ពេលដែលខ្ញុំកំពុងធ្វើដំណើរ ជាមួយក្រុមចម្រៀង មកពីសាលាវិទ្យាល័យគ្រីស្ទបរិស័ទ ខ្ញុំមានចិត្តសប្បាយរីករាយណាស់ ដែលបានឃើញសិស្សសាលាទាំងនោះ សរសើរដំកើងព្រះ នៅក្នុងការដឹកនាំកម្មវិធីថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារ ដែលយើងបានមកធ្វើទស្សនៈកិច្ច។ តែមានការមួយ ដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៀត ដែលបានកើតឡើងនៅកន្លែង ដែលនៅមិនឆ្ងាយពីព្រះវិហារនោះ។ ថ្ងៃមួយ សិស្សសាលាមួយក្រុមនេះ បានដឹងថា ស្រ្តីម្នាក់មិនមានលុយចាក់សាំងឡានទេ ហើយព្រះក៏បានប៉ះពាល់ចិត្តពួកគេ ឲ្យរ៉ៃប្រាក់ដង្វាយ សម្រាប់ជួយនាង។ ពួកគេក៏ប្រមូលបានប្រាក់ ដែលល្មមនឹងឲ្យនាងចាក់សាំងឡាននាង បានដល់ពីរបីលើក។
ការថ្វាយបង្គំ និងសរសើរដំកើងព្រះ ក្នុងព្រះវិហារ គឺជារឿងដ៏សំខាន់ ទន្ទឹមនឹងនោះ ការចេញទៅពិភពពិតខាងក្រៅ ហើយថ្វាយបង្គំទ្រង់ តាមរយៈការស្តាប់បង្គាប់ជាប្រចាំថ្ងៃ ក៏ជារឿងសំខាន់ណាស់ដែរ។ គំរូដ៏ល្អរបស់សិស្សសាលាទាំងនោះ បានបណ្តាលចិត្តយើង ឲ្យគិតពិចារណាអំពីជីវិតរបស់យើង។ តើយើងថ្វាយបង្គំព្រះតែនៅក្នុងព្រះវិហារទេឬ? ពុំនោះទេ តើយើងបន្តថ្វាយបង្គំទ្រង់ នៅខាងក្រៅព្រះវិហារទៀត ដោយការស្តាប់បង្គាប់ទ្រង់ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង ដោយស្វែងរកឱកាសបម្រើទ្រង់ឬទេ?
ក្នុងបទគម្ពីរ ១សាំយ៉ូអែល១៥ យើងឃើញថា ព្រះអម្ចាស់បានឲ្យស្តេចសូលធ្វើកិច្ចការមួយ ប៉ុន្តែ ទ្រង់បានធ្វើខុស(ខ.២០-២១) ដោយប្រើការថ្វាយបង្គំ(ការថ្វាយយញ្ញបូជា) ជាលេស សម្រាប់បន្តធ្វើខុស ដោយមិនស្តាប់បង្គាប់ព្រះទៅវិញ។ ព្រះទ្រង់ក៏បានឆ្លើយតបថា “ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា”(ខ.២២)។
ការចូលរួមការថ្វាយបង្គំព្រះ នៅព្រះវិហារ គឺជាការប្រសើរណាស់ ប៉ុន្តែ សូមយើងអធិស្ឋានសូមឲ្យព្រះបង្ហាញយើង ពីរបៀបថ្វាយការសរសើរដ៏សក្តិសមចំពោះទ្រង់ តាមរយៈការស្តាប់បង្គាប់របស់យើងចុះ។–Dave Branon