នៅឯសន្និសិទបុរសគ្រីស្ទបរិស័ទ ខ្ញុំបានជជែកជាមួយមិត្តភ័ក្ររបស់ខ្ញុំ ឈ្មោះ ខ្លាយ(Clyde) ដែលបានលើកទឹកចិត្ត ហើយបង្រៀនខ្ញុំជាលក្ខណៈបុគ្គល អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គាត់បានមកចូលរួមសន្និសិទនេះជាមួយនឹងយុវជនពីរនាក់ មកពីប្រទេសចិន ដែលទើបតែទទួលជឿព្រះ ហើយមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តភាពដ៏ស្មោះត្រង់ និងជំនួយខាងវិញ្ញាណដែលគាត់បានផ្តល់ឲ្យពួកគេ។ គាត់មានអាយុជិត ៨០ឆ្នាំហើយ គាត់និយាយ ដោយទឹកមុខរីករាយថា “ខ្ញុំមិនដែលមានចិត្តរំភើបរីករាយ ដូចនៅពេលដែលខ្ញុំបានស្គាល់ និងស្រឡាញ់ព្រះគ្រីស្ទ ក្នុងពេលសព្វថ្ងៃឡើយ”។
សំបុត្រដែលសាវ័កប៉ុល បានសរសេរផ្ញើរទៅពួកជំនុំ នៅក្រុងភីលីព បានបង្ហាញនូវទឹកចិត្ត និងគោលបំណង ដែលមិនចេះអន់ថយ ទៅតាមពេលវេលា គឺដូចដែលគាត់បានមានប្រសាសន៍ថា “ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្តីស្លាប់ផង”(ភីលីព ៣:១០)។ ទំនាក់ទំនងដែលសាវ័កប៉ុលមាន ជាមួយព្រះយេស៊ូវ បានចាក់ឫស ហើយដុះចេញជាផលផ្លែនៃចិត្តឆេះឆួល នៅក្នុងការនាំអ្នកដទៃឲ្យទទួលជឿទ្រង់។ គាត់មានអំណរ នៅក្នុងការផ្សាយដំណឹងល្អ ហើយមានការលើកទឹកចិត្ត ពេលដែលអ្នកដទៃមានចិត្តក្លាហាន កាន់តែខ្លាំង ដោយសារការអ្វើដែលបានកើតឡើងចំពោះគាត់(១:១២-១៤)។
បើគោលដៅរបស់យើង គ្រាន់តែជាការធ្វើការងារបម្រើព្រះអម្ចាស់ នោះយើងអាចខ្សោះល្វើយ នៅក្នុងដំណើររបស់យើង។ តែបើសិនជាយើងមានគោលបំណង ចង់ស្គាល់ព្រះគ្រីស្ទ និងស្រឡាញ់ទ្រង់ឲ្យកាន់តែខ្លាំង ដូចសាវ័កប៉ុល និងលោកខ្លាយដែរ នោះយើងនឹងបានដឹងថា ទ្រង់នឹងឲ្យយើងមានកម្លាំងឡើង ដើម្បីប្រកាស់ប្រាប់អ្នកដទៃ ឲ្សស្គាល់ទ្រង់ដែរ។ សូមយើងបន្តមមុលទៅមុខ ដោយកម្លាំង ដែលព្រះបានប្រទានចុះ!–David McCasland