ឆ្នាំមុន ខ្ញុំបានទទួលអំណោយថ្ងៃបុណ្យណូអែលដ៏ស្រស់ស្អាត ដែលមានដូចជា ខោជើងវែងសម្រាប់ជិះស្គី ខ្សែដៃ និងឧបករណ៍អានសៀវភៅអេឡិចត្រូនិច។ តែអំណោយដែលធ្វើឲ្យខ្ញុំមានអំណរបំផុត គឺអំណោយនៃពេលវេលា ដែលបានចំណាយ ក្នុងសកម្មភាពដែលមានដូចជា ការលេងជាមួយចៅៗរបស់បងប្អូនខ្ញុំ ដែលមកពីរដ្ឋផ្សេង ការនាំក្មួយស្រី និងប្តីរបស់នាង ព្រមទាំងកូនស្រីដែលមានអាយុ១៨ឆ្នាំរបស់ពួកគេ ទៅចូលរួមកម្មវិធីបុណ្យណូអែលនៅព្រះវិហារ ការទៅសួរសុខទុក្ខអ្នកធ្លាប់ធ្វើការជាមួយគ្នា ដែលបានចូលនិវត្តន៍ និងភរិយារបស់គាត់ ដែលកំពុងមានបញ្ហាសុខភាព ហើយការអបអររដូវកាលនៃបុណ្យណូអែល ជាមួយមិត្តភ័ក្រដែលបានរាប់អានគ្នា តាំងពីយូរ ព្រមទាំងការអានរឿងបុណ្យណូអែល ជាមួយមនុស្សជាទីស្រឡាញ់។ ទាំងនេះសុទ្ធតែជាអំណោយដ៏ពិសេសៗ ដោយសារសេចក្តីស្រឡាញ់ដែលមានចំពោះគ្នាទៅវិញទៅមក។
ព្រះវរបិតាទ្រង់បានប្រទានអំណោយមួយ ដល់លោកិយនេះ កាលពីជាងពីពាន់ឆ្នាំមុន ដោយសារសេចក្តីស្រឡាញ់របស់ទ្រង់។ អំណោយនោះជាអង្គព្រះយេស៊ូវ ដែលទ្រង់បានប្រសូត្រ រួចរុំនឹងសំពត់ផ្តេកក្នុងស្នូក(លូកា ២:៧)។ អ្នកគង្វាលក៏បានដឹងថា ទ្រង់ជាអំណោយដ៏អស្ចារ្យ ដោយសារពួកទេវតាបានប្រកាសប្រាប់ពួកគេ អំពីការប្រសូត្ររបស់ទ្រង់ ពេលដែលពួកគេកំពុងនៅក្នុងទីវាល នៅពេលកណ្តាលអាធ្រាត(ខ.៨-១៤)។ ពួកគេបានប្រញាប់ទៅមើលទ្រង់ ហើយក៏ទៅរ៉ាយរ៉ាប់ប្រាប់អ្នកដទៃទៀត ឲ្យបានដឹងអំពីអំណោយដ៏អស្ចារ្យនេះដែរ(ខ.១៦-១៧)។ ប៉ុន្តែ ក្រោយមក មានមនុស្សជាច្រើនបានបដិសេធទ្រង់ ហើយទ្រង់ក៏បានសុគតលើឈើឆ្កាង ដើម្បីលោះបាបយើង រួចត្រូវគេបញ្ចុះក្នុងផ្នូរ។ តែបីថ្ងៃក្រោយមក ទ្រង់បានមានព្រះជន្មឡើងវិញ ទ្រង់យាងបានចេញពីផ្នូរ ហើយបានប្រទានសេចក្តីសង្រ្គោះដល់អស់អ្នកដែលទទួលទ្រង់។
ទូលបង្គំសូមអរព្រះគុណទ្រង់ សម្រាប់អំណោយដែលទ្រង់បានប្រទាន ដោយសារសេចក្តីស្រឡាញ់។—Anne Cetas