តើអ្នកកំពុងស្វែងរក ការលើកទឹកចិត្តឬ? តើអ្នកត្រូវការកម្លាំងជាបន្ថែម នៅថ្ងៃនេះទេ បន្ទាប់ពីបានទទួលដំណឹងអាក្រក់ហើយនោះ? បទទំនុកដំកើង ដែលស្តេចដាវីឌទ្រង់បាននិពន្ធ អាចលើកវិញ្ញាណរបស់អ្នកឡើង តាមរបៀបដែលអ្នកមិននឹកស្មានដល់ តាមរយៈពាក្យពេចន៍ ដែលយើងច្រើនតែគិតថា ជាពាក្យអវិជ្ជមាននោះ។
ពេលយើងអានបទគម្ពីរទំនុកដំកើង ជំពូក១៩ យើងសង្កេតឃើញថា ព្រះអម្ចាស់បានបកស្រាយយ៉ាងច្បាស់ អំពី“ក្បួនច្បាប់” ឬខ្នាតគំរូសម្រាប់ការរស់នៅ ដែលអាចនាំមកនូវលទ្ធផលជាវិជ្ជមាន។ អ្នកខ្លះមិនបានយល់ថា នេះជាការលើកទឹកចិត្តឡើយ ព្រោះពួកគេយល់ថា ខ្នាតគំរូដែលព្រះប្រទាន មានភាពតឹងរឹងពេក ជាហេតុធ្វើឲ្យពួកគេបាត់បង់សុភមង្គល។
នៅក្នុងការបកស្រាយអំពីខ្នាតគំរូរបស់ព្រះ អ្នកនិពន្ធទំនុកដំកើងបានប្រើពាក្យដូចជា “ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា”(ខ.៧)“សេចក្តីបន្ទាល់”(ខ.៧) “សេចក្តីបញ្ញត្ត”(ខ.៨) “ក្រឹត្យក្រម”(ខ.៨) “សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា”(ខ.៩) “ខច្បាប់របស់ព្រះយេហូវ៉ា”(ខ.៩)។ មានមនុស្សជាច្រើនមានការភ័យខ្លាច ពេលបានឮពាក្យទាំងអស់នេះ បានជាពួកគេខំជៀសវាង ឬបដិសេធខ្នាតគំរូរបស់ព្រះ។
ប៉ុន្តែ សូមកត់សំគាល់ថា ចំពោះអ្នកណាដែលមានចិត្តជឿ និងស្តាប់បង្គាប់ព្រះ ខ្នាតគំរូទាំងអស់នេះ នឹងនាំឲ្យអ្នកនោះទទួលបាននូវការផ្លាស់ប្រែនៃវិញ្ញាណ ប្រាជ្ញា សេចក្តីអំណរក្នុងចិត្ត ភាពបរិសុទ្ធនៃជីវិត ភ្នែកដែលភ្លឺច្បាស់ ការអត់ធ្មត់ សេចក្តីពិត និងសេចក្តីសុចរិត(ខ.៧-៩)។ ទាំងនេះសុទ្ធតែជាការលើកទឹកចិត្តដ៏អស្ចារ្យដល់យើងរាល់គ្នា។
ហេតុនេះហើយបានជាស្តេចដាវីឌ បានមានបន្ទូលថា ក្រឹត្យវិន័យដែលព្រះប្រទាន “គួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង”(ខ.១០)។—Dave Branon