ក្នុងអំឡុងពេល ដែលខ្ញុំកំពុងធ្វើការ ជាគ្រូបង្វឹកកីឡាបាល់បោះ ខ្ញុំបានធ្វើនូវកំហុសដ៏ធំមួយ។ ខ្ញុំបានចាត់កីឡាករមួយចំនួន ក្នុងក្រុមរបស់ខ្ញុំ ឲ្យទៅស៊ើបមើលគូប្រកួតរបស់យើង។ ពួកគេក៏បានវិលត្រឡប់មកវិញ ហើយរាយការណ៍ប្រាប់ខ្ញុំថា យើងអាចយកឈ្នះលើពួកនោះយ៉ាងងាយ។ ដោយសារយើងមានទំនុកចិត្ត លើកខ្លួនឯងខ្លាំងពេក យើងក៏បានចាញ់ក្រុមមួយនោះ។ តើអ្នកធ្លាប់ជួបប្រទះបញ្ហាដូចនេះទេ? សម្រាប់ខ្ញុំ ស្ថានភាពរបស់ខ្ញុំ មិនខុសពីស្ថានភាពរបស់លោកយ៉ូសេ្វ ពេលដែលគាត់បានចាត់ពួកស៊ើបការណ៍ ឲ្យទៅមើលស្រុកអៃយ ហើយគាត់ក៏បានយល់ខុសពីកម្លាំងរបស់សត្រូវ។
ប៉ុន្តែ បរាជ័យនៅស្រុកអៃយ គឺមិនគ្រាន់តែបណ្តាលមកពីការស៊ើបការណ៍ខុសប៉ុណ្ណោះទេ។ ពួកអ៊ីស្រាអែលបានចាញ់សង្រ្គាម ហើយបាត់បង់ជីវិតទាហានអស់៣៦នាក់ គឺដោយសារមូលហេតុមួយចំនួន ដែលយើងអាចយកមកសិក្សា។ មុនពេលពួកគេទទួលបរាជ័យនៅស្រុកអៃ លោកយ៉ូស្វេបានដឹកនាំទ័ពរបស់ខ្លួន យ៉ាងជោគជ័យ ក្នុងការប្រយុទ្ធនឹងក្រុងយេរីខូ ដោយសារពេលនោះ គាត់ដឹងថា ព្រះ មានផែនការឲ្យពួកគេលើកទ័ពវាយយកក្រុងនោះ។ ប៉ុន្តែ លោកយ៉ូស្វេមិនបានទូលសួរព្រះអម្ចាស់ មុនពេលលើកទ័ពចូលស្រុកអៃយឡើយ។ មុនពេលធ្វើសង្រ្គាមនៅក្រុងយេរីខូ ពួកប្រុសៗបានញែកខ្លួនជាបរិសុទ្ធ នៅចំពោះព្រះ(យ៉ូស្វេ ៥:២-៨)។ ប៉ុន្តែ ពួកទ័ពរបស់លោកយ៉ូស្វេមិនមានការរៀបចំខាងវិញ្ញាណ មុនពេលចូលវាយស្រុកអៃយឡើយ។ ហេតុនេះហើយ បានជាព្រះគម្ពីរបានបញ្ជាក់ថា មូលហេតុដែលពួកអ៊ីស្រាអែលទទួលបរាជ័យ គឺដោយសារពួកគេមានអំពើបាប នៅក្នុងបន្ទាយទ័ព។
កាលនោះ អេកានបានលួចរបឹបពីស្រុកយេរីខូមក(៧:១)។ ពួកគេមិនអាចប្រយុទ្ធឈ្នះស្រុកអៃយបានឡើយ បើសិនជាមិនមានការលន់តួបាប ហើយពួកបណ្តាជនបានសម្អាតខ្លួនឲ្យបរិសុទ្ធទេនោះ(៧:១៦-២៦)។ ក្រោយមក ព្រះទ្រង់ក៏បានប្រទាននូវផែនការសម្រាប់ទទួលជ័យជម្នះ(៨:១-៧)។
ដើម្បីទទួលជ័យជម្នះ នៅក្នុងសង្រ្គាមដែលយើងជួបប្រទះរាល់ថ្ងៃ យើងត្រូវលន់តួបាប ហើយរស់នៅក្នុងអំណាចដែលព្រះប្រទាន។—Dave Branon