កាលកូនរបស់យើងនៅវ័យជំទង់ យើងបានពិភាក្សាគ្នា បន្ទាប់ពីកម្មវិធីជួបជុំរបស់យុវជនបានបញ្ចប់។ ខ្ញុំបានសួរពួកគេថា “តើកម្មវិធីយុវជនកាលពីល្ងាចមិញ សប្បាយទេ?” ពួកគេតបថា “គួរឲ្យធុញណាស់”។ ជាច្រើនសប្តាហ៍ក្រោយមក ខ្ញុំនៅតែឮពួកគេនិយាយពាក្យដដែល ដូចនេះខ្ញុំក៏បានសម្រេចចិត្តទៅមើលកម្មវិធីនោះ ដោយខ្លួនឯង។ ខ្ញុំក៏បានចូលទៅក្នុងកន្លែងហាត់កីឡា ដែលពួកយុវជនបានប្រើជាកន្លែងធ្វើកម្មវិធី ហើយខ្ញុំក៏បានមើលពួកគេ។ ខ្ញុំឃើញពួកគេចូលរួម ដោយមានការសើចសប្បាយ ការស្តាប់ ដូចនេះ ពួកគេកំពុងតែសប្បាយណាស់។ នៅពេលយប់នោះ តាមផ្លូវត្រឡប់មកផ្ទះវិញ ខ្ញុំបានសួរពួកគេអំពីកម្មវិធីល្ងាចនោះទៀត ហើយពួកគេនៅតែនិយាយដូចមុនថា “គួរឲ្យធុញណាស់”។ ខ្ញុំក៏តបពួកគេថា “ប៉ាក៏បាននៅទីនោះដែរ ប៉ាឃើញកូនសប្បាយខ្លាំងណាស់!” ពួកគេក៏ឆ្លើយថា “ប្រហែលជា ពេលនោះកម្មវិធីមិនសោះកក្រោះ ដូចសព្វដងទេចឹង”។
ខ្ញុំក៏បានទទួលស្គាល់ថា ពួកគេបានទទួលរងសម្ពាធពីមិត្តភ័ក្រ ហើយខ្លាចគេមើលមក មិនឃើញពួកគេមិនមានភាពសប្បាយរីករាយ បានជាពួកគេចេះតែបដិសេធថា ពួកគេមិនអរសប្បាយនឹងកម្មវិធីយុវជននោះឡើយ។ ដូចនេះ ខ្ញុំក៏ត្រូវសួរខ្លួនឯងផងដែរថា តើខ្ញុំខ្លាចគេមើលមក ឃើញខ្ញុំមានភាពអសប្បាយពេក ចំពោះការខាងវិញ្ញាណ ដូចពួកគេដែរឬ?
ជាការពិតណាស់ ក្នុងសកលលោកនេះ គ្មានអ្វីដែលសក្តិសមនឹងឲ្យយើងមានចិត្តក្លៀវក្លា ជាងការដែលបានដឹងថា ព្រះគ្រីស្ទជានរណា ហើយទ្រង់បានធ្វើការអ្វីខ្លះសម្រាប់យើងនោះឡើយ។ ព្រះយេស៊ូវបានមានបន្ទូលថា “ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង”(យ៉ូហាន ១០:១០)។ ការនេះគឺផ្ទុយនឹងភាពធុញទ្រាន់! ទោះជាយើងកំពុងស្ថិតក្នុងវ័យណាក៏ដោយ ក៏យើងនៅតែអាចអរសប្បាយនឹងអំណោយ ដែលព្រះសង្រ្គោះបានប្រទានដល់យើង។ អំណោយនោះ គឺជាសេចក្តីសង្រ្គោះ ដែលសមនឹងឲ្យយើងទទួលយ៉ាងត្រេកអរ។—Bill Crowder