិ​បុរ​ស​ស្រ្តី និង​ជញ្ជាំង​នៃ​​ការរើសអើង​ពូជ​សាសន៍។ ហើយ​ស្ត្រី​ម្នាក់​នេះ​ក៏​បាន​ក្លាយ​ជា​ជន​ជាតិ​សាម៉ារី​ទី​មួយ ក្នុង​ចំណោម​ជន​ជាតិ​សាម៉ារី​ជា​ច្រើន​ទៀត ដែល​បាន​ប្រកាស​ថា ព្រះ​យេស៊ូ​វ​ជាព្រះ​មែ​ស៊ី(ខ.៣៩-៤២)។

ពេល​នាង​ទៅ​ប្រាប់​អ្នក​ដទៃ​ទៀ​តថា នាង​បាន​ជួប​បុរស​ម្នាក់ ដែល​បាន​ដឹង​អំពី “ការ​គ្រប់​យ៉ាង​ដែល​នាង​បានប្រ​ព្រឹត្ត” នោះ​នាង​ក៏​កំពុ​ងតែអ​នុវត្ត​តាម​គោល​ការណ៍​នៃ “ការ​សាប​ព្រោះ និង​ការ​ទទួល​ផល” ដែ​ល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​ផង​ដែរ​(យ៉ូហាន​ ៤:៣៥-៣៨)។ ថ្ងៃ​នោះ មាន​មនុស្ស​ជា​ច្រើន​បាន​ទទួល​ជឿទ្រ​ង់ ហើយ​ក្រោយ​មកទៀត​ សាវ័ក​ភីលីព ពេត្រុស យ៉ូហាន និង​អ្នកដ​ទៃទៀ​ត ក៏​​​បានទៅ​ផ្សាយ​ដំណឹង​ល្អ នៅស្រុក​សាម៉ារី ហើយ​នាំ​មនុស្ស​កាន់​តែច្រើ​ន​ ​ឲ្យជឿ​ព្រះ​គ្រីស្ទ(កិច្ចការ ៨:៥-១៤ ១៥:៣)។

ពេល​យើង​ប្រាប់​អ្នក​ដទៃ​ថា យើង​បាន​ជួប​ព្រះយេស៊ូ​វ នោះ​មាន​ន័យ​ថា យើង​កំពុង​នាំ​ឲ្យ​ពួក​គេទ​ទួល​ទឹក​ដ៏​រស់​ផង​ដែរ។—Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles