ខ្ញុំចូលចិត្តនិពន្ធអត្ថបទក្នុងសៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ ទោះបីជាយ៉ាងណាក៏ដោយ ជួនកាល ខ្ញុំបាននិយាយប្រាប់មិត្តភ័ក្ររបស់ខ្ញុំ អំពីការពិបាក ដែលខ្ញុំមាន នៅក្នុងការនិពន្ធជាសង្ខេប អំពីប្រធានបទណាមួយ ដែលខ្ញុំចង់លើកមកនិយាយ ក្នុងទំព័រសៀវភៅដ៏តូចនោះ សម្រាប់ប្រកបជាមួយព្រះបន្ទូលប្រចាំថ្ងៃ។ ប្រសិនបើខ្ញុំអាចសរសេរលើស២២០ពាក្យ នៅក្នុងទំព័រសៀវភៅដ៏តូចនោះ នោះមិនដឹងជាប្រសើរយ៉ាងណាទេ។ ឆ្នាំនេះ ពេលដែលខ្ញុំអានកណ្ឌគម្ពីរម៉ាថាយ តាមកាលវិភាគនៃការអានព្រះគម្ពីរប្រចាំថ្ងៃ ខ្ញុំបានកត់សំគាល់ចំណុចដ៏សំខាន់មួយ ជាលើកទីមួយ។ ពេលដែលខ្ញុំអានអំពីបទគម្ពីរដែលចែង អំពីការដែលព្រះយេស៊ូវជួបការល្បួង(ម៉ាថាយ ៤:១-១១) ខ្ញុំសង្កេតឃើញថា សាច់រឿងនេះខ្លីទេ តែមានន័យណាស់។ លោកម៉ាថាយបានប្រើពាក្យតិចជាង២៥០ពាក្យ ក្នុងការកត់ត្រាអំពីព្រឹត្តិការណ៍មួយនេះ ដែលស្ថិតក្នុងចំណោមព្រឹត្តិការណ៍ដ៏សំខាន់បំផុត ដែលមានកត់ទុកក្នុងព្រះគម្ពីរបរិសុទ្ធ។ បន្ទាប់មក ខ្ញុំក៏បានគិត អំពីបទគម្ពីរខ្លីៗផ្សេងទៀត ដែលមានអំណាចផងដែរ គឺបទគម្ពីរទំនុកដំកើង ជំពូក២៣ (ដែលមាន១១៧ពាក្យ) និងបទគម្ពីរដែលនិយាយអំពីសេចក្តីអធិស្ឋាននៃព្រះអម្ចាស់ ក្នុងបទគម្ពីរម៉ាថាយ ៦:៩-១៣(ដែលមាន៦៦ពាក្យ)។
ការនេះបានបង្ហាញឲ្យខ្ញុំដឹងច្បាស់ថា ខ្ញុំមិនត្រូវការសរសេរពាក្យ ជាបន្ថែមឡើយ និយាយរួម ខ្ញុំគ្រាន់តែចាំបាច់ត្រូវប្រើពាក្យទាំងនោះ ឲ្យបានល្អប៉ុណ្ណោះ។ ការនេះបានបង្រៀនខ្ញុំថា យើងក៏ត្រូវប្រើផ្នែកដទៃទៀតនៃជីវិតរបស់យើង ឲ្យបានល្អផងដែរ ដូចជាការប្រើពេលវេលា ប្រាក់កាស និងទីកន្លែងដែលយើងមានជាដើម។ ព្រះគម្ពីរបានបញ្ជាក់ថា ព្រះទ្រង់បំពេញសេចក្តីត្រូវការរបស់អ្នក ដែលស្វែងរកនគរ និងសេចក្តីសុចរិតរបស់ទ្រង់ (ម៉ាថាយ ៦:៣៣)។ ស្តេចដាវីឌ ដែលជាអ្នកនិពន្ធទំនុកដំកើង ក៏បានលើកទឹកចិត្តយើងផងដែរថា “អស់អ្នកណាដែលស្វែងរកព្រះយេហូវ៉ា នោះនឹងមិនខ្វះអ្វីដែលល្អឡើយ”(ទំនុកដំកើង ៣៤:១០)។
បើថ្ងៃនេះ អ្នកកំពុងតែគិតថា “ខ្ញុំត្រូវការរបស់នេះ ឬរបស់នោះជាបន្ថែម តែបន្តិចប៉ុណ្ណោះ” នោះចូរពិចារណាអំពីលទ្ធភាពដែលព្រះអាចប្រទានដល់អ្នក “យ៉ាងគ្រប់គ្រាន់”។–Julie Ackerman Link