ខ្ញុំធ្លាប់បម្រើព្រះ នៅក្នុងក្រុមប្រឹក្សាពួកចាស់ទុំ នៃព្រះវិហារមួយ នៅរដ្ឋកាលីហ្វូញ៉ា។ លោកបប់ ស្ម៊ីត(Bob Smith) គឺជាចាស់ទុំម្នាក់ ដែលមានអាយុច្រើនជាងគេ ក្នុងចំណោមភាគច្រើននៃពួកចាស់ទុំ ហើយជាញឹកញាប់ គាត់បានដាស់តឿនយើង ឲ្យងាកមករកព្រះបន្ទូលព្រះ ដើម្បីទទួលការដឹកនាំពីទ្រង់។
មានពេលមួយ យើងបានពិភាក្សាគ្នា អំពីការខ្វះខាតអ្នកដឹកនាំ នៅក្នុងពួកជំនុំ ហើយបានចំណាយពេលយ៉ាងតិចមួយម៉ោង ដើម្បីនិយាយគ្នាអំពីបញ្ហាពាក់ព័ន្ធផ្សេងៗ។ តែ លោកបប់មិនបានមានយោបល់អ្វីទេ នៅពេលនោះ។
ទីបំផុត គាត់ក៏បានមានប្រសាសន៍យ៉ាងសុភាពថា “បងប្អួនអើយ យើងបានភ្លេចហើយថា ព្រះយេស៊ូវទ្រង់មានដំណោះស្រាយសម្រាប់បញ្ហានៃការដឹកនាំរបស់យើង។ មុនពេលយើងធ្វើអ្វីមួយ ជាដំបូង យើងត្រូវសូមឲ្យព្រះអម្ចាស់នៃចម្រូត …ចាត់អ្នកច្រូតមក”(លូកា ១០:២)។ ពេលនោះ យើងក៏បានបន្ទាបខ្លួន ហើយចំណាយពេលអធិស្ឋាន សូមឲ្យព្រះអម្ចាស់រើសតាំងអ្នកច្រូត ហើយចាត់ពួកគេឲ្យទៅវាលចម្រូត។
យ៉ាងណាមិញ លោកស៊ី អេស លូវីស(C.S.Lewis) បានមានប្រសាសន៍ថា “វិធីសាស្រ្តល្អបំផុតមួយទៀត ដើម្បីក្លាយជាមនុស្សមានប្រាជ្ញា គឺយើងត្រូវរស់នៅ ក្នុងចំណោមអ្នកដែលមានប្រាជ្ញា”។ គឺដូចដែលបទគម្ពីរសុភាសិត ១:៥ បានចែងថា “អ្នកណាដែលមានយោបល់ នឹងបានទទួលសេចក្តីទូន្មានមាំទាំ”។ ប្រសាសន៍របស់លោកបប់ គឺគ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ដែលលើកឡើង អំពីតម្លៃនៃបុរស និងស្ត្រីដែលមានប្រាជ្ញា ដែល “បានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក”(១យ៉ូហាន ២:១៣-១៤) ហើយចិត្តគំនិតរបស់ពួកគេក៏បានជ្រួតជ្រាបដោយព្រះបន្ទូលព្រះ។
ដូចនេះ សូមយើងទទួលយកការប្រឹក្សាពីអ្នកដែលបានរស់នៅ ក្នុងព្រះវត្តមានព្រះ ហើយមានភាពពេញវ័យនៅក្នុងប្រាជ្ញាទ្រង់។ ពួកគេជាអំណោយដែលព្រះបានប្រទានដល់យើង និងពួកជំនុំយើង។—David Roper